Trending now

កម្ពុជា-សិង្ហបុរី គ្រោងរៀបចំមហោស្រពសិល្បៈតាមដងវិថីនាដើមឆ្នាំ២០២០ ដែលជាខួប ៥៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរ

21:09 | 22/11/2019 (សរុបដោយវិច្ឆិកា)

ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សិង្ហ​បុរី ចាប់ពី​ឆ្នាំ​១៩៦៥-២០២០ ឱ្យ​កាន់តែ​អធិក​អធម្ម​ប្រកបដោយ​អត្ថន័យ​នោះ ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា បាន​ស្នើសុំ​កិច្ចសហការ​ជាមួយ​ក្រសួងទេសចរណ៍ ក្នុងការ​រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នោះ​គឺ «​មហោស្រព​សិល្បៈ​តាម​ដង​វិថី​» នៅ​រាជធានី​ភ្នំពេញ នា​ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខនេះ​។​

​លោក​ថោង ខុន។ (ប្រភព៖​cpp.org.kh)

ការស្នើសុំ​កិច្ចសហការ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក តាន់ មីឆា​អ៊ែ​ល (Michael Tan) ឯកអគ្គ​រដ្ឋ​សិង្ហ​បុរី​ប្រចាំ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​នេះ​បើតាម​វេ​ប​សាយ​ក្រសួងទេសចរណ៍​បាន​ប្រាប់អោយដឹង​នៅ​រសៀល​ថ្ងៃទី​20​ខែវិច្ឆិកា​នេះ​។​

​លោក​ទូត​សិង្ហ​បុរី បានឱ្យដឹងថា ស្ថានទូត​របស់​លោកមា​ន​បំណង​ចង់​រៀបចំ​ឱ្យមាន «​មហោស្រព​សិល្បៈ​តាម​ដង​វិថី ឬ​ហៅថា Street Art Festival» នៅ​រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សិង្ហ​បុរី​។ ហេតុ​ដូច្នេះហើយ ទើប​ស្ថានទូត​សិង្ហ​បុរី​ស្នើសុំ​ឱ្យមាន​ការសហការ​ពី​សំណាក់​ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​របស់​កម្ពុជា ដើម្បី​ផ្ដល់​អនុសាសន៍​បន្ថែម និង​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ និង​វប្បធម៌​នេះ​ឱ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​អធិក​អធម្ម និង​បន្សល់ទុក​នូវ​អត្ថន័យ​ស្ថិតស្ថេរ​យូរអង្វែង​។​

​លោក ថោង ខុន ពិតជា​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​បំណង​ចង់​រៀបចំ «​មហោស្រព​សិល្បៈ​តាម​ដង​វិថី​» ខាងលើនេះ ដោយបាន​ចាត់​ឱ្យ​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​សហការ​ជាមួយ​ស្ថានទូត​សិង្ហ​បុរី និង​ក្រសួង​វប្បធម៌ ធ្វើយ៉ាងណា​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឱ្យបាន​ល្អប្រសើរ​។​

​លោក តាន់ មីឆា​អ៊ែ​ល បាន​លើកឡើងថា នា​ព្រឹត្តិការណ៍​មហោស្រព​នោះ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទូទៅ​ក៏​អាច​ចូល​លេង​កម្សាន្ត ទស្សនា​សិល្បៈ​ចម្រុះ ទទួលទាន​អាហារ និង​ភេសជ្ជៈ គូ​គំនូ​លើ​ជញ្ជាំង​ដែល​គេ​រៀបចំ​ទុក​សម្រាប់​គូ​គំនូ ព្រមទាំង​មានកម្ម​វិធី​កម្សាន្ត​ផ្សេងៗ​ទៀត​ជាច្រើន​។ ប្រសិនបើ​ការរៀបចំ​មហោស្រព​នេះ​ទទួលបាន​ជោគជ័យ ស្ថានទូត​សិង្ហ​បុរី​នឹង​បន្ត​កិច្ចសហការ​រៀបចំ​នៅតាម​បណ្ដា​ខេត្ត​សំខាន់ៗ​ផ្សេងទៀត ដូចជា ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តបាត់ដំបង​ជាដើម​។​

លោក តាន់ មីឆា​អ៊ែ​ល (Michael Tan)។ (ប្រភព៖ rasmeinews)

​លោក​ថោង ខុន បាន​បញ្ជាក់ថា ការរៀបចំ​ឱ្យមាន​មហោស្រព​សិល្បៈ​តាម​ដង​វិថី ក៏ដូចជា​ការរៀបចំ​ពិព័រណ៍​ម្ហូបអាហារ​ផង​នោះ ក៏​ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាននិងកំពុង​ជំ​រុញឱ្យ​ការរៀបចំ «​វិថី​ម្ហូបអាហារ ឬ Food Street និង​ម្ហូបអាហារ​តាម​ដង​វិថី ឬ Street Food» ហើយក៏​ជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​ចាំបាច់​ណាស់ដែរ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​គោលដៅ​នានា ពីព្រោះ​ភ្ញៀវទេសចរ​មិន​គ្រាន់តែ​ដើរ​កម្សាន្ត​ប៉ុណ្ណោះ តែ​ក៏មាន​ការទទួល​អាហារ ភេសជ្ជៈ និង​ត្រូវការ​សេវាកម្ម​ផ្សេងទៀត​ដែរ​។​

​លោក​រដ្ឋមន្ត្រី​បានបង្ហាញ​ការ​ជឿជាក់ថា ព្រឹត្តិការណ៍​ខាងលើនេះ​ក៏​នឹងចូលរួម​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍ និង​វិស័យ​ទេសចរណ៍​កម្ពុជា​បន្ថែមទៀត ព្រមទាំង​ជា​មេដែក​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​កម្ពុជា​។ បើតាម​ការ​បង្ហើប​រប​ស់លោក​ទូត​សិង្ហ​បុរី ក៏​នឹងមាន​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ ចូលរួម​ផ្សព្វផ្សាយ​ពី​មហោស្រព​នេះ​ផងដែរ​៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤