ក្នុងពិធីបុណ្យកាន់បិណ្ឌនៅកម្ពុជា អ្នកស្រី ភួង មករា គ្រងសម្លៀកបំពាក់ប្រពៃណីស្អាតបាត ដៃម្ខាងកាន់ចានស្រាក់ និងដៃម្ខាងកាន់ផ្កាភ្ញី ជាមួយក្រុមគ្រួសារបានដើរសំដៅទៅលាងសម្អាតដៃ មុនពេលចូលសាលាឆាន់នៃអារាមអង្គរជ័យ ស្រុកកៀនស្វាយ បំណងប្រគេនចង្ហាន់ បច្ច័យដល់ព្រះសង្ឃ និងរាប់បាត្រទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។
ភ្ញៀវទស្សនា និងផ្ដល់ចំណីដល់ត្រីធំៗស្ទើរពេញស្រះទឹក។
មិនខុសពីអារាមទូទាំងប្រទេស វត្ដអង្គរជ័យទទួលពុទ្ធបរិស័ទមករៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលចាប់ផ្ដើមពីថ្ងៃទី ៣ ដល់ ១៧ ខែកញ្ញា ដោយមានការចូលរួមយ៉ាងច្រើនកុះករ។ ប៉ុន្ដែការអនុវត្ដពិធីបុណ្យឆ្នាំនេះ ប្រជាពុទ្ធបរិស័ទត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍រស់នៅតាមគន្លងថ្មី។ ព្រះតេជគុណព្រះនាម ទន់ សុភ័ក្ដ្រ ជាភិក្ខុគង់នៅវត្តនេះជាង ១០ វស្សា មានសង្ឃដីកាថា៖ «ខាងវត្តក៏មានការចាក់ផ្សាយឲ្យប្រជាពលរដ្ឋមានការរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តការរក្សាគម្លាតសុវត្ថិភាពផ្សេងៗ»។ ព្រះអង្គបន្ដថា៖ «តាមពិតប្រជាពលរដ្ឋក៏មានការយល់ដឹងខ្លួនឯងដែរ។ ពួកគាត់ព្យាយាមនៅជុំតែជាមួយគ្រួសាររៀងៗខ្លួន ហើយបើទោះមិនមានការពាក់ម៉ាស់គ្រប់ៗគ្នា ក៏ពួកគាត់មានជែលលាងដៃ និងអាល់កុលគ្រប់គ្នា»។
បន្ទាប់ពីបញ្ចប់កិច្ចការបុណ្យទានទៅតាមប្រពៃណីពុទ្ធចក្រ និងលាងសម្អាតដៃជាមួយអាល់កុលរួចរាល់ អ្នកស្រី មករា រួមទាំងស្វាមី និងកូន ប្រុស នាំគ្នាមកអង្គុយសម្រាកក្នុងក្យូសធំទូលាយស្ថិតក្នុងបរិវេណទីអារាម និងចំណាយពេលមួយរសៀលលម្ហែនៅរមណីយារាមវត្ដអង្គរជ័យ។ ក្រោយពេលទទួលទានអាហារថ្ងៃត្រង់ អ្នកស្រី ភួង មករា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅក្នុងក្យូសអែបដើមអម្ពិលបារាំងថា៖ «តាមពិតទៅ ខ្ញុំជាអតីតកូនសេក្ខលោកក្នុងវត្ដនេះ តាំងពីក្មេងៗ ដែលបង្រៀនដោយចៅអធិការវត្ដ។ ខ្ញុំតែងតែមកទីនេះតាំងពីមិនសូវមានមនុស្សអ៊ូអរ អត់មានត្រីសម្រាប់មើល និងមិនមានក្យូសអង្គុយលេងម្ល៉េះ»។
ទីអារាមសក្ការបូជា ក៏មានណែនាំពីអនាម័យ និងបរិស្ថានផងដែរ។
អ្នកស្រីបាននិយាយបន្ដមុនពេលនាំកូនចុះដាក់ចំណីត្រីថា៖ «ទីនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ជ្រះថ្លា ចាកផុតពីទុក្ខកង្វល់ ហើយពេលនេះ ខ្ញុំមានគ្រួសារ ខ្ញុំនៅតែនាំពួកគាត់មកលេង ដាក់ចំណីត្រី និងធ្វើបុណ្យទាននៅទីនេះដដែល។ ទីនេះ រំឭកដល់អតីតកាលរបស់ខ្ញុំ»។ ស្ថិតក្នុងបរិវេណធំទូលាយ អារាមមានក្យូសសង់ប្រ៉បលើស្រះ ស្ពាននាគថ្មឆ្លងកាត់ និងស្ពានឈើប្រ៉បផ្ទៃទឹកសម្រាប់ភ្ញៀវទស្សនា និងផ្ដល់ចំណីត្រីធំៗឡើងខាប់ទឹក ដែលស័ក្ដិសមនឹងអ្នកចូលចិត្ដភាពស្ងប់ស្ងាត់ គ្មានគ្រឿងបំពងសំឡេងតន្ដ្រីចម្រៀង និងគ្រឿងស្រវឹង។
សួនបុប្ផាជួយបង្កើនសម្រស់បរិស្ថានស្អាតក្នុងទីអារាម។
ព្រះភិក្ខុ ទន់ សុភ័ក្ដ្រ ព្រះជន្ម ២៧ វស្សា មានសង្ឃដីកាអំពីគោលបំណងនៃការកសាងទីលម្ហែក្នុងអារាមនេះ គឺដើម្បីរំដោះពុទ្ធបរិស័ទ ក៏ដូចជាមហាជនឲ្យមានកន្លែងសម្រាកកាយ បន្ទាប់ចុះពីសាលាឆាន់។ ព្រះអង្គមានសង្ឃដីកា ខណៈសូរព្រះធម៌បន្លឺចេញពីសាលាឆាន់ថា៖ «ដំបូងឡើយ វត្តនេះមានសភាពស្ងាត់មនុស្សដែរ តែក្រោយពេលព្រះចៅអធិកាវត្ត សុខ វាសនា បាននិមន្តមក លោកក៏ផ្ដើមបូមទឹករៀបចំចិញ្ចឹមត្រីយកពីស្ទឹងមុខវត្តមកដាក់ស្រះ។ ចាប់ពីពេលនោះដោយឃើញត្រីច្រើនពុទ្ធបរិស័ទក៏ផ្អើលមកកុះករ ហើយលោកក៏បានផ្ដើមគំនិតកសាងក្យូសឡើងកាលពី ៣ ទៅ ៤ ឆ្នាំមុន»។ នៅលើផ្ទៃដីប្រមាណ ១០ ហិកតា វត្ដអង្គរជ័យ មានក្យូសចំនួន ២១ និងស្ពានដែកប្រវែង ៧០ ម៉ែត្រ ព្រមទាំងស្ពានឈើខ្វាត់ខ្វែងសង់ប៉្របទឹក សម្រាប់ឲ្យប្រជាជនសម្រាកកម្សាន្ដ ទទួលទានអាហារជុំគ្នា និងផ្ដល់ចំណីត្រីដ៏ច្រើនមីរដេរដាស ដែលរង់ចាំវត្ដមានភ្ញៀវមកផ្ដល់ចំណីឲ្យពួកវា។
ក្យូសអែបមាត់ស្រះ ជាទីសម្រាកលម្ហែកាយ ដោយគ្មានសំឡេងរំខាននៃតន្ត្រី និងគ្រឿងស្រវឹង
ព្រះតេជគុណ សុភ័ក្ដ្រ មានសង្ឃដីកាថា៖ «ចំពោះបរិស្ថានយើងមានតែការលើកទឹកចិត្តឲ្យភ្ញៀវចេះថែរក្សាអនាម័យ និងការបោះចោលសំរាមឲ្យបានត្រឹមត្រូវដោយខ្លួនឯង»។ ក្រៅពីបរិស្ថានស្អាត ម្លប់ត្រឈឹងត្រឈៃ ទឹកស្ទឹង និងស្រះទឹកដែលសម្បូរត្រីធំៗ សួនបុប្ផាក៏ជាចំណុចទាក់ទាញ និងបង្កើនសម្រស់បរិស្ថានស្អាតក្នុងទីអារាមនេះផងដែរ។ ចាប់ពីផ្កាឈូក ស្បៃរឿង និងសួនច្បារតូចៗនៅតាមអគារនីមួយៗ ក៏ដូចជាបរិវេណអារាមទាំងមូល ទិដ្ឋភាពដ៏ស្រស់ត្រកាលនេះមួយផ្នែកបានមកពីការចូលរួមរបស់ភ្ញៀវមកកម្សាន្ដដែរ។ រមណីយារាមវត្ដអង្គរជ័យស្ថិតក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
«ទឹកធ្លាក់ជ្រាវ» នៅខេត្តកំពង់ស្ពឺ
កន្លែងមួយទៀត ដែលប្រជាពលរដ្ឋ ដែលមានគម្រោងធ្វើដំណើរកម្សាន្ត អាចជ្រើសរើសរមណីយដ្ឋាន «ទឹកធ្លាក់ជ្រាវ» នៅខេត្តកំពង់ស្ពឺ សម្រាប់លំហែកាយ និងកម្សាន្តសប្បាយនាថ្ងៃឈប់សម្រាក។ «ទឹកធ្លាក់ជ្រាវ» ជាតំបន់ទេសចរណ៍មួយដែលមានឈ្មោះល្បីក្នុងខេត្តកំពង់ស្ពឺ បានទាក់ទាញភ្ញៀវទេសចរ តាមរយៈសម្រស់ទឹកធ្លាក់ដែលអាចឲ្យទេសចរងូតលេងកម្សាន្ត មើលសម្រស់ព្រៃឈើយ៉ាងស្រស់បំព្រង។ លើសពីនេះ ភ្ញៀវទេសចរអាចបោះតង់សម្រាកនៅចង្កេះភ្នំជ្រាវ គេងស្ដាប់សំឡេងសត្វព្រៃជាមួយអាកាសធាតុត្រជាក់ និងមើលសម្រស់ព្រៃភ្នំ។ សម្រាប់ទេសចរដែលចង់ទៅបោះតង់គួតែទាក់ទងជាមួយប្រជាជនក្នុងសហគមន៍ ដើម្បីការពារសុវត្ថិភាព និងជៀសវាងការវង្វេងក្នុងព្រៃ។ នេះបើយោងតាមការៀបរាប់របស់លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ។
តំបន់ទេសចរណ៍ជ្រាវ បានត្រៀមខ្លួនជាស្រេច ដើម្បីទទួលភ្ញៀវទេសចរ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លើកឡើងថា៖ « យើងបានត្រៀមខ្លួនក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ដូចជា ទឹកជ្រោះជ្រាវ រមណីយដ្ឋានគីរីរម្យក្រោម ឧទ្យានជាតិគីរីរម្យ ភ្នំខ្នងផ្សា និងតំបន់ទេសចរណ៍ផ្សេងទៀត ត្រូវមានការរៀបចំទទួលភ្ញៀវទេសចរនៅពេលឈប់សម្រាកខាងមុខ ទៅលើសេវាកម្មម្ហូបអាហារ និងមានការអភិវឌ្ឍន៍សេវាកម្មទេសចរណ៍ដែលក្នុងសហគមន៍គាត់មាន»។
(ប្រភពព័ត៌មាន: postkhmer.com)
មតិពីមិត្តអ្នកអាន