Trending now

សំឡេងហ៊ោកញ្ជ្រៀវពីសំណាក់​ភ្ញៀវទេសចរចម្រុះជាតិសាសន៍ លើនាវាទេសចរណ៍ MS Westerdam ថា “អរគុណ កម្ពុជា”

21:10 | 14/02/2020 (សរុបដោយ ហេង វុធ្ធ)

អរគុណកម្ពុជា»នេះជាសំឡេងសាទររបស់អ្នក​ទេសចរ​លើនាវាទេសចរណ៍សហរដ្ឋអាម៉េរិកឈ្មោះ MS Westerdam ដែលឈប់​សំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២០ ក្នុងពេលបាន​ជួបសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ដែលសម្តេចអញ្ជើញមកស្វាគមន៍អ្នកទេសចរ​ចម្រុះជាតិសាសន៍និងកងនាវិកសរុបជិត២០០០នាក់។

សម្តេចតេជោហុ៊នសែន អញ្ជើញសំណេះសំណាលជាមួយភ្ញៀវទេសចរនៅលើនាវា MS Westerdam (រូបថត៖ rasmeinews)

ពាក្យពេចន៍ថ្លែងអំណរគុណយ៉ាងព្រោងព្រាត ត្រូវបានក្រុមអ្នកទេសចរនៅលើនាវា Westerdam បានបង្ហោះចេញក្រអៅបេះដូងរបស់ពួកគាត់ និងបានប្រាប់ទៅកាន់ទីភ្នាក់ងារ ព័ត៌មានបរទេសធំៗ លើកសរសើរយ៉ាងពន់ពេកចំពោះទឹកចិត្តដ៏មនុស្សធម៌មិនអាចរកបាន របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានសម្រេចអនុញ្ញាតឲ្យកប៉ាល់របស់ពួកគេ ដែលកំពុងតែលតោលនៅលើផ្ទៃសមុទ្របានចូលចត នៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមទេសចរខ្លះបានប្រើពាក្យ និងចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជា «នាយករដ្ឋមន្ដ្រីម្នាក់មានបេះដូងដ៏អស្ចារ្យ»។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានអាមេរិក AP អ្នកនាង Anna Marie Melone (មកពីអូស្ត្រាលី) បានថ្លែងយ៉ាងដូច្នេះថា «វាពិតជាអស្ចារ្យណាស់ ដែលបានមកដល់ទីនេះ។ សូមអរគុណ លោកនាយករដ្ឋមន្ត្រី។ លោកមានបេះដូងដ៏អស្ចារ្យ។ ខ្ញុំពិតជារំភើបខ្លាំងណាស់ (ពេលមកដល់កម្ពុជា)»

សម្តេចតេជោហុ៊នសែន និងភ្ញៀវទេសចរនៅលើនាវា MS Westerdam (FN)

អ្នកនាង Melone ក៏លើកកូលាបគ្រវីឡើង បង្ហាញក្តីរីករាយក្រោយពីទទួលបានអំណោយនេះ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកដំណើរនានាបានអបអរសាទ នៅពេលពួកគេដើរឆ្ពោះ ទៅកាន់រថយន្តក្រុង និងបានបក់ដៃលាអ្នកដំណើរផ្សេងៗទៀត ដែលកំពុងឈរទស្សនា និងអបអរផងដែរពីលើកប៉ាល់។ នេះជាការចុះផ្សាយបន្ថែមពី AP។

ដោយឡែកភ្ញៀវទេសចរម្នាក់ទៀតគឺលោក Joe Spaziani មកពីអាមេរិក ក៏បានប្រើពាក្យថា «ប្រទេសរបស់អ្នកពិតជាធ្វើបានល្អណាស់... ជាកិច្ចការដ៏អស្ចារ្យមួយ។ សូមអរគុណអ្នកខ្លាំងណាស់។ យើងពេញចិត្តវាខ្លាំងបំផុត។ កម្ពុជាតែឯងប៉ុណ្ណោះ ដែលសូម្បីតែកោះ Guam របស់អាមេរិក ក៏មិនបានអនុញ្ញាឲ្យយើងចូលផង ប៉ុន្តែកម្ពុជាបានអនុញ្ញាត ដូច្នេះវាគឺរឿងអស្ចារ្យ។ ពិតជាអស្ចារ្យខ្លាំងបំផុត! យើងពិតជារីករាយហ្នឹងទង្វើនេះ ខ្លាំងៗបំផុត! យើងបានឆ្លងកាត់ការតស៊ូដ៏វែងឆ្ងាយ ហើយយើងពិតជាកោតសរសើរចំពោះអ្នករាល់គ្នា ដែលស្ថិតនៅទីនេះ»

លោក Spaziani វ័យ ៧៤ឆ្នាំបានថ្លែងបែបនេះ ទាំងមានក្រម៉ាប្រពៃណីខ្មែររុំនៅជាប់ក ជាមួយអ្នកដំណើរផ្សេងៗក៏ដូចគ្នា។

សម្រាប់អ្នកនាង Christina Kerby បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា «យើងកំពុងបង់កជាមួយក្រម៉ាប្រពៃណី ដែលជាអំណោយពីប្រទេសកម្ពុជា។ ខ្ញុំស្រក់ទឹកភ្នែក ព្រោះការបង្ហាញការគាំទ្រនៅពេលនេះ គឺច្រើនលើសលុប»

ជាការកត់សម្គាល់ឈ្មោះមេដឹកនាំប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កំពុងតែអណ្ដែតនៅលើសារព័ត៌មានអន្ដរជាតិធំៗជាច្រើន ពីទឹកចិត្តមនុស្សធម៌ ជួយសង្គ្រោះក្រុមទេសចរ និងអ្នកបម្រើការងារនៅលើនាវា Westerdam ជាង២,០០០នាក់ តាមការសម្រេចចិត្តដ៏អស្ចារ្យឲ្យកប៉ាល់របស់ពួកគេ បានចូលចតនៅដែនទឹកប្រទេសកម្ពុជា ក្រោយពីប្រទេស និងកោះចំនួន៦ បានបដិសេធដោយបារម្ភខ្លាចពីការឆ្លងវីរុសកូរ៉ូណា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងបានជូនផ្កាដល់អ្នកទេសចរផងដែរ។

ថ្លែងទៅកាន់អ្នកទេសចរណ៍ និងអ្នកនៅលើនាវាទាំងអស់ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បើទោះបីជានៅក្នុងកប៉ាល់ WESTERDAM មានអ្នកផ្ទុកមេរោគកូរ៉ូណាក៏ដោយ ក៏ត្រូវតែអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុដែរ ហើយត្រូវចូលចតឲ្យបាន លឿនបំផុតទៀតផង ព្រោះអ្នកជំងឺចាំបាច់ត្រូវព្យាបាល និងជួយសង្រ្គោះអាយុជីវិតមនុស្សជាបន្ទាន់ ដោយមិនអាចទុកឲ្យអ្នកដំណើរទាំងអស់គ្នា នៅកប៉ាល់ស្លាប់នៅកណ្តាលសមុទ្រនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលនេះមិនមែនជាពេលវេលាដែលត្រូវភ័យខ្លាច និងជាពេលវេលាត្រូវរើសអើងនោះទេ តែជាពេលត្រូវរួបរួមគ្នា សាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាលើសកលលោក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គេនិយាយអំពីការភ័យខ្លាចកូរ៉ូណា ឬ Covid-19 ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំយល់ផ្សេងអ្នកដ៏ទៃ ឬប្រទេសដ៏ទៃអាចយល់ថា ចុះបើមានជំងឺកូរ៉ូណានេះនៅលើនាវា តើកម្ពុជាអនុញ្ញាតឲ្យចូលទេ? ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនមានអ្នកជំងឺនេះនៅលើនាវា ខ្ញុំនឹងឲ្យចូលយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ មូលហេតុនៅត្រង់ថា ប្រសិនមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឲ្យអ្នកជំងឺនោះ ស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសពតើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬក៏ត្រូវទុកនៅលើនាវា»

លោកស្រី Christina Kerby បង្ហោះគំនិតរបស់ខ្លួនលើបណ្តាញសង្គម Twitter ( FN)

មន្ត្រីព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅម៉ោង៩៖២០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកដំណើររបស់នាវា Westerdam ចំនួន ១១៩នាក់ ដែលជាក្រុមទី១ បានធ្វើដំណើរតាមយន្តហោះពីខេត្តព្រះសីហនុ មកដល់ព្រលានយន្តអន្តរជាតិភ្នំពេញហើយ ដើម្បីរៀបចំបន្តដំណើរទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន បន្ទាប់ពីតែលតោលនៅលើនាវាអស់ជាង ១០ថ្ងៃមកនេះ។

សម្រាប់ទិដ្ឋភាពទូទៅ ដែលក្រុមអ្នករាយការណ៍ព័ត៍មានយកបាន បើទោះជា​មិនគ្រប់អស់ ប៉ុន្តែបានរំលចនូវរូបភាពរំជួលចិត្តមួយចំនួនពីក្រុមអ្នកទេសចរ មានខ្លះស្រែក​ហ៊ោកញ្ជ្រៀវ គ្រវីដៃ ដាក់ដៃជាសញ្ញាបេះដូង និងខ្លះទៀត​ស្រក់ទឹកភ្នែក ក្នុងពេលដែលសម្តេចតេជោមានវត្តមាននៅលើផែ អាចសរុប​បានន័យជារួមពីក្រុមអ្នកទេសចរថា«អរគុណកម្ពុជា» ដែលប្រមុខរាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាតឲ្យនាវាមួយនេះចូលសំចតក្នុង​ដែនអធិបតេយ្យកម្ពុជា បន្ទាប់ពីនៅ​អណ្តែតតែលតោលលើសមុទ្រជាង១០ថ្ងៃកន្លងមក ដោយសារតែប្រទេសនិង​កោះខ្លះ​បដិសេធមិនឲ្យនាវានេះចូលចត ក៏ព្រោះតែការភ័យខ្លាចពីជំងឺ Covid-19 ស្របពេលដែលមនុស្សនៅលើនាវានេះជិត២០០០នាក់ គ្មានអ្នកណាម្នាក់ដែល​ឆ្លងមេរោគនោះឡើយ។

បើតាមបទសម្ភាសន៍ពីបងប្អូនខ្មែរ-កាណាដាដែលធ្វើដំណើរតាមនាវានេះប្រាប់​ក្រុមអ្នករាយការណ៍ព័ត៍មាននៅកំពង់ផែក្រុងព្រះសីហនុថា«សម្តេចហ៊ុន​សែន ជាវីរបុរសក្នុងបេះ​ដូងនិងថាបែបនេះទើបកម្ពុជាមានសុខសន្តិភាពរហូតមក៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤