Trending now

រដ្ឋមន្រ្តីទេសចរណ៍៖ កម្ពុជាស្វាគមន៍ជានិច្ច រាល់ការវិនិយោគ របស់ជប៉ុន

08:50 | 30/09/2020

លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្ពុជាទទួល ស្វាគមន៍ជានិច្ច រាល់ការវិនិយោគរបស់ជប៉ុន ពិសេសក្នុងវិស័យទេសចរណ៍ ព្រោះកម្ពុជា មានសក្ដានុពលយ៉ាងច្រើន សម្បូរបែប ដែលអំណោយផល សម្រាប់ការវិនិយោគ លើវិស័យទេសចរណ៍ ពិសេសគឺវិស័យអេកូទេសចរណ៍ វិស័យកសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទជាដើម។

លោកថោង ខុន រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា

ក្នុងពិធីសម្ពោធភោជនីយដ្ឋាន សាប៊ូសាប៊ូ អនយ៉ាសៃ ខេមបូឌា (SHABU SHABU ON-YASAI) សាខាទី២ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ លោកថោង ខុន បានថ្លែងថា ជប៉ុនជាមិត្តយ៉ាងជិតស្និទ របស់កម្ពុជា។

លោកបន្តថា “ដូច្នេះ កម្ពុជាត្រៀមខ្លួនជានិច្ច ក្នុងការស្វាគមន៍ ផ្តល់បដិសណ្ឋារកិច្ចដ៏ល្អ ប្រកបដោយភាពកក់ក្តៅ ចំពោះវិនិយោគិន និងទេសចរជប៉ុន”។

ក្នុងឱកាសនោះលោកបញ្ជាក់ថា ក្រសួងទេសចរណ៍បាន និងកំពុងរៀបចំផែនការស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជាក្នុងពេល និងក្រោយពេលវិបត្តិកូវីដ១៩ ដែលត្រូវរៀបចំជា ៣ ដំណាក់កាលរួមមាន៖ ដំណាក់កាលទី១ ការគ្រប់គ្រងវិបត្តិ ក្នុងដំណាក់កាលប្រក្រតីភាព តាមទម្លាប់ថ្មី (New Normal) និងរៀបចំផែនការ សម្រាប់ការស្តារឡើងវិញ ចាប់ពីឆមាសទី២ ឆ្នាំ២០២០ រហូតដល់ឆមាសទី១ ឆ្នាំ២០២១។

ដំណាក់កាលទី២ ការជំរុញ និងការស្តារឡើងវិញ នៃវិស័យទេសចរណ៍ក្រោយវិបត្តិ ដែលមានរយៈពេល ចាប់ពីឆមាសទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០២២ និងដំណាក់កាលទី៣ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មី នៃវិស័យទេសចរណ៍កម្ពុជា ដែលមានរយៈពេល ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តីក៏បាន ថ្លែងអំណរគុណ ចំពោះវិនិយោគិនជប៉ុន ក្នុងវិស័យទេសចរណ៍ រួមមាន ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើប ដែលតែងតែបង្ហាញទំនុកចិត្តនិងឱកាសវិនិយោគ តាមរយៈការបោះទុនវិនិយោគយ៉ាងច្រើននៅកម្ពុជា។

លើសពីនេះទៀត លោកក៏បានអំពាវនាវ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធុរជន ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋ ឲ្យបន្តកិច្ចគាំទ្រ និងយកចិត្តទុកដាក់ រួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា កាន់តែរីកចម្រើន ជាលំដាប់បន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិ សរុបជាង ៦.៦លាននាក់ កើនឡើង ៦.៦% ក្នុងនោះទេសចរជប៉ុន មានចំនួន ២០៧,៦៣៦នាក់ ឈរក្នុងលំដាប់ទី៧ នៃទីផ្សារទេសចរណ៍ទាំង១០៕ ដោយ៖ធី លីថូ


(ប្រភពព័ត៌មាន: dap-news.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤