Trending now

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបញ្ជ្រាបគុនល្បុក្កតោ ក្នុងវិស័យកងទ័ព

18:37 | 08/08/2020

ពិធីបិទវគ្គហ្វឹកហ្វឺនអន្តរាគមន៍ពិសេសក្បាច់គុនកងយោធពលខេមរភូមិន្ទ និងបើកវគ្គបំប៉នជំនាញ ស៊ើប ការណ៍ប្រដាប់អាវុធរបស់កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយមានសិក្ខាកាមជិត១០០នាក់ ដោយ​មានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើគោក និងជា​មេបញ្ជាការយោធភូមិភាគ៥។

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបញ្ជ្រាបគុនល្បុក្កតោ ក្នុងវិស័យកងទ័ព

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​ច័ន្ទ ​សារុន​ សមាជិករដ្ឋសភា​ និងជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ​កម្ពុជាបាន​បង្ហាញ​ក្តីសោមនស្សរីករាយ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យការពារជាតិផ្នែកក្បាច់គុន ដោយ​បាន​ចូលរួមក្នុងការដំណើរការរៀបចំចងក្រងឯកសារសៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ ហើយ​បាននិងកំពុងរៀបចំជាឯកសារវីឌីអូសម្រាប់បង្កភាពងាយស្រួលក្នុងផ្ទេរនូវជំនាញក្បាច់គុនក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងបណ្តុះបណ្តាលយោធាចារ្យក្បាច់គុន សម្រាប់បំពេញតម្រូវការរបស់អង្គភាព​កង​កម្លាំង​នានា ដែលរៀបចំវគ្គបណ្តុះបណ្តាលក្បាច់គុនកងយោធពលខេមរភូមិន្ទ។ លោកអគ្គលេខាធិការ​រូបនេះ​បានបន្ថែមទៀតថា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកងយោធពលខេមរភូមិន្ទបានធ្វើកិច្ច​សហការ​គ្នាប្រមាណ៤ឆ្នាំមកហើយ ដើម្បីបញ្រ្ជាបគុនល្បុក្កតោ ដែលក្បាច់គុនអត្តសញ្ញាណជាតិ ព្រលឹងជាតិខ្មែរឱ្យ​ទៅជាក្បាច់គុនកងទ័ពក្នុងពេលដំណាលគ្នានេះដែរក៏កំពុងខិតខំអភិវឌ្ឍន៍វិស័យកីឡាគុនល្បុក្កតោទៅ​កាន់ ស្រទាប់កុមារ យុវជន និងមហាជននានា។

លោកបានបន្ដថា នេះគឺជាយុទ្ធសាស្ត្រដ៏ធំរបស់ខ្លួនក្នុង​គោលដៅ​ចម្បងៗចំនួនពីរ ទី១ គឺ កំពុងជំរុញបន្ថែមឱ្យ​ក្បាច់គុនព្រលឹងជាតិមួយនេះទទួលបាន​ជោគជ័យ​នៃការដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ ដែលបានដាក់ការស្នើសុំរួចហើយនៅអង្គការ​យូណេស្កូ ដោយរង់ចាំការប្រកាសលទ្ធផលនាពេលខាងមុខ។ ទី២-ការបញ្ជាបក្បាច់គុននេះ គឺជាយុទ្ធ​សាស្ត្រចម្បង ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកប​ដោយភាពជឿជាក់ និងក្តីសង្ឃឹមបំផុត ដោយក្រុមទី១ គឺរំពឹងលើក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ និងក្រុមទី២ រំពឹងលើក្រុមយោធា ដែលអាចជាកីឡាករមានទេពកោលស្យត្រៀមចូលរួមប្រកួតស៊ីហ្គេមបាន តាមរយៈការប្រកួតជម្រុះជាដើម។ លោកបានបន្ថែមថា ដូច្នេះ ទើបសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាកំពុង​ខិតខំបញ្ជ្រាបការហ្វឹកហាត់ ការបណ្តុះបណ្តាលកាន់តែសម្បូរបែប ដើម្បីឲ្យសហព័ន្ធមានជម្រើសកាន់​តែ​ច្រើន ក្នុងការជ្រើសរើសអត្តពលិកប្រកបដោយសក្តានុពល ដណ្តើមបាននូវភាពជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

(ប្រភពព័ត៌មាន: AKP)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤