បន្ទាប់ពីដំណើរការផ្គត់ផ្គង់អស់រយៈពេលជិតមួយទសវត្សរ៍នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន An Cuong ដែលជាក្រុមហ៊ុនផ្តត់ផ្គង់សម្ភារ ដេគ័រគ្រប់ប្រភេទ ជាពិសេសក្តារសម្រាប់ដេគ័រ និងតុបតែងផ្ទៃខាងក្នុងធ្វើពីឈើ កំពុងត្រៀមពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈតម្រូវការផលិតផល ដេគ័រ ផ្ទៃខាងក្នុងធ្វើពីឈើកំពុងបង្ហាញសញ្ញាវិជ្ជមាន។
ក្រុមហ៊ុន An Cuong ដែលមានមូលដ្ឋាននៅប្រទេសវៀតណាមគ្រោងពង្រីកទីផ្សាររបស់ខ្លួនឲ្យកាន់តែធំនៅក្នុងប្រទេសកម្ពុជា។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់ក្រុមហ៊ុន ទាំងសម្រាប់ផ្នែកពាណិជ្ជកម្ម និងសម្រាប់អ្នកទិញជាបុគ្គល ក្រុមហ៊ុន An Cuong ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញមួយនេះ និងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់ខ្លួនក្នុងស្តង់ចំនួន ៨ នៅឯពិធីតាំងពិព័រណ៍វិស័យសំណង់ និងអគារ Cambuild'19 នៅខែក្រោយ។
ផលិតផលរបស់ក្រុមហ៊ុន An Cuong មានដូចជា ក្ដារ MFC& Melamine Face Board ក្ដារ High Pressure Laminate ការ៉ូ ឈើ An Cuong ក្ដា High gloss Acrylic, Eco veener Interior Panel និង ប្រភេទទ្វារខាងក្នុង បរិក្ខារទូទៅ និងគ្រឿងសង្ហារិមសម្រាប់ផ្គត់ផ្គង់តាមគម្រោងដូចជាខុនដូ ឬសណ្ឋាគារជាដើម។
លោក សុធានី ថ្លែងថាតម្រូវការផលិតផលដេគ័រ និងតុបតែងផ្ទៃខាងក្នុងធ្វើពីឈើកំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា។
លោក សឿង សុធានី ប្រធានការិយាល័យតំណាងរបស់ក្រុមហ៊ុន An Cuong ប្រចាំកម្ពុជាបានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា៖ « យើងជាក្រុមហ៊ុនផលិតផលិតផលតុបតែង និងដេគ័រធ្វើពីឈើធំជាងគេបំផុតនៅក្នុងប្រទេសវៀតណាម ហើយយើងមានបំណងពង្រីកអាជីវកម្មរបស់យើងនៅក្នុងទីផ្សារកម្ពុជាឲ្យកាន់តែធំ។ កម្ពុជាកំពុងរីកចម្រើន ជាពិសេសវិស័យសំណង់គឺមានអគារជាច្រើនកំពុងត្រូវបានសាងសង់។ ទីផ្សារក្នុងស្រុកកំពុងកើនឡើង ហើយយើងមើលឃើញពីតម្រូវការខ្ពស់សម្រាប់ទំនិញទាំងនេះនាពេលអនាគត»។
លោកបញ្ជាក់ថាកាលពីឆ្នាំមុនក្រុមហ៊ុនលក់ផលិតផលធ្វើពីឈើបានក្នុងតម្លៃ ៤ លានដុល្លារ ហើយនៅក្នុងឆ្នាំនេះប្រាក់ចំណូលត្រូវបានរំពឹងថានឹងកើនឡើងទ្វេដង។
ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងទំនើបចុងក្រោយក្រុមហ៊ុន An Cuong ផលិតបាននូវផលិតផលដេគ័រ និងតុបតែងផ្ទៃខាងក្នុងដ៏ប្រណីត ហើយត្រូវបាននាំចេញទៅទូទាំងពិភពលោក។
ជាមួយកម្លាំងពលកម្មដ៏រឹងមាំដែលមានបុគ្គលិកជាង ៤០០០ នាក់ក្រុមហ៊ុន An Cuong ផលិត ផលិតផលមួយចំនួនដូចជា សម្ភារៈតុបតែង និងដេគ័រផ្ទះបាយ បន្ទប់គេង ទូសម្លៀកបំពាក់ និងគ្រឿងសង្ហារិម ហើយបាននាំចេញទៅកាន់ទីផ្សារអាស៊ាន ជប៉ុន អឺរ៉ុប និងអាមេរិកខាងជើង។
បច្ចុប្បន្នក្រុមហ៊ុន An Cuong មានអគារតាំងបង្ហាញចំនួន ១១ នៅក្នុងប្រទេសវៀតណាម និងមានការិយាល័យតំណាងនៅប្រទេស អូស្ត្រាលី កាណាដា ជប៉ុន ម៉ាឡេស៊ី និងអាមេរិក និងនៅប្រទេសកម្ពុជាក្នុងពេលឆាប់ខាងមុខ។
លោក សុធានី បន្តថា៖ «យើងកំពុងស្វែងរកដៃគូថ្មីនៅក្នុងប្រទេសកម្ពុជាដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីពង្រីកអាជីវកម្មនេះ ហើយយើងសង្ឃឹមថានឹងលក់ផលិតផលរបស់យើងទៅអ្នកទិញមកពីគ្រប់ផ្នែក (ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកទិញជាលក្ខណៈបុគ្គល)។ ផលិតផលរបស់យើងសមស្របបំផុតសម្រាប់អគារខុនដូថ្មីៗដែលកំពុងត្រូវបានសាងសង់»។
ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងទំនើបចុងក្រោយក្រុមហ៊ុន An Cuong ផលិតបាននូវផលិតផលដេគ័រ និងតុបតែងផ្ទៃខាងក្នុងដ៏ប្រណីត ហើយត្រូវបាននាំចេញទៅទូទាំងពិភពលោក។
ក្រុមហ៊ុនបរទេសដូចជាក្រុមហ៊ុន An Cuong គឺកំពុងចាប់ផ្តើមស្វែងយល់អំពីសេដ្ឋកិច្ចកម្ពុជាដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនឹងត្រូវបានជំរុញដោយវិស័យសំណង់ ទេសចរណ៍ និងវិស័យកាត់ដេរ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអន្តរជាតិកំពុងបន្តវិនិយោគយ៉ាងខ្លាំងក្លាទៅលើអគារការិយាល័យខ្ពស់ៗ និងអគារលំនៅឋានប្រណីតៗនៅក្នុងរាជធានីភ្នំពេញដែលជំរុញឲ្យមានតម្រូវការសម្ភារដេគ័រ និងតុបតែងកាន់តែច្រើន។
ការតាំងពិព័រណ៍វិស័យសំណង់ និងអគារ Cambuild'19 លើកទី ៩ នឹងប្រារព្ធធ្វើឡើងនៅឯមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រចាប់ពីថ្ងៃទី ១៨-២០ ខែកញ្ញា។ ក្រុមហ៊ុនជាង ៥០០ ក្រុមហ៊ុន និងម៉ាកសញ្ញាមកពីជាង ២០ ប្រទេសនឹងមកបង្ហាញផលិតផល សេវា និងដំណោះស្រាយថ្មីបំផុតរបស់ពួកគេ សម្រាប់វិស័យសំណង់ក្នុងប្រទេសកម្ពុជាដែលកំពុងរីកចម្រើនខ្លាំង៕
(ប្រភព៖ postkhmer)
មតិពីមិត្តអ្នកអាន