Trending now

និស្សិត ១៥ ​ក្រុម​បង្កើត​វីដេអូ​ស្ដីពី «អាជីព​ការងារ​» ទុក​ជា​ប្រទីប​ដល់​សិស្ស​ប្អូន

09:05 | 06/06/2017

និស្សិត​កម្ពុជា ១៥ ក្រុម​ មាន​គ្នា​ ៣៥ នាក់​មក​ពី​សាកល​វិទ្យាល័យ​នានា​នៅ​កម្ពុជា តាម​រយៈ ​អង្គការ​មូល​និធិ​អាស៊ី​ សហការ​ជាមួយ​ ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​រួម​គ្នា​ផលិត​វីដេអូ​អប់រំ​ ស្ដីពី «អាជីព​ការងារ» ដើម្បី​ទុក​ជា​ប្រទីប​បំភ្លឺ​ផ្លូវ ពី​ជម្រើស​ការ​ងារ ទីផ្សារ​ការងារ និង​តម្រង់​ទិស​លើ​មុខ​វិជ្ជា​សិក្សា​ទៅ​អនាគត។

ថ្លែង​ក្នុង​វេទិកា​ផ្សព្វ​ផ្សាយ​ វីដេអូ​អប់រំ​ស្ដីពី ​«អាជីព​ការងារ» ឬ Career Introductory Video​ (CIV) នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​សាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា (PUC) លោក សាយលេស អេវឺរឹត តំណាង​អង្គការ​ ​មូលនិធិ​អាស៊ី​ ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា វីដេអូ​ ចំនួន​ ១៥ ​នេះ​ ជា​គម្រោង​ផ្ដួចផ្ដើម​របស់​​អង្គការ​មូលនិធិ​អាស៊ី​ សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ទុក​​ជា​ប្រទីប​បំភ្លឺ​ផ្លូវ ផ្ដល់​ព័ត៌មាន​មូលដ្ឋាន ដល់​សិស្ស-និស្សិត ​ពី​ជម្រើស​ការងារ ទីផ្សារ​ការងារ​ ​ការ​រៀបចំ​ខ្លួន និងតម្រង់​ទិសពួកគេទៅ​ថ្ងៃ​អនាគត។

លោកបាន​ថ្លែង​ថា «វីដេអូ​ទាំង​នេះ​សង្កត់​ធ្ងន់​ទៅលើ​ STEM ដែល​ជាវិស័យ​ដ៏សំខាន់​មួយចំពោះ វិស័យ​អប់រំ និង​ផ្នែក​អភិវឌ្ឍន៍​គំនិត​ច្នៃប្រឌិត។ វាបាន​ចែក​រម្លែក​នូវ​ចំនេះ​ដឹង​នានា។ ​ខ្ញុំ​សង្ឃឹម​ថា​ វីដេអូនេះ​ មិន​ត្រឹម​តែ​អាច​ជួយ​ដល់​យុវជន​ដែល​កំពុង​​សិក្សា​នៅ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ​នោះទេ តែថែម​ទាំង​អាច​បញ្ច្រៀប​ទៅ​ដល់​ក្រុម​យុវជន​ដែល​នៅ​តាម​ជន​បទ​ផងដែរ។ ហើយ​វា​នឹងជួយ​ផ្តល់​នូវ​ក្តីសុបិន​សម្រាប់​ក្រុម​យុវជន និង​កាត់​បន្ថយ​ការ​ឈប់​រៀន។

វីដេអូ​ខ្លីប​ដែល​គេ​ចាត់​ទុក​ថា​ល្អជាងគេ ​និង​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ១ ​ក្នុង​ចំណោម​វីដេអូ​ទាំង ​១៥​ដោយ​បាន​និយាយ​ពី​អាជីព​ការងារលើ​ជំនាញ​ “វិស្វករ​សំណង់​ស៊ីវិល” នោះ​ យុវជន ​ផែន ភារុណ តំណាង​ក្រុម​មក​ពី​សាលា PUC បាន​បង្ហាញ​ថា វិស័យ​ការ​ងារ​លើ​ជំនាញ​វិស្វករ​ មាន​តម្រូវ​ការ​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​ការ​ងារ ហើយ​សិស្ស ​ក៏​អាច​សិក្សា​បាន​នៅ​សាកល​វិទ្យាល័យ​ជាច្រើន​នៅ​កម្ពុជា ​ប៉ុន្ដែ​សិស្ស​ត្រូវ​ពូកែ​លើ​មុខវិជ្ជា គណិត និង​រូបវិទ្យា​ជាមុន​សិន​។

ភារុណ បន្ដថា​ «ជំនាញ​វិស្វករ​នេះ​ សំខាន់​ណាស់​នៅ​ក្នុង​ទីផ្សារ​ការងារ​ក្នុង​ប្រទេស​កម្ពុជា ​នាពេល​បច្ចុប្បន្ន ​ព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​កំពុង​លូតលាស់ ដូច្នេះ​យើង​មាន​តម្រូវ​ការ​អ្នក​ជំនាញ​វិស្វករ​ច្រើន​ដែល​ជា​អ្នក​មាន​សមត្ថភាព​ក្នុងការ​សាងសង់ ​និង​រចនា​អាគារឲ្យ​មាន​សោភ័ណ្ឌភាព​» ។

​វីដេអូ​ខ្លីប​ដែលជាប់​ចំណាត់​ថ្នាក់​លេខ​ ២ ដែល​និយាយ​ពី​អាជីព​នៃ​ «ការងារ​គ្រប់គ្រង​ធនធាន​មនុស្ស» បង្កើត​ដោយ​ក្រុម​និស្សិត​មក​ពី​សាកល​វិទ្យា​ល័យ ន័រតុន បាន​បង្ហាញ​ តាម​រយៈការ​ចុះទៅ​សម្ភាន៍​ផ្ទាល់​ ជាមួយ​ប្រធាន​​ផ្នែក​ធនធាន​មនុស្ស​នៅ​ក្រុម​ហ៊ុន​មួយ​ចំនួន និង​បាន​បញ្ជាក់ថា តម្រូវ​ការ​បុគ្គលិក​លើ​ជំនាញ​នេះជារៀង​រាល់​ថ្ងៃ​មាន​តម្រូវ​ការ ២០ ភាគរយ​ក្រៅ​ពី​អាជីព​ដ៏ទៃ ​។

យុវជន តយ អ៊ុល តំណាង​ក្រុម​និសស្សិត​មក​ពី​សាកលវិទ្យា​ល័យន័រតុនបាន​ថ្លែង​ថា «វីដេអូរបស់​ពួកខ្ញុំ បង្កើត​ឡើង​នេះ ចង់​បង្ហាញ​ដល់​សិស្ស​ដែល​ពួកគាត់​កំពុង​សិក្សា​នៅ​វិទ្យាល័យ​ ឲ្យ​ពួកគាត់​អាច​ចាប់​យក​ជំនាញ​សិក្សា​មួយ​ដែល​ត្រឹម​ត្រូវ​តាម​ទីផ្សារ​ការងារ និងអាច​តម្រង់​ទិស​ដល់​ពួកគាត់ ដែល​មាន​ចំណាប់អារម្មណ៍​អាជីព​មួយនេះ​»។

គួរ​បញ្ជាក់ថា វីដេអូ ផ្សេង​ៗទៀត​ដែល​បាន​បង្ហាញ​ពី​ អាជីព និង​ការ​ងារ នេះ ក្រសួង​អប់រំ​ យុវជន​ និង កីឡា បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​ផ្ទាល់​របស់​ក្រសួង​អប់រំ​ផង​ដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤