Trending now

វៀតណាមដើរតួនាទីយ៉ាងសកម្មក្នុងការកសាងអាស៊ាន

18:45 | 18/11/2019 (យោងតាម hanoitimes.vn បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - មុននេះ ២៤ ឆ្នាំ ចាប់តាំងពីបានចូលរួមជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មក វៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងអាស៊ានឱ្យក្លាយជាប្លុកមួយដ៏រឹងមាំនិងឯកភាព។

វៀតណាមបានចូលរួមចំណែកយ៉ាងសកម្មដល់ប្លុកដែលមានសមាជិកចំនួន ១០ ប្រទេស (រូបថត៖ VNA)

អាចនិយាយបានថា ចាប់តាំងពីបានចូលរួមក្នុងប្លុកនេះ កាលពីខែកក្កដាឆ្នាំ ១៩៩៥ មក តួនាទីរបស់វៀតណាមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានកើនឡើងខ្ពស់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងអន្តរជាតិ។

អ្នកស្រាវជ្រាវលោក Sadhavi Chauhan នៃអង្គការ Observer Research Foundation បានមានប្រសាសន៍ថា ក្នុងនាមជាសមាជិកអាស៊ាន ប្រទេសវៀតណាមបានខិតខំយ៉ាងខ្លាំងដើម្បីធានាសន្តិភាពនិងការផ្សះផ្សា ក្នុងចំណោមបណ្តាប្រទេសនៃសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលធ្លាប់រង់ការបែកបាក់គ្នាយ៉ាងខ្លាំងដោយសារសង្គ្រាម។ រាល់ការរួមវិភាគទានរបស់វៀតណាមចំពោះអាស៊ាន ដែលលេចធ្លោបំផុតគឺវិស័យនយោបាយនិងសេដ្ឋកិច្ច។

នយោបាយ

វៀតណាមគឺជាប្រទេសឥណ្ឌូចិនដំបូងគេដែលបានចូលរួមក្នុងអាស៊ាន ហើយប្រការនេះបានជួយបញ្ចប់ការប្រឈមមុខដាក់គ្នារវាងឥណ្ឌូចិននិងអាស៊ាន។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានរួមចំណែកជាវិជ្ជមាន ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងអាស៊ាននិងដៃគូក្រៅតំបន់ រួមមានចិន រុស្ស៊ី ឥណ្ឌានិងសហភាពអឺរ៉ុបទៀតផង។

វៀតណាមតែងតែដើរឈានមុខគេ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីធានាសន្តិសុខក្នុងតំបន់។ បន្ទាប់ពីបានក្លាយទៅជាសមាជិកអាស៊ានមក វៀតណាមបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍ដោយគ្មានអាវុធនុយ ក្លេអ៊ែរ (SEANWFZ) និងជាសមាជិកស្ថាបនិកនៃវេទិកាតំបន់អាស៊ាន។

មេដឹកនាំនៃបណ្តាប្រទេសអាស៊ានក្នុងកិច្ចប្រជុំកំពូលនាឆ្នាំ ២០១៩ (រូបថតៈ VNA)

ការចូលរួមចំណែកយ៉ាងសកម្មនិងម្ចាស់ការបំផុតរបស់វៀតណាម ចំពោះស្ថិរភាពក្នុងតំបន់ គឺការដោះស្រាយរាល់ជម្លោះនៅសមុទ្រខាងកើត។ ពោលគឺ ក្នុងនាមជាភាគីពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះនោះ វៀតណាមរួមជាមួយហ្វីលីពីន បានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីដាក់បញ្ចូលបញ្ហាសមុទ្រខាងកើតទៅក្នុងរបៀបវារៈរបស់អាស៊ាន ដោយធានាថា ជម្លោះត្រូវបានដោះស្រាយតាមលក្ខណៈស្ថាបនា។

វៀតណាមគាំទ្រជានិច្ច សេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងគោលការណ៍ ៦ ចំណុចរបស់អាស៊ាន ស្តីពីសមុទ្រខាងកើត ព្រមទាំងឈានដល់អនុម័តលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើតយ៉ាងឆាប់ៗ ផងដែរ។ លើសពីនេះទៅទៀត វៀតណាមបានអំពាវនាវឱ្យមានការដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS), ក្នុងនោះរួមមានបទប្បញ្ញត្តិដែលគោរពតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្រនៃប្រទេសឆ្នេរសមុទ្រផងដែរ។

យោងតាមអ្នកកាសែតជើងចាស់ថៃ Kavi Chongkittavorn បានឱ្យដឹងថា ប្រទេសវៀតណាមកំពុងត្រៀមខ្លួនរួចជាស្រេច ធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០។ តាមរយៈប្រធានបទសម្រាប់របៀបវារៈអាស៊ានឆ្នាំ ២០២០ គឺ“អាស៊ានផ្សារភ្ជាប់និងមានការទទួលខុសត្រូវ” វៀតណាមជឿជាក់ថា នឹងអាចរក្សាបានតួនាទីជាមជ្ឈភាពរបស់អាស៊ានជាក់ជាពុំខាន។

ទន្ទឹមនឹងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២០ នោះ វៀតណាមក៏នឹងកាន់តួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ (ហើយនេះជាអាណត្តិទី ២ បន្ទាប់ពីអាណត្តិទី ១ នៃឆ្នាំ ២០០៨-២០០៩)។

សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មរវាងវៀតណាម - អាស៊ាន នៅឆ្នាំ ១៩៩៦-២០១៨ (ប្រភព៖ គេហទំព័ររដ្ឋាភិបាលវៀតណាម)

យោងតាមគេហទំព័រនៃរដ្ឋាភិបាលវៀតណាមថា ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងអាស៊ានបានកើនឡើងពី ៥,៩ ពាន់លានដុល្លារក្នុងឆ្នាំ ១៩៩៦ ដល់ ៥៦,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៨។ យ៉ាងណាមិញ ថ្នាក់ដឹកនាំវៀតណាមក៏បានជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ផងដែរ។

យោងតាមអ្នកស្រាវជ្រាវ Sadhavi Chauhan បាននិយាយថា ក្នុងផែនការសកម្មភាពហាណូយ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៦ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ (នៃប្រទេសវៀតណាម) កាលពីឆ្នាំ ១៩៩៨, វៀតណាមបានផ្តល់នូវគំនិតនិងយោបល់ដើម្បីបង្រួញគម្លាតនៃការអភិវឌ្ឍក្នុងតំបន់ ព្រមទាំងលើកត្រដែតពីដំណោះស្រាយជាក់លាក់ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចងាយរងគ្រោះក្នុងតំបន់។

នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៣៤ (AMM, ២០០១), ជាមួយនឹងការដែល វៀតណាមបានកាន់ដំណែងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន (ASC) នោះ អាស៊ានបានពិនិត្យនិងអនុម័តលើសេចក្តីថ្លែងការណ៍ហាណូយ ស្តីពីការបង្រួញគម្លាតអភិវឌ្ឍន៍។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការនាំប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមចូលទៅក្នុងលំហូរសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ាន និងកំណត់នូវវិស័យអាទិភាពចំនួន ៤ នៃកំណែទម្រង់សេដ្ឋកិច្ច គឺហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មាននិងគមនាគមន៍ ការអភិវឌ្ឍបច្ចេកវិទ្យានិងប្រភពធនធានមនុស្ស រួមទាំងធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ ២០១៥ នោះ វៀតណាមក៏បានអនុវត្តការផ្លាស់ប្តូរក្នុងស្រុកដើម្បីធ្វើសមាហរណកម្មទៅក្នុងប្លុកនេះ។ ពោលគឺ វៀតណាមបានរៀបចំឡើងវិញ រចនាសម្ព័ន្ធរដ្ឋបាលរបស់ខ្លួនជាបណ្តើរៗ ស្របតាមសេដ្ឋកិច្ចទីផ្សារ។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និងសមភាគីថៃលោក Don Pramudwinai នៅក្នុងកិច្ចប្រជុំមួយនៅប្រទេសថៃឆ្នាំ ២០១៨ (រូបថត៖ Bangkokpost)

រយៈពេលមួយឆ្នាំ បន្ទាប់ពីបានចូលរួមក្នុងអាស៊ាន វៀតណាមបានរៀបចំឡើងវិញនូវក្បាលម៉ាស៊ីមរដ្ឋនិងបានបង្កើតគណៈកម្មាធិការជាតិទទួលបន្ទុកអាស៊ាន ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តីមួយរូប។ ទីភ្នាក់ងារនេះ ទទួលខុសត្រូវក្នុងការសម្របសម្រួលអង្គការទាំងអស់ដែលមានទំនាក់ទំនងជាមួយអាស៊ានឬទីភ្នាក់ងារដែលពាក់ព័ន្ធ។ ម្យ៉ាងវិញទៀត វៀតណាមក៏បានបង្កើតនាយកដ្ឋានអាស៊ានមួយ ដែលស្ថិតនៅក្រោមក្រសួងការបរទេសផងដែរ។

និយាយខាងសេដ្ឋកិច្ចវៀតណាមវិញ គឺពោរពេញទៅដោយសុទិដ្ឋិនិយ។ ក្នុងនាមជាប្រទេសមួយដែលទទួលបានផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មអាមេរិក - ចិននោះ វៀតណាមកំពុងប្រើប្រាស់ឱកាសនេះ ដើម្បីបន្តធ្វើកំណែទម្រង់បន្ថែមទៀត ដោយធានាថា ការផ្លាស់ប្តូរថ្មីនៃខ្សែសង្វាក់តម្លៃពិភពលោកនឹងរួមបញ្ចូលទាំងវៀតណាមតែម្តង។

យ៉ាងណាមិញ GNP សម្រាប់មនុស្សម្នាក់បច្ចុប្បន្នសម្រេចបានប្រមាណ ២.៧០០ ដុល្លារអាមេរិក ខណៈដែលនៅឆ្នាំ ១៩៨៦ សម្រេចបានប្រហែល ១០០ ដុល្លារប៉ុណ្ណោះ។ តួរលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខនេះ។

បច្ចុប្បន្ននេះ វៀតណាមគឺជាសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីច្រើនបំផុតនៅលើពិភពលោក ដោយកិច្ចព្រមព្រៀងសរុបចំនួន ១៧។ កិច្ចព្រមព្រៀងចុងក្រោយបំផុត គឺជាមួយសហភាពអឺរ៉ុប ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយ កាលពីខែមិថុនាឆ្នាំ ២០១៩។

ហេតុដូច្នេះ វិនិយោគិនបរទេសកំពុងផ្តោតការយកចិត្តទុកដាក់វិនិយោគនៅវៀតណាមដើម្បីទាញ យកផលប្រយោជន៍ពីសមាជិកភាពនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងសន្ធិសញ្ញាផ្សេងទៀតរបស់វៀតណាម។

រហូតមកដល់ពេលនេះ វៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧

យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយពីធនាគារអភិវឌ្ឍន៍អាស៊ីថា ក្នុងបរិបទសង្គ្រាមអាមេរិក - ចិនដែលពិបាកព្យាកណ៍នោះ ការនាំចេញរបស់វៀតណាមមានការកើនឡើងគួរឱ្យកត់សម្គាល់នៅឆមាសទីមួយនៃឆ្នាំនេះ ហើយការនាំចេញទៅកាន់ទីផ្សារអាមេរិកបានកើនឡើង ៣៣ ភាគរយដែរ។

ទន្ទឹមជាមួយគ្នានោះ ក្នុងចំណោមវិនិយោគិនបរទេសដែលកំពុងបណ្តាក់ទុននៅវៀតណាម កូរ៉េខាងត្បូង ជប៉ុននិងសិង្ហបុរី សុទ្ធតែជាវិនិយោគិនធំជាងគេបំផុត។ គិតត្រឹមខែតុលាឆ្នាំ ២០១៩ វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជាង ៣៥៨ ពាន់លានដុល្លារអាមេរិក។

លោក Kavi Chongkittavorn បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា បន្ទាប់ពីការចូលជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៥ មក ប្រទេសវៀតណាម បានក្លាយជាប្រទេសមានការអភិវឌ្ឍខ្លាំងក្លាបំផុតនៅក្នុងតំបន់ ជាពិសេសនៅក្នុងការធ្វើសមាហរណកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ច៕

(យោងតាម hanoitimes.vn បកប្រែដោយ ស្រីព្រេជ)

(យោងតាម hanoitimes.vn បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤