Trending now

រដ្ឋមន្ត្រីការពារជាតិអាមេរិកបង្ហើបមូលហេតុលាឈប់ពីដំណែង

13:05 | 21/12/2018 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - សេចក្តីជូនដំណឹងស្តីពី រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis នឹងលាលែងពីដំណែងនា ដំណាច់ខែកុម្ភៈឆ្នាំ ២០១៩ ខាងមុខនេះ ត្រូវបានប្រកាសគ្រាន់តែមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើឲ្យសាធារណមតិពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមានការសម្រេចដកកងទ័ពចេញពីស៊ីរី។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ដាក់ពាក្យសួមលាលែងពីដំណែងដោយសារខ្វែងគំនិតជាមួយប្រធានាធិបតីលោក Donald TRump (រូបថតៈ AFP/Getty Images )

យោងតាមកាសែត Washington Post រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mattis បានដាក់ពាក្យលាលែងពីតំណែងបន្ទាប់ពីមានការខ្វែងគំនិតជាមួយ ប្រធានាធិបតី លោក Donald Trump ទាក់ទងនឹងការដកកងទ័ពចេញពីប្រទេសស៊ីរី។ ថ្លែងនៅក្នុងលិខិតលាលែងនេះ​ ប្រមុខក្រសួងការពារជាតិអាមេរិកបានសម្តែងនូវក្តីសង្ឃឹមថាលោកប្រធានាធិបតី Trump នឹងស្វែងរកបានអ្នកជំនួសដោយមាន “ទស្សនវិស័យស្រដៀង” ជាមួយលោកជាង។

មុននេះ ជាមួយនឹងសេចក្ដីសម្រេចដកកងទ័ពទាំងអស់ចេញពីប្រទេសស៊ីរីដែលធ្វើឱ្យក្រុមសម្ព័ន្ធមិត្តរបស់លោកមានការភ្ញាក់ផ្អើលនោះ លោកប្រធានាធិបតី Trump ត្រូវបានគេចោទប្រកាន់ថា មិនអើពើដល់មតិយោបល់ពីប្រឹក្សាផ្ទាល់ខ្លួន ក្នុងនោះមានទាំងរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mattis តែម្តង។

ប្រធានាធិបតី លោក Trump បានប្រកាសហេតុផលសម្រាប់ការដកទ័ពនេះគឺដោយសារជ័យជម្នះចំពោះអង្គការភេរវកររដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ដោយមិនអើពើដល់មតិរបស់មន្ទីរបញ្ចកោណនិងក្រសួងការបរទេសជាច្រើនខែមកហើយថា សង្គ្រាមប្រឆាំងនឹងក្រុមភេរវករមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ នៅក្នុងការិយាល័យ Oval នៅថ្ងៃទី ២០ ខែធ្នូ រដ្ឋមន្ត្រី លោក Mattis បានព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីមិនឱ្យដកកងទ័ពចេញ ប៉ុន្តែសំណើនេះត្រូវបានបដិសេធ។

លិខិត​របស់លោក​ Mattis បានបង្ហា​ញ​ថា លោក​មិន​យល់ស្រប​នឹង​គោលនយោបាយ​ឯកោ​និយម​របស់​ លោក Trump ដោយ​វា​បាន​បញ្ជាក់ថា​អាមេរិក​ត្រូវការ​រក្សា​សម្ពន្ធភាព​រឹងមាំ​និង​បង្ហាញ​​ការគោរព​ចំពោះ​សម្ពន្ធមិត្ត​។​ ហើយលោក​ Trump ​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ជាច្រើន​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​កាលពី​ខែមករា​ឆ្នាំ​២០១៧​។​

​ក្រោយ​ក្រសួងការពារជាតិ​បញ្ចេញ​លិខិត​នេះ​ភ្លាម ប្រធានាធិបតី លោក Trump ​បាន​សរសេរ​បង្ហោះ​វិញ​ភ្លែត​ថា លោក​នឹង​តែងតាំង​មនុស្ស​ចូល​ជំនួស​តំណែង​នេះ​ក្នុងពេល​ឆាប់ៗ​។ ​លោក​បាន​​សរសេរ​បង្ហោះ​ក្នុង Twitter ​ដូច្នេះ​ថា​ “ឧ​ត្ត​ម​សេនីយ៍ Mattis នឹង​ចូលនិវត្តន៍​នៅ​ដំណាច់​ខែកុម្ភៈក្រោយពី​បាន​បំរើ​ក្នុង​រដ្ឋការ​របស់ខ្ញុំ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​អស់​ពេល​២​ឆ្នាំ​មក​​នេះ​”៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤