Trending now

សង្គ្រាម​ពាណិជ្ជកម្ម ចលាចល​ហុងកុង​ធ្វើឲ្យ​ផ្សារហ៊ុន​ធ្លាក់ចុះ

16:28 | 14/08/2019 (ប្រភពៈ postkhmer)

តម្លៃ​ផ្សារហ៊ុន​នៅ​អាស៊ី​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​អង្គារ ដោយសារ​តែ​ភាពមិន​ច្បាស់លាស់​នៃ​ការចរចា​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ដែល​ត្រូវបាន​ហ៊ុមព័ទ្ធ​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​នៅ​ទីក្រុង​ហុងកុង និង​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​អាហ្សង់ទីន​។

វិនិយោគិន​ដើរកាត់​ផ្ទាំង​ដែល​បង្ហាញ​ពី​សន្ទស្សន៍​ផ្សារហ៊ុន​ដែល​កំពុង​ធ្លាក់ចុះ​នៅ​ទីក្រុង​ហុងកុង​។ (ប្រភព៖ AFP)

ទំនុក​ចិត្ត​វិនិយោគិន​ត្រូវបាន​ធ្លាក់ចុះ​នៅ​ខែ​នេះ​ដោយ​បញ្ហា​អវិជ្ជមាន​ធ្ងន់ធ្ងរ​នានា ទោះបី​វា​ត្រូវ​បាន​ប៉ះប៉ូវ​បន្តិចបន្តួច​ដោយ​ក្ដីសង្ឃឹម​សម្រាប់​វិធានការ​បន្ធូរបន្ថយ​របស់​ធនាគារ​កណ្ដាល​បន្ថែមទៀត​ក៏ដោយ​។

ការអត្ថាធិប្បាយ​របស់​លោក​ ដូណាល់ ត្រាំ ធ្វើ​ឲ្យ​ការចរចា​ពាណិជ្ជកម្ម​ដែល​គ្រោងទុក​នៅ​ខែ​ក្រោយ​ស្ថិតក្នុង​ការសង្ស័យ ព្រមទាំង​សេចក្ដី​សម្រេចចិត្ត​របស់​លោក​ក្នុង​ការ​បង្ហាញ​ពន្ធ​នាំចូល​បន្ថែម​លើ​ទំនិញ​របស់​ប្រទេស​ចិន​បាន​បង្ក​ឲ្យ​មានការ​ធ្លាក់ចុះ​តម្លៃ​ភាគហ៊ុន​កាលពី​សប្ដាហ៍​មុន ហើយ​ក្រុម​អ្នកវិភាគ​នៅ​ក្រុមហ៊ុន Goldman Sachs បាន​ឲ្យ​ដឹងថា ពួកគេ​មិន​រំពឹង​ថា​នឹង​មាន​កិច្ចព្រមព្រៀង​មួយ​មុនពេល​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​ ២០២០ ​នោះទេ​។

តំបន់​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ Wall Street ក៏​បាន​ព្រមាន​ពី​ការជាប់គាំង​នេះ​ថា​អាច​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​អាមេរិក ខណៈ​មូលបត្រ​បំណុល​របស់​ក្រសួង​ហិរញ្ញវត្ថុ​បាន​ធ្លាក់ចុះ​ជា​សញ្ញា​មួយ​នៃ​ការបារម្ភ​កាន់តែ​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​នេះ​។

សន្ទស្សន៍​សំខាន់ៗ​ទាំងអស់​ ៣ ​នៅ​តំបន់​ហិរញ្ញវត្ថុ Wall Street ត្រូវ​បាន​បញ្ចប់​ជាង​ ១ ​ភាគរយ​ទាប​ជាង​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ក៏មាន​ការខាតបង់​នៅ​អឺរ៉ុប ហើយ​មាស​ដែល​ជា​ទ្រព្យសកម្ម​ដ៏មាន​សុវត្ថិភាព​បាន​កើនឡើង​វិញ​ជាង ១ ៥០០ ​ដុល្លារ​ក្នុង​មួយ​អោន ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ប្រហែល​ ៦ ​ឆ្នាំនេះ​។

ភាពចលាចល​ដែល​កើនឡើង​នៅក្នុង​ទីក្រុង​ហុងកុង​ក៏​កំពុង​ខិត​កាន់តែ​ជិត​ដល់​ការឃ្លាំមើល​របស់​ក្រុម​វិនិយោគិន​ពិភពលោក ដោយសារ​តែ​ក្រុម​អ្នកតវ៉ា​ប្រឆាំង​បន្ត​ដល់​ខែ​ទី​ ៣ ដោយ​នៅក្នុង​ព្រលាន​យន្តហោះ​របស់​ទីក្រុង​នេះ ដែល​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ពិភពលោក​ដ៏សំខាន់​មួយ​បាន​លុបចោល​ជើង​ហោះហើរ​ទាំងអស់​ទាំង​ចេញ និង​ចូល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ដោយសារ​តែ​ក្រុមបាតុករ​រាប់ពាន់នាក់​បាន​ទៅកាន់​ទីនោះ​។

ការអភិវឌ្ឍ​គួរ​ឲ្យ​បារម្ភ

ក្រុម​អ្នកតវ៉ា​កំពុង​បង្កើន​សម្ពាធ​លើ​លោកស្រី Carrie Lam ជា​ប្រធាន​ប្រតិបត្តិ និង​បាន​បណ្ដាល​ឲ្យ​ទីក្រុង​ប៉េកាំង​ព្រមាន​ពី «​ការកើតឡើង​ភេរវកម្ម​»​។

លោក Stephen Innes ដៃគូ​គ្រប់គ្រង​នៅ​ក្រុមហ៊ុន VM Markets បាន​ថ្លែងថា​៖ «​ការព្រលយ​ពាក្យ​អក្សរ T (​ភេរវកម្ម​) កំពុង​រំខាន​ជាពិសេស ដោយសារ​តែ​វា​បង្ហាញ​ពី​ការឆ្លើយតប​របស់​ប្រទេស​ចិនដីគោក​កាន់តែ​ខ្លាំង​ឡើង ដែល​បាន​ជំរុញ​ឲ្យ​មាន​រលក​នៃ​ការមិន​ពេញចិត្ត​ហានិភ័យ​នៅក្នុង​ទីផ្សារ​ពិភពលោក​»​។

តម្លៃ​ផ្សារហ៊ុន ហុងកុង បាន​ធ្លាក់ចុះ​ជាង​ ២ ​ភាគរយ ខណៈ​តម្លៃ​ផ្សារហ៊ុន​ស៊ាងហៃ​បាន​ធ្លាក់ចុះ ០,៦ ​ភាគរយ​។

តម្លៃ​ផ្សារហ៊ុន​តូក្យូ​បាន​ធ្លាក់ចុះ​ជាង​ ១ ​ភាគរយ​ដោយសារ​តែ​ក្រុមហ៊ុន​នាំចេញ​ត្រូវបាន​រង​ផល​ប៉ះពាល់​ដោយ​ការប្រញាប់​ប្រញាល់​ទៅរក​ប្រាក់​យ៉េន​ដែល​មាន​សុវត្ថិភាព តម្លៃ​ផ្សារ​ហ៊ុន​ស៊ីដនី​បាន​ធ្លាក់​ចុះ​ ០,៣ ​ភាគរយ ផ្សារហ៊ុន​សេអ៊ូល​ធ្លាក់ចុះ​ ០,៩ ​ភាគរយ​​ និង​ផ្សារហ៊ុន​សិង្ហបុរី​ធ្លាក់​ចុះ​ ១ ​ភាគរយ​។

តម្លៃ​ផ្សារហ៊ុន​ម៉ានីល​បាន​ធ្លាក់ចុះ​ជិត​ ៣ ​ភាគរយ ខណៈ​មាន​ការខាតបង់​នៅក្នុង​ផ្សារហ៊ុន ម៉ុមបៃ ផ្សារហ៊ុន​ហ្សាការតា ផ្សារហ៊ុន​តៃប៉ិ ផ្សារហ៊ុន​បាងកក និង​ផ្សារហ៊ុន​វែល្លីងតុន​។

នៅក្នុង​ការជួញដូរ​ពេលព្រឹក​នៅ​ផ្សារហ៊ុន​ឡុងដ៍​បាន​ធ្លាក់ចុះ​ ០,១ ​ភាគរយ ខណៈ​ផ្សារហ៊ុន​ហ្វ្រេងហ្វឺត និង​ផ្សារហ៊ុន​ប៉ារីស បាន​ធ្លាក់ចុះ ០,៣ ​ភាគរយ​។

លោក Michael Hewson ប្រធាន​ផ្នែក​វិភាគ​ទីផ្សារ​នៅក្នុង​ក្រុមហ៊ុន CMC Markets UK បាន​ឲ្យ​ដឹងថា បញ្ហា​ពិភពលោក​ចាប់ពី​ការជាប់គាំង​ផ្នែក​ពាណិជ្ជកម្ម និង​ Brexit ដល់​ភាព​ចលាចល​ទីក្រុង​ហុងកុង និង​ភាពតានតឹង​នៅ​មជ្ឈិមបូព៌ា​អាច​ប៉ះពាល់​ដល់​ទីផ្សារ​ទាំងនោះ​៕

(ប្រភពៈ postkhmer)

(ប្រភពៈ postkhmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤