លោក នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ (Mahathir Mohamad ) បានថ្វាយលិខិតសុំចុះចេញពីតំណែងលោកទៅកាន់មហាក្សត្រម៉ាឡេស៊ី។ ទង្វើដ៏ភ្ញាក់ផ្អើលនេះ កើតឡើងក្រោយចុងសប្តាហ៍នៃភាពស្រពិចស្រពិលថា រដ្ឋាភិបាលថ្មីមួយ នឹងត្រូវបង្កើតឡើងដើម្បីជំនួសសម្ព័ន្ធភាពកាន់អំណាច Pakatan Harapan ។ លិខិតលាលែងនេះ ត្រូវបានបញ្ជូនទៅកាន់វិមានជាតិម៉ាឡេស៊ីហើយ។
លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ (Mahathir Mohamad ) (រូបថត៖ Freshnews)
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ បានប្រកាសពីការលាលែងតំណែងនេះ កាលពីរសៀលថ្ងៃចន្ទ ២៤ ខែកុម្ភៈ ។ នេះគឺជាការបើកផ្លូវសម្រាប់លទ្ធភាពនៃការបង្កើតរដ្ឋាភិបាលថ្មីមួយ។
ការសម្រេចចិត្តរបស់លោក មហាធៀ កើតឡើងក្រោយពីមានភាពរំជើបរំជួលផ្នែកនយោបាយក្នុងសម្ព័ន្ធភាពកាន់អំណាច Pakatan Harapan ។ នៅថ្ងៃទី២៣ ខែកុម្ភៈ លោក មហាធៀ បានជួបជាមួយតំណាងបក្សមួយចំនួនដែលមានសំឡេងក្នុងសភា រាប់ទាំងតំណាងបក្សរួបរួមម៉ាឡេស៊ី (UMNO) ដែលជាបក្សប្រឆាំងផង។ អ្វីដែលគេមើលឃើញនោះ គឺលោក មហាធៀ ចង់ប្រមូលសំឡេងក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដែលមិនបញ្ចូលបក្សរបស់លោក Anwar Ibrahim ។ យ៉ាងណាមិញ មហាក្សត្រម៉ាឡេស៊ី ក៏មានព្រះរាជសិទ្ធិបដិសេធការសុំលាលែងនេះ ហើយលោក មហាធៀ បន្តធ្វើនាយករដ្ឋមន្ត្រីដដែល។
ភាពល្អក់កកររវាងលោក មហាធៀ និងគូប្រជែងចាស់ គឺលោក Anwar មានឥទ្ធិពលលើនយោបាយម៉ាឡេស៊ីរាប់ទសវត្សន៍ ហើយភាពតានតឹងចេះតែបន្ត ទោះបីជាសម្ព័ន្ធភាពពួកគេបានឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០១៨។ ពាក្យសន្យាក្រោយជ័យជម្នះមួយថា មហាធៀ ថ្ងៃណាមួយ នឹងផ្ទេរអំណាចដល់លោក Anwar ក្លាយជាស្រមោលតាមពីក្រោយលោក មហាធៀ ព្រោះអ្នកគាំទ្រលោក Anwar ចង់ឲ្យលោកផ្ទេតំណែងឲ្យបានឆាប់។
(ប្រភពព័ត៌មាន: thmeythmey.com)
មតិពីមិត្តអ្នកអាន