Trending now

កម្ពុជា អាចនាំមៀនប៉ៃលិនទៅចិន នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២

11:42 | 10/08/2020 (បូកសរុបដោយឌីណា)

កម្ពុជា​រំពឹងថា​នឹង​អាច​ធ្វើការ​នាំចេញ​ផ្លែមៀន​ប៉ៃលិន​ទៅ​ទីផ្សារ​ប្រទេស​ចិន​ នៅ​ចុងឆ្នាំ​ ២០២១ ឬ​ដើមឆ្នាំ​ ២០២២ ខាងមុខ​ពោល​គឺ​បន្ទាប់ពី​ការនាំចេញ​ផ្លែស្វាយ​ផ្លូវការ​ទៅ​ប្រទេស​ចិន​លេចចេញ​ជា​រូបរាង​ពិត​។ នេះ​បើតាម​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

កម្ពុជា អាចនាំមៀនប៉ៃលិនទៅចិន នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។ (រូបថត៖ Thmey Thmey.com)

លោក ងិន ឆាយ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៦​សីហា ឆ្នាំ​២០២០ ថា កម្ពុជា​បាន​ផ្ញើ​របាយការណ៍​វាយតម្លៃ​ពី​ហានិភ័យ និង​សមាសភាព​ចង្រៃ​នៅលើ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន​រួច​អស់ហើយ ដោយ​នៅតែ​រង់ចាំ​មន្ត្រី​បច្ចេកទេសផ្នែក​ភូតគាម​អនាម័យ និង​អនាម័យ​ភាគី​ចិន មក​ត្រួតពិនិត្យ​បច្ចេកទេស​ដាំ​ដុះ វេច​ខ្ចប់ រក្សាទុក នៅ​កម្ពុជា​ប៉ុណ្ណោះ​។

​អគ្គនាយក​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍​ដូច្នេះ​ថា​៖«​ក្រោយពី​នាំចេញ​ផ្លែស្វាយ​ភ្លាម ហើយ​នៅពេលដែល​រដូវ​មៀន​ប៉ៃលិន​ចាប់ផ្តើម​ប្រមូល​ផល ខាង​ភាគី​ចិន​នឹង​ចុះមក​ត្រួតពិនិត្យ​វាយតម្លៃ​លើ​ផ្លែ​មៀន​ប៉ៃលិន​។ អ៊ីចឹង នេះ​ជាការ​ប៉ាន់ស្មាន និង​ព្យាករ​របស់​យើង​ក្នុង​ដើមឆ្នាំ​២០២១ យើង​អាច​នាំចេញ​ស្វាយ ហើយ​ប្រហែល​ចុងឆ្នាំ ២០២១ ឬ​ដើមឆ្នាំ ២០២២ យើង​អាច​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន​បាន​»​។

​លោក បាន​បញ្ជាក់ថា បច្ចុប្បន្ន កម្ពុ​ជាមាន​ក្រុមហ៊ុន​ឯកជន​មួយ​កំពុង​វិនិយោគ​លើ​រោងចក្រ​សម្លាប់​មេរោគ និង​វេច​ខ្ចប់​មៀន​ប៉ៃលិន​នេះ នៅក្នុង​ខេត្ត​ប៉ៃលិន​។

របាយការណ៍​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៧ ​ខែ​ដើម​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​ដំណាំ​កសិកម្ម​ជា​ផ្លូវការ​ទៅ​ក្រៅប្រទេស​បាន​ចំនួន ២,៦៨ ​លាន​តោន​កើនឡើង ៩,០៦ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩​។ ដោយឡែក​ការនាំ​ចេញ​ទៅ​ប្រទេស​ចិន មាន​ចំនួន ២៨៦ ៧៩០ ​តោន​។

​កាលពី​ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ជាមួយ​ចិន ក្នុង​ការនាំចេញ​ផ្លែស្វាយ កែវ​រមៀត​ចំនួន ៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ