Trending now

យូណេស្កូ​សម្ពោធ​សៀវភៅ​ ២ ​ក្បាល​ជា​ភាសា​ខ្មែរ គឺ​សៀវភៅ​សុវត្ថិភាព​អ្នកកាសែត​ និង​កូវីដ​ ១៩

13:26 | 28/01/2021 (ហេង វុធ្ធ)

ដើម្បី​លើកកម្ពស់​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ឲ្យ​សម​ស្របតាម​ស្តង់ដា​អន្តរជាតិ អង្គការ​យូណេស្កូ​បាន​សម្ពោធ​សៀវភៅ​ ២ ​ក្បាល​ជា​ភាសា​ខ្មែរ គឺ​សៀវភៅ​ណែនាំ​ស្តីពី​សុវត្ថិភាព​អ្នកសារព័ត៌មាន និង​សៀវភៅ​កូវីដ ​១៩ ស្តីពី​តួនាទី​របស់​តួអង្គ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ការការពារ និង​លើកកម្ពស់​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​ដែល​ពិធី​នេះ​ធ្វើ​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ពីថ្ងៃ​ទី​ ២៥ មករា​។

យូណេស្កូ​សម្ពោធ​សៀវភៅ​ ២ ​ក្បាល​ជា​ភាសា​ខ្មែរ គឺ​សៀវភៅ​សុវត្ថិភាព​អ្នកកាសែត​ និង​កូវីដ​ ១៩

លោក​ Mikel Aguirre Idiaquez អ្នកជំនាញ​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​នៃ​អង្គការ​យូណេស្កូ​ថ្លែង​ថា សៀវភៅ​ណែនាំ​ស្តីពី​សុវត្ថិភាព​អ្នក​សារព័ត៌មាន​មាន​រូបរាង​តូច​អាចដាក់​ជាប់​ខ្លួន​បាន​។ សៀវភៅ​នេះ​និយាយ​ពី​ការពិនិត្យ​មើល​សុវត្ថិភាព​ផ្ទាល់ខ្លួន ការត្រៀមខ្លួន​មុន​ចុះទៅ​យក​ព័ត៌មាន និង​ការសម្រប​ខ្លួន​នៅពេល​ជួប​បញ្ហា​ផ្ទាល់​។ ជាពិសេស គឺ​ការចុះ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​មាន​ជម្លោះ បញ្ហា​សិទ្ធិមនុស្ស បញ្ហា​រឿង​បរិស្ថាន ឬ​ការការពារ​ធនធាន​ធម្មជាតិ​ផ្សេងៗ​។

លោក​ថ្លែងថា​៖ «​ជាក់ស្តែង វា​មាន​និយាយ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន សុវត្ថិភាព​រាងកាយ មុន​ចុះ​ទៅយក​ព័ត៌មាន តើ​មាន​អ្វីខ្លះ​ដែល​ត្រូវ​ពិនិត្យ ជួនកាល​ទៅ​តំបន់​មួយ​ដែល​មាន​ជម្លោះ​ ឬ​បញ្ហា​ប្រឈម​ផ្សេងៗ អ៊ីចឹង​មុននឹង​ចុះទៅ តើ​យើង​ត្រូវ​ពិចារណា​លើ​អី​ខ្លះ ហើយ​បើ​មាន​បញ្ហា​កើតឡើង យើង​មាន​ប្រតិកម្ម​យ៉ាងម៉េច​?»​។

បើតាម​លោក​ Mikel ក្នុង​សៀវភៅ​ណែនាំ​នោះ​មាន​ផ្នែក​មួយ​ទាក់ទង​ជាមួយ​សុវត្ថិភាព​ឌីជីថល ដែល​បង្ហាញ​ពី​របៀប​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​កំណត់ត្រា និង​ប្រភព​មាន​សុវត្ថិភាព​។ បន្ថែម​លើ​នោះ​ក៏មាន និយាយ​ពី​បញ្ហា​ប្រឈម​របស់​ស្ត្រី​ជា​អ្នក​សារព័ត៌មាន​ផងដែរ ព្រោះនេះ​ជា​បញ្ហា​ប្រឈម​បន្ថែម​ទាក់ទង សុវត្ថិភាព​នៅ​ពេល​ស្ត្រី​អនុវត្ត​ការងារ​ដែល​អាចមាន​បញ្ហា​ប្រឈម​ និង​ការបៀតបៀន​ផ្លូវភេទ​។

ចំណែក​សៀវភៅ​កូវីដ​ ១៩ ស្តីពី​តួនាទី​របស់​តួអង្គ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ការការពារ និង​លើកកម្ពស់​សិទ្ធិសេរីភាព​បញ្ចេញមតិ មាន​គោលការណ៍​ណែនាំ​ដែល​មាន​ប្រយោជន៍​សម្រាប់​ចៅក្រម និង​តុលាការ​ទាំង​អ្នក​នៅ​ថ្នាក់ជាតិ និង​អន្តរជាតិ ដើម្បី​ធានា​ឲ្យ​មាន​ការអនុវត្ត​ស្តង់ដា​សិទ្ធិមនុស្ស​អន្តរជាតិ​។ ថ្នាក់​តំបន់​ផ្តោតលើ​សេរីភាព​បញ្ចេញមតិ និង​ការរក្សា​ភាពជា​ឯកជន នៅពេល​ធ្វើការ​កាត់សេចក្តី​លើ​សំណុំរឿង​ពាក់ព័ន្ធ​ការឆ្លើយតប​របស់​រដ្ឋ ចំពោះ​កូវីដ​១៩​ដែល​បង្ក​ផលប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន សិទ្ធិ​ទទួលបាន ព័ត៌មាន រក្សា​ភាព​ជា​ឯកជន និង​សុវត្ថិភាព​របស់​អ្នកសារព័ត៌មាន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក Mikel​។

លោក​ថ្លែងថា​៖ «​ឯកសារ​នេះ​មាន​សារៈសំខាន់​ណាស់ ពិសេស​សម្រាប់​សហការី​របស់​យើង មិត្តភក្តិ​របស់​យើង​ដែល​គាត់​ជា​មេធាវី​ក៏​ដូចជា​ស្ថាប័ន​ដែល​ធ្វើការ​ជាមួយ​អ្នកកាសែត ជា​អ្នក​ធ្វើការ​តស៊ូ​មតិ ហើយ​វា​ក៏​ជា​ឯកសារ​សំខាន់ សម្រាប់​ក្រសួង​ព័ត៌មាន​ដែល​កំពុង​ស្វែងរក​ការបង្កើត​យុទ្ធសាស្ត្រ ឆ្លើយតប​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​»​។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ថ្លែងថា ដំណើរការ​ក្នុង​ប្រព័ន្ធតុលាការ​នៅ​មិនទាន់​មាន​ប្រសិទ្ធភាព​ត្រឹមត្រូវ​ដែល​អាច​ទទួល​បាន​នៅឡើយ​ទេ ទោះបី​បច្ចុប្បន្ន​កម្ពុជា​មាន​តុលាការ ៣ ​ថ្នាក់ ចាប់ពី​សាលាដំបូង សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​។ មាន​ទាំង​ស្ថាប័ន​ត្រួតពិនិត្យ​តុលាការ​ដែល​មាន​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម និង​ស្ថាប័ន​ត្រួតពិនិត្យ​ផ្សេងៗ​ទៀត ដែល​ធ្វើការ​អនុវត្ត​ក្នុង​ដំណើរការ​ក្នុង​ប្រព័ន្ធតុលាការ​។

លោក​ថ្លែងថា​៖ «​វា​ពាក់ព័ន្ធ​បុគ្គល​ក្នុង​ការធ្វើ​ការងារ​គ្មាន​ភាពឯករាជ្យ គ្មាន​សុច្ឆន្ទៈ​ហ៊ាន​អារកាត់ ប្រើ​អំណាច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នេះ​គឺជា​បញ្ហា​ដែល​យើង​មើលឃើញ​ទាំងអស់​គ្នា​។ ស្ថាប័ន​ក៏​អ៊ីចឹង​ដែរ ការអនុវត្ត​ច្បាប់​ដោយ​មាន​នីតិរដ្ឋ មិនមែន​និយាយ​ឲ្យ​តែ​បាន​ទេ គឺ​ពាក់ព័ន្ធ​នឹង​អ្នកប្រតិបត្តិ​ទាំងអស់​ហ្នឹង តើ​គាត់​មាន​ភាពឯករាជ្យ​ឬ​អត់​?»​។

លោក គង់ ពិសី មេធាវី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ថ្លែង​ថា ការអនុវត្ត​ការងារ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​តែ​មិនទាន់​មាន​ភាពត្រឹមត្រូវ​ច្បាស់លាស់ ព្រោះ​មាន​ការចោទប្រកាន់​មួយ​ចំនួន​ហាក់​មិនសូវ​ត្រឹមត្រូវ ដោយសារ​គ្មាន​ភ័ស្តុតាង​ជាក់លាក់​។

លោក​ថ្លែងថា​៖ «​ការចោទប្រកាន់ ដូចជា​ការចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស យើង​ឃើញ​ថា ការញុះញង់​គឺ​ត្រូវមាន​អ្នក​ញុះញង់ និង​អ្នកធ្វើ​។ ប្រសិនបើ​គ្រាន់តែ​និយាយ​ប្រាប់​នរណាម្នាក់ តែ​មិនទាន់​មាន​ការប្រព្រឹត្ត​បទល្មើស​ណា​មួយ​ផង ក៏​ចោទប្រកាន់​នោះ​មិន​ត្រឹមត្រូវ​ទេ​»​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ឲ្យ​ដឹងថា យន្តការ​នៃ​ការអនុវត្ត​ច្បាប់​មិន​ថា​សកម្មជន​នយោបាយ​ ឬ​នរណាម្នាក់​នោះ​ទេ​ឲ្យ​តែ​ប្រព្រឹត្តល្មើស​ក្នុង​ផ្លូវច្បាប់ ហើយ​មាន​មូលដ្ឋាន​រឹងមាំ​នោះ សមត្ថកិច្ច​ពាក់ព័ន្ធ​នឹងធ្វើ​ការចោទ​ប្រកាន់ និង​ដំណើរការ​តាម​នីតិវិធី​។

លោក​ថ្លែងថា​៖ «​ការលើកឡើង​ក្នុង​ន័យ​ថា​មិនអាច​ទទួល​យក​បាន ចំពោះ​ការអនុវត្ត​ការងារ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ជា​ចេតនា​នយោបាយ​របស់​ពួកគាត់ ក្នុង​ការការពារ​ដល់​សកម្មជន​នយោបាយ​ដែល​ប្រព្រឹត្ត​ល្មើស ហើយ​ត្រូវ​ទទួល​ខុសត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​នៅ​កម្ពុជា ដែល​ពួកគាត់​ធ្វើការ​ការពារ​អ្នក​ទាំងនោះ ប៉ុន្តែ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​រឹងមាំ​ក្នុង​ការការពារ​បាន​»៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: postkhmer.com)

(ហេង វុធ្ធ)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤