Trending now

វិហារ Notre-Dame ដួងព្រលឹង​នៃប្រជាជាតិបារាំងខ្ទេចខ្ទាំ​ដោយសារ​ភ្លើង​ឆេះ​

09:54 | 16/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - វិហារ​បុរាណមជ្ឈិមសម័យ Notre-Dame ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ព្រលឹង​នៃ​ប្រជាជាតិ​បារាំង​រង​ការឆាបឆេះ​ជា​ដំណំ​នៅ​ថ្ងៃ​ចន្ទ​ទី ១៥​ខែមេសា​។ កា​រខូចខាតដ៏ធំនេះ​ក្លាយ​ជាការ​ទុក្ខសោក​ដ៏​ធំធេង​របស់​ប្រជាជាតិ​បារាំង ហើយ​មេដឹកនាំ​ពិភពលោក​ក៏បានបង្ហាញ​ការសោកស្តាយ​ផងដែរ​។​ គេមិនទាន់បានដឹងមូលហេតុពិតប្រាកដដែល​បណ្តាលឲ្យមានភ្លើងឆាបឆេះនៅឡើយទេ។

រូបថតៈ CNN

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP យប់​ថ្ងៃ​ចន្ទ ប្រជាជាតិ​ក្រុងប៉ារីស​រាប់ពាន់នាក់​ប្រមូលផ្តុំ​គ្នា​តាម​ដងផ្លូវ​សំឡឹងមើល​អាគារ Notre Dame ដែល​កំពុង​ឆាបឆេះ​ទាំង​សោកសៅ និង​មាន​ខ្លះ​ស្រក់​ទឹកភ្នែក ដោយ​គិតថា សំណង់​ដ៏​ចំណាស់​នេះ​ប្រហែលជា​មានតែ​នៅក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ពី​អំណឹះ​នេះ​តទៅ​។​

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ​អាជ្ញាធរ​បារាំង​បាន​អះអាងថា ភ្លើង​ដែល​ឆាបឆេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ទាំងស្រុង ហើយ​វត្ថុ​បុរាណ​មានតម្លៃ​ជាច្រើន​ត្រូវបាន​សង្គ្រោះ​ផុតពី​គ្រោះថ្នាក់​ដែរ​។​

ដោយឡែក ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ទៅពិនិត្យ​ទីតាំង​កើតហេតុ​ផ្ទាល់ និង​បាន​ថ្លែង​ទាំង​អារម្មណ៍​សោកស្តាយ​ដូច្នេះ​៖ «​វា​ជា​ប្រវត្តិសាស្ត្រ ជា​អក្សរសាស្ត្រ និង​ជាប្រឌិតញាណ​របស់យើង ហើយក​ជា​កន្លែង​ដែល​យើង​ទទួលបានបទពិសោធន៍​ដ៏​អស្ចារ្យ​ដែរ​»​។ ហើយ​មេ​ដឹ​នាំ​បារាំង​រូបនេះ​ក៏បាន​សន្យា​រៀបចំ​កម្មវិធី​រ៉ៃ​អង្គាស​ថវិកា​អន្តរជាតិ​ដើម្បី​កសាង​វិហា​នេះ​ឡើងវិញ​ដែរ​។​

​តាមពិតទៅ Notre Dame ជា​សំណង់​ដ៏​ចំណាស់​បំផុត​មួយ​នៅ​បារាំង ដោយ​ត្រូវបាន​សាងសង់ឡើង​ដំបូង​ចុង​សតវត្ស​ទី ១២ ខណៈដែល​អ្នកប្រវត្តិសាស្ត្រ​ភាគច្រើន​ចាត់ទុក​ឆ្នាំ ១១៦៣ ជា​ឆ្នាំ​ដែល​ចាប់ផ្តើម​សាងសង់ និងបញ្ចប់ជាស្ថាពរនៅ​ឆ្នាំ ១៣៤៥។ នៅ​សវ​ត្ស​ទី ១៩ កំពូល​កណ្តាល​របស់​វិហារ​នេះ​ត្រូវបាន​សង់​ឡើង​ក្រោម​គម្រោង​ស្ដារឡើងវិញ​ដោយ​ការជំរុញ​ពី​រឿង​ប្រលោមលោក​របស់លោក Victor Hugo « The Hunchback of Notre-Dame» ក្នុង​ឆ្នាំ ១៨៣១​។​

​សំណង់​នេះ​ក៏​ធ្លាប់មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង និង​ធ្លាប់ជា​ទីតាំង​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង​កន្លងមក​ផង​។ ​ជា​ឧទាហរណ៍ Notre Dame ធ្លាប់ជា​ទីតាំង​ដែល​ព្រះ​ចៅ​ណាប៉ូឡេអុង បា​ណា​ប៉ាត ប្រារព្ធ​ពិធី​ឡើង​គ្រងរាជ្យ​ជា​ចៅ​អធិរាជ​បារាំង​ថែមទៀត​។​

រូបថតៈ CNBC News

​ថ្ងៃ ២៤ ខែសីហា វា​ជា​កន្លែង​ប្រកាស​ពី​ការរំដោះ​ទីក្រុង​ពី​ពួក​ណា​ស៊ី​អាល្លឺម៉ង់ និង​បញ្ចប់​សករាជ​ដ៏​ខ្មៅ​ងងឹត​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាល្លឺម៉ង់​ជំនាន់​សង្គ្រាមលោកលើកទី​ពីរ​ដែរ​។ ក្នុង​រយៈពេល ២៦ ឆ្នាំ​ក្រោយមក Notre Dame ក្លាយជា​ទីកន្លែង​ប្រារព្ធ​បុណ្យសព ប្រធានាធិបតី Charles de Gaulle ដែលជា​ពិធី​ដ៏​កម្រ​ដើម្បី​ឧទ្ទិស និង​រំលឹក​គុណ​ដល់​មេដឹកនាំ​ដែល​ដឹកនាំ​បារាំង​ក្នុងសម័យ​សង្គ្រាម​។​

មកដល់បច្ចុប្បន្ន អ្នកទេសចរ និងអ្នកមានជំនឿលើគ្រឹស្តសាសនានិកាយរ៉ូម៉ាំងកូតូលិក​ប្រហែលជា ១៤ លាន​នាក់ទៅទស្សនា​វិហារ Notre-Dame រៀងរាលឆ្នាំផងដែរ។

ដោយឡែក ក្រោយ​ការឆាបឆេះ​នេះ ប្រជាជនទូទាំង​ពិភពលោក និង មេដឹកនាំ​ជាច្រើន​នាក់​បានបង្ហាញ​ការសោកស្តាយ​និងបួងសួងចំពោះខូចខាតដ៏​ធំធេង​នៃមរតកប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ​បារាំង​នៅពេលនេះ​ ។ ប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោក Donald Tusk បានបង្ហាញសាមគ្គីភាពជាមួយ​ប្រជាជនបារាំងដែល​កំពុងប្រឈមនឹងទុក្ខសោកដែរ។ ប្រជាធិបតីអាមេរិកបច្ចុប្បន្នលោក ដូណាល់ ត្រាំ បានបង្ហាញអារម្មណ៍សោកស្តាយ​ចំពោះការខូចខាតធនធានដ៏អស្ចារ្យបំផុតមួយ និងជាផ្នែកមួយនៃជីវិត និងវប្បធម៌របស់មនុស្សជាតិ។

ចំណែកអតីតប្រធានាធិបតីអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បង្ហាញ​សារ​សោក​ស្តាយ និងចូលរួម​​រំលែក​ទុក្ខសោកចំពោះ​ការខាតបង់នៃប្រវត្តិសាស្ត្ររបស់​ប្រជាជាតិបារាំងដែរ​។ ឯសម្តេច ប៉ាប ហ្វ្រង់ស៊ីស នៃបុរីវ៉ាទីកង់ឯណោះវិញភ្ញាក់ផ្អើលខ្លាំង និងមានអារម្មណ៍សោកសង្រែងចំពោះ​ការដំណឹងដ៏សោកសៅនៃការឆាបឆេះវិហារដែលមាន​ប្រវត្តិសាស្ត្រដ៏យូរលង់នេះដូចគ្នា៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤