Trending now

កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ឆ្នាំ​២០១៩ បាន​បើក​ជាផ្លូវការ

10:33 | 09/10/2019

កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០១៩ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ បាន​បើក​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩​នេះ នៅក្នុង​ទីក្រុង​ប៉ូល​ទេសចរណ៍ នៃ​ខេត្តសៀមរាប ។​

លោក​សាយ សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ថ្លែងសុន្ទរកថា



ពិធី​បើក​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​ការចូលរួម​ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​បរិស្ថាន និង​គណៈប្រតិភូ​តំណាង​ក្រសួងបរិស្ថាន​អាស៊ាន និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នានា សរុប​ប្រមាណ ៤០០ នាក់​។​

បន្ទាប់ពី​មតិ​ស្វាគមន៍​របស់លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាល ខេត្តសៀមរាប រួចមក លោក​សាយ សំ​អាល់ បាន​សំដែង​នូវ​ការចាប់អារម្មណ៍ លើ​សារៈសំខាន់ នៃ​ព្រឹត្តិការណ៍ នៅថ្ងៃនេះ ដែល​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​រួមគ្នា រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំងមូល ដើម្បី​គ្រប់គ្រង​បរិស្ថាន និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ នឹង​បន្ត​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ និង​ពិនិត្យឡើងវិញ នូវ​កិច្ចសហប្រតិបត្តិការ ក្នុង​តំបន់ លើ​បញ្ហា​បរិស្ថាន​មួយចំនួន ជាពិសេស​វិធានការ ទាក់ទង​នឹង​និរន្តរភាព​បរិស្ថាន ក្រោម​សហគមន៍​ផែនការ វប្បធម៌​អាស៊ាន ដើម្បី​ឈានទៅ​សម្រេចបាន នូវ​គោលបំណង នៃ​ការលើកកម្ពស់ ការយល់ដឹង អំពី​សារៈសំខាន់ នៃ​សេវាកម្ម​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី និង​គុណ​តម្លៃ​របស់​វា ការលើកកម្ពស់ ការចូលរួម​ជា​សាធារណៈ ការវិនិយោគ​សាធារណៈ និង​ឯកជន ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​ជីវៈចម្រុះ ដើម្បី​ធានាថា គោលនយោបាយ និង​យុទ្ធសាស្ត្រ​ក្នុង​តំបន់ ត្រូវបាន​គាំទ្រ ដោយ​សកម្ម​ភាពជា​មូលដ្ឋាន ដោយ​យុវជន និង​ប្រជាជន​ទាំងអស់​។​


ក្នុងឱកាស​នោះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា ការបើក​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នេះ ក្នុងខណៈដែល​យើង អាច​និយាយបានថា បញ្ហា​បរិស្ថាន ជា​ប្រធានបទ​ស្នូល​មួយ នៃ​របៀបវារៈ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​។ ក្នុង​បរិបទ​បច្ចុប្បន្ននេះ ការជំរុញ​ទៅមុខ និង​ការ​ប្រកាន់ខ្ជាប់​ទៅ នឹង​ក្របខណ្ឌ​តំបន់​និយម និង​ពហុភាគី​និយម គឺជា​គោលការណ៍​ដ៏​សំខាន់ សម្រាប់​ជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​កំពុង​កើតមានឡើង ក្នុង​គ្រប់​វិស័យ ជាពិសេស​ក្នុង ការដោះស្រាយ​បញ្ហា ដែល​កើតចេញ ពី​ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ពាក់ព័ន្ធ​។ ដូច្នេះ កិច្ចប្រជុំ​ថ្ងៃនេះ គឺមាន​សារៈសំខាន់​ណាស់ ហើយក៏​ជា ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​អាស៊ាន និង​ដៃគូ​ក្នុង ការពិនិត្យ វឌ្ឍនភាព ក៏ដូចជា​ដាក់ចេញ នូវ​ទិសដៅ​យុទ្ធសាស្ត្រ ដើម្បី​ឈានទៅ សម្រេចបាន​នូវ​ការអភិវឌ្ឍ ប្រកបដោយ​និរន្ត​ភាព​បរិស្ថាន សម្រាប់​តំបន់​របស់​យើង និង​ពិភពលោក​។​

លោក​បាន​បន្តទៀតថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ គ្រោះមហន្តរាយ ដែល​បាន​កើតឡើង ជា​បន្តបន្ទាប់ ជុំវិញ​ពិភពលោក បណ្តាលមកពី ការប្រែប្រួល​អាកាសធាតុ និង​ការ​រិច​រិល​នៃ​បរិស្ថាន គឺ​កាន់​តែមាន​ប្រពល​ភាព កាន់តែ​ញឹកញាប់ និង​កាន់​តែមាន ភាពស្មុគស្មាញ​ជាង​មុន​។ ជារួម ផលប៉ះពាល់​ទាំងនោះ គឺ​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ លើសពី​អ្វី ដែល​ពិភពលោក យើង​ធ្លាប់បាន​ជួបប្រទះ​កន្លងមក​។ ជាការ​ពិតណាស់ ក្នុង​រយៈពេល​វែង ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​បរិស្ថាន នឹង​បង្ក​ផលវិបាក ព្រមទាំង​ជះឥទ្ធិពល​អវិជ្ជមាន​ធ្ងន់​ធ្ង​រ ទៅលើ​សេដ្ឋកិច្ច សង្គម និង​សន្តិសុខ ក្នុង​តំបន់ និង​ពិភពលោក​។ ផ្អែកលើ​របាយការណ៍រ​បស់ UNESCAP ក្នុង​ឆ្នាំ​២០១៩ ក្នុង​មួយឆ្នាំៗ ការខាតបង់​សេដ្ឋកិច្ច សម្រាប់​អាស៊ី និង​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បណ្តាលមកពី ការប្រែប្រួល​អាកាសធាតុ គឺមាន​ទំហំ ៦៧៥ ប៊ី​លាន​ដុល្លារ​អាមេរិក ឬ​ប្រមាណ ២,៤% នៃ ផ​.​ស​.​ស ក្នុង​តំបន់​។

​លោក​បាន​បន្ថែមថា បញ្ហា​ការប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន គឺជា​បាតុភូត​មួយ មាន​ចរិត លក្ខណៈ​ជា​អន្តរ​វិស័យ ដែល​ត្រូវ​ដោះស្រាយ ក្នុង​របៀប​រួមមួយ ប្រកបដោយ​ភាព​ប្រទាក់ក្រឡា​គ្នា គ្រប់​ជ្រុងជ្រោយ និង​ថ្លឹងថ្លែង គ្រប់​ទិដ្ឋភាព ពោលគឺ​ការធ្វើ សមាហរណកម្ម​ការអភិវឌ្ឍ ដោយ​គិតគូរ​ពី​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន​អាស៊ាន ចាំបាច់​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​ភាពជា​ដៃគូ ដើម្បី​ធានា​ចីរភាព លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់ សម្រាប់​អាស៊ាន ខណៈដែល​តំបន់​អាស៊ីអាគ្នេយ៍ និង​តំបន់​ផ្សេងៗ ទៀត​លើ​ពិភពលោក កំពុង​ទទួល​នូវ​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​។

ទន្ទឹមនេះ យើង​ត្រូវ​ពង្រឹង​ភាពជា​ដៃគូ​ជា មួយ​ភាគី​ខាងក្រៅ និង​ទាញ​ប្រយោជន៍ ឱ្យបាន​ច្រើន​ជា​អតិបរមា ពី​ភាពជា​ដៃគូ​ទាំងនេះ ដើម្បី​គាំទ្រ​ដល់ ការសម្រេច​គោលដៅ របស់​តំបន់​យើង​។ ក្នុងន័យនេះ ខ្ញុំ​ពិតជា​សប្បាយរីករាយ​ដែល​បានឃើញ យើង​បន្ត​ឱ្យមាន​ការចូលរួម ជាមួយ​ដៃគូ​ផ្សេងទៀត ក្រៅពី​អាស៊ាន និង​ជាពិសេស​ដៃគូ​សន្ទនា​របស់​យើង ដែល​រួមមាន​ប្រទេស​ចិន ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​អំពាវនាវ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​ជាបន្ទាន់ ក្នុងការ​ដោះស្រាយ លើ​លំហូរ​កាកសំណល់ ឆ្លងដែន​ខុសច្បាប់ ដែល​បាន​ប៉ះពាល់ ដល់​ប្រទេស​ជាច្រើន នៅ​អាស៊ាន ក្នុង​រយៈ ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ជាពិសេស​កាកសំណល់​ប្លា​ស្ទិ​ក​។ នេះ​ជាការ​គំរាមកំហែង លើ​ប្រព័ន្ធ​អេកូឡូស៊ី សុខភាព សុខុមាលភាព​របស់​ប្រជាជន​យើង ក៏ដូចជា​ភាព​ទាក់ទាញ ទេសចរណ៍​របស់​ប្រទេស​យើង​។ យើង​ត្រូវ​រៀបចំ​ឱ្យមាន ការចែករំលែក​ព័ត៌មាន ពង្រឹង​កិច្ច សហប្រតិបត្តិការ ក្នុងចំណោម​ស្ថាប័ន​អនុវត្ត​ផ្ទាល់ និង​ភាពជា​ដៃគូ​ជាមួយ ប្រទេស​ដែលជា ប្រភពដើម​នៃ​កាកសំណល់ ដើម្បី​បញ្ឈប់​លំហូរ ខុសច្បាប់​នេះ ចេញពី​ប្រទេស​ដើម​។​

លោក​ក៏បាន​ជំរុញ​ឱ្យ​ក្រុមការងារ​អាស៊ាន ទទួលបន្ទុក​គីមី និង​សំណល់ ផ្តល់​អាទិភាព ក្នុងការ​ដោះស្រាយ បញ្ហា​នេះ និង​ផ្តល់នូវ​វិធានការ ជាក់លាក់​មួយចំនួន ក្នុង​រយៈពេល​ខ្លី​ខាងមុខ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​រួម​នេះ ប្រកបដោយ​ស្មារតី​សហការ និង​សហប្រតិបត្តិការ​។​

​ក្រោយពី​ពិធី​បើក​ជា​ផ្លូវការ លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​គណៈប្រតិភូ តំណាង​ក្រសួងបរិស្ថាន​អាស៊ាន និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ បាន​អញ្ជើញ ដាំ​ដើម​ផ្កា​ក្រវាន់ នៅ​សួនផ្កា​ក្រវាន់ សៀមរាប​នៅមុខ ប្រាង្គ​ប្រាសាទ អង្គរវត្ត ចំនួន ៥៥០​ដើម និង​ដើម​ធ្នង់ ១០០ ដើម នៅ​ទំហំ​ដី ១ ហិកតា​។​

​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន តែងតែ​ធ្វើ​រៀងរាល់ ២ ឆ្នាំ​ម្តង ក្នុង​គោលបំណង​ជជែក​ពិភាក្សា អំពី​កិច្ចសហប្រតិបត្តិការ​ប​រិ​ស្ថាន នៅក្នុង​តំបន់​។ កិច្ចប្រជុំ​លើក​ទី​១៤ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួមទាំង កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​សន្ទនា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ប្រទេស​ព្រុយ​ណេ ដែលជា​ប្រទេស​ម្ចាស់ផ្ទះ៕

(ប្រភព៖ rasmeinews.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤