Trending now

ខណៈភ្លើងកំពុងឆេះព្រៃ Amazon ដ៏គួរឲ្យព្រួយបារម្ភបំផុតនោះ មេដឹកនាំប្រេស៊ីលឆ្លៀតប្រាប់បរទេស កុំឲ្យលូកដៃ និងរិះគន់ខុសបែបបទ

14:09 | 23/08/2019 (ប្រភព៖ FreshNews ហេង វុធ្ធីសរុប)

ខណៈអន្តរជាតិនាំគ្នារិះគន់បញ្ហាភ្លើងឆេះព្រៃក្នុងតំបន់អាម៉ាហ្សូន ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានទទួលស្គាល់ថា ក្រុមកសិករមួយចំនួនអាចជាអ្នកបង្កឱ្យមានភ្លើងឆេះ នៅក្នុងតំបន់ព្រៃទាក់ទាញទឹកភ្លៀង ដ៏ធំបំផុតមួយនៅលើពិភពលោកមួយនេះ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកបានប្រាប់កុំឱ្យបរទេសលូកដៃចូលរឿងនេះឱ្យសោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។

ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) (រូបថត៖ FN)

ប្រតិកម្មរបស់លោក Jair Bolsonaro ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងវីដេអូមួយផ្សាយបន្តផ្ទាល់លើ Facebook បន្ទាប់ពីប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (António Guterres) បានបង្ហាញក្ដីព្រួយបារម្ភ និងរិះគន់ចំពោះបញ្ហាភ្លើងឆេះព្រៃក្នុងតំបន់អាម៉ាហ្សូន ដោយចាត់ទុកថាវាគឺ «វិបត្តិមួយសម្រាប់អន្តរជាតិទាំងមូល»។

លោក Bolsonaro បានលើកឡើងដូច្នេះថា «ប្រទេសមួយចំនួនផ្ញើលុយមកកាន់ទីនេះ មិនមែនដើម្បីបុព្វហេតុមនុស្សធម៌ឡើយ... ប៉ុន្តែពួកគេផ្ញើលុយមកកាន់ទីនេះ ដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់យើងតែប៉ុណ្ណោះ ហើយខ្ញុំក៏ចង់សួរអ្នកទាំងអស់គ្នាដែរថា បើសិនជាអ្នកវិញតើអ្នកនឹងដោះស្រាយ បញ្ហាភ្លើងឆេះព្រៃនេះដូចម្ដេច? ខណៈអ្នកដឹងហើយថា អាម៉ាហ្សូន មានទំហំធំជាងអឺរ៉ុបទៅទៀត»

គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានជាតិសម្រាប់ការសិក្សាស្រាវជ្រាវទីអវកាស (INPE) មានភ្លើងឆេះព្រៃរហូតដល់ទៅ ៧២,៨៤៣ កន្លែង បានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩ នេះហើយក្នុងចំណោមនោះ ច្រើនជាងពាក់កណ្ដាល គឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។ អាត្រានេះបានកើនឡើងជាង ៨៣ភាគរយឯណោះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ភ្លើងកំពុងឆាបឆេះព្រៃ Amazon (រូបថត៖ FN)

ដោយឡែក ក្រុមអង្គការសង្គមស៊ីវិលផ្នែកការពារបរិស្ថាននៅក្នុងប្រទេសប្រេស៊ីល បានទម្លាក់ការទទួលខុសត្រូវនៃបញ្ហាភ្លើងឆេះព្រៃ ទៅលើប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដោយចោទថា លោកមានភាពធូររលង់ក្នុងការគ្រប់គ្រងព្រៃឈើ ហើយទាំងលើកទឹកចិត្តឱ្យមានការកាប់បំផ្លាញព្រៃទៀតផង តាមរយៈគំរោងបើកដៃធ្វើអាជីកម្មក្នុងតំបន់ព្រៃអាម៉ាហ្សូន។

ប៉ុន្តែលោក Bolsonaro បានចោទប្រកាន់បកវិញថា ភ្លើងឆេះព្រៃនៅក្នុងតំបន់អាម៉ាហ្សូន អាចបណ្ដាលមកពីក្រុមអង្គការសង្គមស៊ីវិលការពារបរិស្ថាន គឺជាអ្នកដុតដោយចេតនា ដើម្បីឱ្យអន្តរជាតិរិះគន់រដ្ឋាភិបាលរបស់លោក។

ភ្លើងកំពុងឆាបឆេះព្រៃ Amazon (រូបថត៖ FN)

លើសពីនេះទៅទៀត ប្រធានាធិបតីប្រេស៊ីលរូបនេះក៏បានបណ្ដេញនាយកវិទ្យាស្ថាន INPE ចេញពីតំណែងផងដែរ បន្ទាប់ពីចុះផ្សាយរបាយការណ៍ថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់អាម៉ាហ្សូនមានអាត្រាដល់ទៅ ៨៨ភាគរយក្នុងខែមិថុនាកន្លងទៅ ដែលលោក Bolsonaro ផ្ទាល់អះអាងថា ជារបាយការណ៍កុហក។

ព្រៃអាម៉ាហ្សូនត្រូវបានគេចាត់ទុកថា «សួតរបស់ផែនដី» ដោយវាផលិតខ្យល់អុកស៊ីហ្សែន ២០ភាគរយ នៅក្នុងបរិយាកាសផែនដីទាំងមូល និងជាព្រៃទាក់ទាញទឹកភ្លៀងដ៏សំខាន់មួយ នៅលើពិភពលោក។ ដូច្នេះហើយ ទើបក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន ព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាភ្លើងឆេះព្រៃ និងការកាប់បំផ្លាញព្រៃឈើអាម៉ាហ្សូន ដ្បិតវាអាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធ ប្រឆាំងនឹងការឡើងកម្ដៅផែនដី៕

(ប្រភព៖ FreshNews ហេង វុធ្ធីសរុប)

(ប្រភព៖ FreshNews ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤