Trending now

រយៈពេល៣ខែ ខេត្តព្រៃវែងនាំចេញស្រូវជាង១៨ម៉ឺនតោនទៅវៀតណាម

16:24 | 15/08/2020

ព្រៃវែង ជាខេត្តជាប់ចំណាត់ថ្នាក់លេខមួយលើការផលិតស្រូវ ទាំងការផ្គត់ផ្គង់ក្នុងខេត្ត និងការនាំចេញ។ របាយការណ៍របស់មន្ទីរកសិកម្មខេត្តព្រៃវែង ស្ដីពីស្ថានភាពនៃការងារបន្តបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២០ រយៈពេលជិត៣ខែ គិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ខេត្តព្រៃវែង បាននាំចេញស្រូវទៅប្រទេសវៀតណាមសរុបជាង១៨ម៉ឺនតោន ដោយលក់បានតម្លៃ២២៣ដុល្លារ ក្នុងមួយតោន។

រយៈពេល៣ខែ ខេត្តព្រៃវែងនាំចេញស្រូវជាង១៨ម៉ឺនតោនទៅវៀតណាម

រយៈពេលជិត៣ខែ ឆ្នាំ២០២០នេះ ខេត្តព្រៃវែងបានដាំដុះស្រូវលើផ្ទៃខ្ពស់ជាងឆ្នាំ២០១៩ ចំនួន៣០៤ហិកតា ស្មើនឹង ៨៨.៥៧ ភាគរយ នៃផែនការ២៥ម៉ឺនហិកតា បើធៀបនឹងរយៈពេលដូចគ្នា។ ចាប់ពីថ្ងៃទី២២-៣១ ខែឧសភា ឆ្នាំ២០២០ បាននាំចេញជាង២ម៉ឺនតោន ហើយចាប់ពីថ្ងៃទី១-៣០ មិថុនា ឆ្នាំ២០២០បាននាំចេញជាង៦ម៉ឺនតោន និងចាប់ពីថ្ងៃទី១-៣១ កក្កដា ឆ្នាំ២០២០ បាននាំចេញ៩ម៉ឺនតោន។ ចំណែកឯរយៈពេលចុងក្រោយ ចាប់ពីថ្ងៃទី១-៩ សីហា ឆ្នាំ២០២០ បាននាំចេញជាង២ម៉ឺនតោនផងដែរ។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានលើកឡើងដូច្នេះថា ទោះបីជាមានបញ្ហារាលដាលនៃជំងឺកូវីដ-១៩ តែការផលិត ក៏ដូចជានាំចេញស្រូវនៅខេត្តព្រៃវែងនេះមិនមានការថយចុះឡើយ ហើយរដ្ឋាភិបាល បានជំរុញបន្ថែមក្នុងបរិបទនេះផងដែរ។

លោក បានប្រាប់យ៉ាងដូច្នេះថា៖«ចំពោះការនាំចេញស្រូវ គឺក្រោយពីកសិករបានទុករួចជាស្រេចសម្រាប់ផ្គត់ផ្គង់ជាស្បៀងនៅក្នុងស្រុកហើយ ទើបនាំចេញ។ ចំពោះការប្រមូលផលស្រូវស្រាលដើមរដូវនេះគឺភាគច្រើននាំចេញស្ទើរតែ៨០ ទៅ៩០ភាគរយ ហើយមិនមានជួបប្រទះបញ្ហាខ្វះខាតអ្វីនោះទេ តម្រូវការក្នុងស្រុកគឺគ្រប់គ្រាន់»។ លោក បន្ថែមថា ដោយសារតែលើសពីតម្រូវការពលរដ្ឋក្នុងស្រុក ទើបមានការនាំចេញទៅក្រៅប្រទេស ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។ ការប្រមូលផលនេះ មានលក្ខណៈបម្រុងរួចជាស្រេច ដោយចំនួន១៣ភាគរយសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក មិនមាននាំចូលអង្ករពីក្រៅប្រទេសឡើយ។

រយៈពេល៣ខែ ខេត្តព្រៃវែងនាំចេញស្រូវជាង១៨ម៉ឺនតោនទៅវៀតណាម

លោក បានពន្យល់បន្ថែមយ៉ាងដូច្នេះ បច្ចុប្បន្ននេះជារដូវដាំដុះស្រូវ IR504 ដែលស្រូវផលិតឡើងសម្រាប់ការនាំចេញ ហើយការផ្គត់ផ្គង់ក្នុងស្រុកគឺប្រភេទស្រូវក្នុងស្រុក ដូចជា ផ្ការំដួល ជាដើម។ ស្រូវសម្រាប់នាំចេញ ជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ដែលកសិករអាចដាំដុះបានគ្រប់ពេលវេលាបាន ទាំងរដូវប្រាំង និងរដូវវស្សា ប្រើពេលតែ៩៥ថ្ងៃអាចប្រមូលផលបាន។ ខេត្តព្រៃវែង ដាំដុះស្រូវចំនួន៣ប្រភេទគឺ ស្រូវស្រាលមិនប្រកាន់រដូវ ស្រូវកណ្ដាល និងស្រូវធ្ងន់ប្រកាន់រដូវ ហើយរដ្ឋាភិបាលក៏បានជំរុញឲ្យពលរដ្ឋដាំដុះស្រូវស្រាលនេះឲ្យបានច្រើនជាងស្រូវធ្ងន់ ព្រោះប្រើរយៈពេលខ្លី។

ស្រូវស្រាលខេត្តព្រៃវែងភាគច្រើននាំចេញទៅប្រទេសវៀតណាម ដោយសារខេត្តព្រៃវែង មានព្រំប្រទល់នៅជិតប្រទេសវៀតណាម និងក៏ព្រោះតម្រូវការទីផ្សារ ប្រទេសវៀតណាមមានលទ្ធភាពក្នុងការប្រមូលទិញផងដែរ។ នេះជាការលើកឡើងរបស់លោក ប្រធានមន្ទីររូបនេះ ដោយបានបន្ថែមថា ជាគោលការណ៍របស់រដ្ឋាភិបាល គឺខិតខំបង្កើនតម្លៃ មិនមាននាំចេញវត្ថុធាតុដើមទេ គឺកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក។ ប៉ុន្តែដោយសារ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់មិនមានរោងម៉ាស៊ីនកិនស្រូវ ហើយបរិមាណស្រូវច្រើន ដូច្នេះស្រូវដែលលើសពីតម្រូវការក្នុងស្រុក គឺត្រូវលក់ចេញទៅក្រៅប្រទេស។

ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​ឆ្លងកាត់​តាម​ច្រក​ក្នុង​ខេត្តព្រៃវែង មាន​ជិត​៦​ពាន់​តោន ក្នុង​មួយ​ថ្ងៃ កាលពី​១០ សីហា បើ​គិត​ត្រឹម​រយៈពេល​៧​ខែ ឆ្នាំ​២០២០​នេះ​មាន​ជាង​១​លាន​តោន ។ តែ​បរិមាណ​នាំ​ចេញ​ស្រូវ​នេះ អ្នកជំនាញ​យល់​ថា វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​ក្នុងស្រុក​នោះ​ទេ ។ បើ​តាម លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​លើក​ឡើង​ថា យោង​តាម​សេចក្តីរាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ ២០២០ ការ​នាំ​ស្រូវ​ចេញ​តាម​ច្រក​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រៃវែង មាន​ចំនួន​សរុប ៥. ៩៧៧ តោន​ក្នុង​ថ្ងៃ​ក្នុង​នេះ​ការ​នាំ​ស្រូវ​ចេញ​តាម​ច្រក​បន្ទាយ​ចក្រី​ស្រុក​ព្រះស្តេច មាន​ចំនួន ៥.៧៩៨ តោន និង​តាម​ច្រក​កោះ​សំពៅ​មាន​ចំនួន ១៧៩ តោន ។

លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា «​តម្លៃ​ស្រូវ​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ ទទួល​បាន​ល្អ​ប្រសើរ គឺ​ប្រភេទ​ស្រូវ OM៥៤៥១ មាន​តម្លៃ ៩៣០ រៀល​ក្នុង​មួយ​គីឡូក្រាម និង​ស្រូវ​អី​អ៊ែ​៥០៤ មាន​តម្លៃ ១.០៣០​រៀល​ក្នុង​មួយ​គីឡូក្រាម​» ។

លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា នៅ​ខែសីហា​នេះ សម្រាប់​ថវិកា​ទិញ​ស្រូវ​របស់​ម្ចាស់​រោង​ម៉ាស៊ីន​គ្មាន​បញ្ហា​ចោទ​ទេ ព្រោះស្រូវ​ប្រមូល​ផល​នៅ​មាន​ចំនួន​ស្រូវ​តិច​ធ្វើ​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​អាច​ប្រមូល​ទិញ​តាម​ធម្មតា​បាន ហើយ​ក្នុង​ពេល​នេះ​ខាង​វៀតណាម​ក៏​ទិញ​ស្រូវ​កម្ពុជា​ដែរ ។ លោក​បន្ត​ថា សព្វ​ថ្ងៃនេះ​សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ​កសិករ​មាន​ស្រូវ​ប៉ុន្មាន ម្ចាស់​រោង​ម៉ាស៊ីន​ទិញ​យក​ប៉ុណ្ណឹង ព្រោះ​ផ្ទៃដី​ស្រូវ​ប្រមូល​ផល​មាន​តែ​ប៉ុន្មាន​ម៉ឺន​ហិ​កតា អីចឹង​វា​គ្មាន​អ្វី​ជា​បញ្ហា​ចោទ​នោះ​ទេ ។

លោក​លន់ យ៉េ​ង មាន​ប្រសាសន៍​ថា «​ការ​នាំ​ចេញ​ស្រូវ​ជាង​១​លាន​តោន ក្នុង​រយៈពេល​៧​ខែ​កន្លង​មកនេះ វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​ក្នុងស្រុក​នោះ​ទេ ព្រោះស្រូវ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ជា​ប្រភេទ​ស្រូវ​អ៊ី​អ៊ែ វា​មិន​ពាក់ព័ន្ធ​នឹង​ស្រូវ​ដែល​ជា​មុខសញ្ញា​នាំ​ចេញ​ជា​អង្ករ​ទេ ។ បើ​តាម​ការ​រាយការណ៍ និង​ការ​គណនា​នោះ គឺ​ស្រូវ​នៅ​សល់​៥​ទៅ​៦​លាន​តោន បើ​យើង​កិនស្រូវ​សម្រាប់​ធ្វើការ​នាំ​ចេញ​ជា​អង្ករ យើង​ត្រូវការ​ប្រហែល​ស្រូវ​តែ​ប្រមាណ​២​លាន​តោន​» ។េះ បើ​តាម​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ទីផ្សារ​ស្រូវ​ធំ​របស់​កម្ពុជា គឺ​វៀតណាម ។​បើ​អត់​វៀតណាម​ចូល​មក​ទិញ​នោះ​ប្រាកដ​ណាស់​កសិករ​អាច​នឹង​មាន​បញ្ហា ៕

(ប្រភពព័ត៌មាន: thmey thmey)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤