Trending now

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា

13:05 | 15/03/2020 (សរុបដោយ ហេង វុធ្ធ)

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ ទាក់ទាញទេសចរណ៍ថ្មីមួយទៀត សម្រាប់កម្ពុជា ជាពិសេស ចូលរួមគាំទ្រនយោបាយ របស់រាជរដ្ឋាភិបាល ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញថ្លែងក្នុងពិធីបុណ្យទន្លេឆ្នាំ២០២០

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នាពេលនេះ ប្រារព្ធឡើងនៅទឹកដីខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣-១៥ មីនា ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»។ សម្ដេចថា ពិធីបុណ្យទន្លេនេះ មានការរៀបចំតាំងពិព័រណ៍ ផលិតផលជាច្រើន រួមទាំង ផលិតផលជាតិ និងអន្តរជាតិ សកម្មភាពកីឡា វប្បធម៌សិល្បៈ និងពិធីប្រគុំតន្រ្តីកម្សាន្ត ជាច្រើនទៀត។

សម្ដេច មានប្រសាសន៍ថា «ពិធីបុណ្យទន្លេ គឺបានក្លាយជាព្រឹត្តិការណ៍ ទាក់ទាញទេសចរណ៍ថ្មីមួយទៀត សម្រាប់កម្ពុជា ដែលមិនត្រឹមតែរួមចំណែក ក្នុងការផ្សព្វផ្សាយ ពីសក្ដានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេ របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួម គាំទ្រនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ អភិវឌ្ឍតំបន់តាមដងទន្លេ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេស ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ការពារ និងអភិរក្សធនធានធម្មជាតិ»។

សម្ដេចបន្ដថា ម្យ៉ាងវិញទៀតវាក៏ជាឱកាសមួយ ដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេស ទេសចរណ៍តាមដងទន្លេ ព្រមទាំង រួមចំណែកជំរុញការតភ្ជាប់ រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេស ក្នុងតំបន់អាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាអញ្ជើញទស្សនានៅឯស្តង់តាំងលក់ផលិតផលរបស់វៀតណាម

ក្រៅពីនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ណែនាំ ឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបម្រើឱ្យវិស័យទេសចរណ៍ រួមមានអាកាសយានដ្ឋាន ផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សណ្ឋាគារ និងរមណីយ​ដ្ឋានផ្សេងៗតាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ តាមផ្លូវគោក ផ្លូវដែក និងផ្លូវ​អាកាស។ ទន្ទឹមនេះ ត្រូវធ្វើការពិនិត្យលទ្ធភាពក្នុងការរៀបចំព្រលានយន្តហោះ​បាត់ដំបង​ឡើងវិញ ដោយ​ជំរុញឱ្យសមត្ថកិច្ចជំនាញពិនិត្យឱ្យបានហ្មត់ចត់លើការងារដ៏មានសារៈ​សំខាន់​នេះទេ។

ត្រូវបន្តធ្វើការអភិវឌ្ឍក្រុងបាត់ដំបងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណទីក្រុងបេតិកភណ្ឌ ដែលនឹងគ្រោង​ដាក់បញ្ចូល​ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌ របស់អង្គការយូណេស្កូ (UNESCO)។ ជាមួយគ្នានេះ ត្រូវរួមគ្នាថែ​រក្សាឱ្យបាននូវបណ្ដាសំណង់បុរាណ ផ្ទះបុរាណ និងស្ពានបុរាណក្នុងខេត្តដោយមិនត្រូវឱ្យ​មានការកែប្រែខុសពីស្ថានភាពដើមឡើយ។ ត្រូវបន្តជំរុញកំណត់អត្តសញ្ញាណនៃគោល​ដៅ​ទេសចរណ៍អាទិភាព រួមមានទេសចរណ៍ផ្ទះបុរាណ តំបន់ទស្សនាសត្វស្លាប តំបន់​ប្រាសាទ​បាណន់ រមណីយដ្ឋានភ្នំសំពៅ ទស្សនាហ្វូងសត្វប្រចៀវរាប់លានក្បាលចេញពីរូង​ពេលមុន​ថ្ងៃរៀបលិច រួមទាំងលក្ខណៈពិសេសរបស់ម្ហូបអាហារប្រចាំតំបន់ក្នុងខេត្តនេះផងដែរ។ លើស​​ពីនេះទៀត បន្តរក្សាឱ្យមានសន្តិសុខសណ្ដាប់ធ្នាប់សង្គមគ្រប់តំបន់ទេសចរណ៍​តាមបណ្ដា​ខេត្ត​ជាប់ស្ទឹង ជាប់ទន្លេសាប ត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម បង្កាទប់​ស្កាត់បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ក្រុមបងតូចបងធំ​និង​ការលួចឆក់ប្លន់នានាដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាអញ្ជើញទស្សនានៅឯស្តង់តាំងលក់ផលិតផលរបស់វៀតណាម

សម្ដេចតេជោក៏បានការជំរុញការផលិតក្នុងស្រុកដើម្បីផ្គត់ផ្គង់ទេសចរដែលជាគោលដៅ «នាំចេញនៅនឹងកន្លែង និងបន្តជំរុញការផលិតតាមស្តង់ដារ ហើយត្រូវបង្កើតឱ្យ​មាន​ខ្សែក្រវាត់បៃតងក្នុងតំបន់ទេសចរណ៍តាមរយៈការបណ្ដុះបណ្ដាលប្រជាពលរដ្ឋដើម្បីទទួល បាននូវបច្ចេកទេសនៃការដាំដុះ ការចិញ្ចឹមត្រីនិងសត្វសម្រាប់ផ្គត់ផ្គង់ដល់ទេសចរ។ ក្រៅពី​នេះ ក៏ត្រូវផ្សារភ្ជាប់​កសិកម្មជាមួយទេសចរតាមរយៈការជំរុញ និងការអភិវឌ្ឍវិស័យ​កសិ​ទេស​ចរណ៍ឱ្យកាន់តែរីកចម្រើនជាមួយនឹងការបណ្ដុះបណ្ដាលជំនាញទេសចរផ្នែកបដិសណ្ឋារកិច្ចស្វាគមន៍ និងជំនាញចម្អិនម្ហូបអាហារជាដើម។

សូមរំលឹកថា នារសៀល ថ្ងៃទី១៤ មីនា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ ។ ដូច្នេះ ប្រជាពលរដ្ឋ ចូលរួមកំសាន្តសប្បាយ ឲ្យបានច្រើនកុះករ ទាំងអស់គ្នា៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR