Trending now

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកដីអង្គរ ខេត្តសៀមរាប

00:54 | 13/05/2019

យុគសម័យ - វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកសភា២៧ប្រទេស បានបើកកិច្ចប្រជុំលើកទី២៧ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឥស្សរជនជាន់ខ្ពស់ នៃព្រះរាជណាចក្រកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន APPF លើកទី២៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយមានវត្តមានគណៈប្រតិភូសភាសមាជិក APPF ចំនួន២១ប្រទេស គណៈ ប្រតិភូអ្នកសង្កេតការណ៍ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំលើកទី២៧ APPF បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី បានផ្ញើព្រះរាជសារចូលរួមអបអរសាទរចំពោះកិច្ចប្រជុំនេះដែរ។ ព្រះអង្គបានមានព្រះរាជបន្ទូលក្នុងព្រះសារថា កិច្ចប្រជុំនេះគឺជាពេលវេលាដ៏ល្អមួយ ដែល APPF ជួបជុំគ្នា ដើម្បីត្រិះរិះពិចារណានូវបទពិសោធន៍ទាំងឡាយកន្លងមក ព្រមទាំងប្រមើលមើលនូវនិន្នាការធំៗដែលនឹងមានឥទ្ធិពលចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងធ្វើការរំពឹងទុកចំពោះមធ្យោបាយរួមនានា ទៅថ្ងៃអនាគត ដើម្បីពង្រឹងនូវមូលដ្ឋានគ្រឹះនៃសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាព។ ក្នុងនាមពលរដ្ឋខ្មែរ ព្រះករុណាព្រះមហាក្សត្រ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ គណៈប្រតិភូទាំងអស់ ដែលបានមានវត្តមានលើទឹកដីអង្គរដ៏ស្រស់បវររបស់កម្ពុជា។

សម្តេចពញាចក្រី ហេង សំរិន បានសម្តែងសុទិដ្ឋិនិយមថា កិច្ចប្រជុំក្រោមមូលបទ «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភា» គឺជាឱកាសដ៏ល្អមួយទៀត ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងលើកកម្ពស់សន្តិសុខ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី និងសកលលោក តាមរយៈការចូលរួមអនុម័តសេចក្ដីសម្រេចនានា ឆ្លើយតាមបំណងប្រាថ្នារួមរបស់សភាជាសមាជិក។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ជាកាលានុវត្តភាពដ៏ប្រសើរ សម្រាប់ APPF ធ្វើឲ្យមានការផ្លាស់ប្តូរទស្សនទានគ្នាទៅវិញទៅមកក្នុងចក្ខុវិស័យវែងឆ្ងាយ សម្រាប់ជាគោលមាគ៌ា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ស្របនឹងការវិវឌ្ឍនៃសភាពការណ៍សកលលោក ដែលសព្វថ្ងៃកំពុងប្រឈមទៅនឹងនិន្នាការ នៃការវិលត្រលប់នូវការស្អប់ជាតិសាសន៍ដទៃ ដែលមិនមែនជាតិសាសន៍ខ្លួនឯង និងការបណ្ដុះបណ្ដាលឱ្យមានភាពតានតឹងនៅក្នុងតំបន់ និងការប្រឈមមុខគ្នា ខាងភូមិសាស្ត្រនយោបាយ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកជាបណ្តុំសភាធំមួយដែលមានចក្ខុវិស័យកសាងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក ។ វេទិកានេះបានបង្កើតនៅក្នុងឆ្នាំ១៩៩៣នៅប្រទេសជប៉ុន ដែលបច្ចុប្បន្នមានសមាជិកចំនួន២៧ប្រទេស។ ជាមួយការគំាទ្រកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិកនាឱកាសនេះ ថាជាយន្តការមួយដើម្បីកសាងសុខសន្តិភាពប្រកបដោយចីរភាព សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានជម្រាបគណៈប្រតិភូ APPF ថា កម្ពុជាជាប្រទេសមួយដែលកាលពី៤០ឆ្នាំមុនជាវាលពិឃាត។ ហើយនៅក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំមកនេះ កម្ពុជាមិនដែលមានរដ្ឋាភិបាលមួយក្នុងប្រទេសមួយទេ។ អតីតកាលកម្ពុជា យ៉ាងហោចណាស់មានពីរតំបន់ក្នុងប្រទេសមួយ។ ការគ្រប់គ្រងពីរក្នុងប្រទេសតែមួយ ហើយមានពេលខ្លះមានតំបន់គ្រប់គ្រងដល់ទៅ៤ក្នុងប្រទេសតែមួយ។

ប្រទេសកម្ពុជាបានរំដោះចេញពីរបបប៉ុលពតកាលពីថ្ងៃ៧មករាឆ្នាំ១៩៧៩ ហើយចាប់ពីឆ្នាំ១៩៩៨មកទេ ដែលកម្ពុជាទទួលបានសុខសន្តិភាពពិតប្រាកដ។ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា តាមរយៈគោលនយោបាយឈ្នះឈ្នះ ចាប់ពីឆ្នាំ១៩៩៨ កម្ពុជាបានក្លាយជាប្រទេសមួយដែលមានព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងការគ្រប់គ្រងតែមួយ។ សម្តេចបានគូសបញ្ជាក់មានតែសន្តិភាពដែលអាចឲ្យយើងមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិបាន។

បន្ទាប់ពីបានឆ្លងកាត់សង្រ្គាមកម្ពុជាបានកំពុងប្រែក្លាយពីប្រទេសពឹងលើវិស័យកសិកម្មទៅជាប្រទេសពឹងលើខាងឧស្សាហកម្ម និងសេវាកម្ម។ សេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម៧% នៅក្នុងរយៈពេលចុងក្រោយនេះ។ ភាពក្រីក្រនៅកម្ពុជាបានកាត់បន្ថយជាបន្តបន្ទាប់ ហើយនៅពេលនេះសល់តែប្រមាណ១០%ប៉ុណ្ណោះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំរុញឲ្យ APPF រួមគ្នាគោរពតួនាទីអង្គការសហប្រជាជាតិ អាស៊ាន ហើយប្រកាន់ភ្ជាប់នូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដើម្បីបំពេញតួនាទីដ៏សំខាន់បម្រើប្រជាពលរដ្ឋជារួម៕

(ប្រភពព័ត៌មាន: យោងតាម freshnewsasia.com)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤