វិទ្យាស្ថានការពារព្រំដែន គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាល បំប៉ន់កម្មាភិបាល និងស្រាវជ្រាវវិទ្យាសាស្ត្ររបស់កងទ័ពការពារព្រំដែន។ វិទ្យាស្ថានការពារព្រំដែនត្រូវបានប្រគល់ភារកិច្ចបណ្តុះបណ្តាល បង្វឹកបង្ហាត់សិក្ខាកាមនៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទ។ រហូតមកដល់បច្ចុប្បន្ននេះ វិទ្យាស្ថានបានរៀបចំការបណ្តុះបណ្តាលសិក្ខាកាមរាប់រយសិក្ខាកាម។
សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ សិក្សានៅវិទ្យាស្ថានការពារព្រំដែន (រូបថត៖ Quang Huy) |
ការងារហ្វឹកហ្វឺនរបស់វិទ្យាស្ថានការពារព្រំដែន រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយការបរទេស និងគោលការណ៍របស់បក្ស និងរដ្ឋ ការទូតការពារជាតិ និងការទូតការពារព្រំដែន ហើយទន្ទឹមនឹងនោះ រួមចំណែកកសាងព្រំដែនវៀតណាម-ឡាវ-កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ចាប់តាំងពីឆ្នាំ២០០២ មក សាកលវិទ្យាល័យការពារព្រំដែន ដែលបច្ចុប្បន្នជាវិទ្យាស្ថានការពារព្រំដែនត្រូវបានក្រសួងការពារប្រទេសវៀតណាម និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ចាត់តាំងឱ្យបណ្តុះបណ្តាលសិក្ខាកាមយោធានៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទ។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ គណៈកម្មាធិការបក្ស និងគណៈនាយកនៃវិទ្យាស្ថាន តែងតែយកចិត្តទុកដាក់ដឹកនាំការិយាល័យ ដេប៉ាតឺម៉ង់ និងអង្គភាពនានា ឲ្យបង្កើតលក្ខខណ្ឌល្អបំផុតទាក់ទងនឹងកន្លែងស្នាក់នៅ ការហូបចុក សម្ភារៈបរិក្ខារ សៀវភៅសិក្សា និងឯកសារនានាជូនសិក្ខាកាមយោធានៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទ ជួយសិក្ខាកាមទទួលបានលទ្ធផលល្អក្នុងការសិក្សា និងបំពេញការងារ។
ចាប់ពីឆ្នាំ ២០០២ ដល់បច្ចុប្បន្ន វិទ្យាស្ថានការពារព្រំដែនបាន និងកំពុងជួយបណ្តុះបណ្តាលសិក្ខាកាមនៃកងទ័ពប្រជាជនឡាវ ដោយមានវគ្គបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រចំនួន ១៨ វគ្គ វគ្គកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៧ វគ្គ និងវគ្គហ្វឹកហ្វឺនជាច្រើន ជូនមន្ត្រីគ្រប់គ្រងព្រំដែន ច្រកទ្វារព្រំដែន ឈ្លបយកការណ៍ការពារព្រំដែន បញ្ជាការ - សេនាធិការ និងគ្រូបង្រៀនផ្នែកការពារព្រំដែន។ វិទ្យាស្ថានការពារព្រំដែនក៏បានបណ្តុះបណ្តាលសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទនូវវគ្គបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រចំនួន ១៩ វគ្គ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១ និងវគ្គហ្វឹកហ្វឺនស្តីពីការគ្រប់គ្រងព្រំដែន និងគ្រូបង្រៀនផ្នែកការពារព្រំដែនផងដែរ។
សិក្ខាកាមយោធាឡាវ និងកម្ពុជាដែលកំពុងសិក្សានៅវិទ្យាស្ថានការពារព្រំដែន សុទ្ធតែតស៊ូខិតខំប្រឹងប្រែងក្នុងការសិក្សា ហ្វឹកហ្វឺន មានស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក ចូលរួមការកសាងអង្គភាព និងគោរពច្បាប់រដ្ឋ វិន័យកងទ័ព និងបទបញ្ជាសាលា។ សិក្ខាកាមទាំងអស់សុទ្ធតែទទួលបានលទ្ធផលល្អក្នុងការសិក្សា មានសិក្ខាកាមជាច្រើននាក់ទទួលបានប័ណ្ណសរសើរ។ បន្ទាប់ពីបញ្ចប់ការសិក្សា ត្រឡប់ទៅប្រទេសកំណើតវិញ សិក្ខាកាមទាំងអស់បានអនុវត្តល្អចំណេះដឹងក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ សិក្ខាកាមជាច្រើនត្រូវបានតែងតាំងតំណែង និងបំពេញការងារនៅតាមអង្គភាពការពារព្រំដែននៃប្រទេសឡាវ និងកម្ពុជា ដែលជាប់នឹងប្រទេសវៀតណាម មានឱកាសប្រាស្រ័យទាក់ទងជាមួយកម្មាភិបាល យុទ្ធជននៃអង្គភាពកងទ័ពព្រំដែនវៀតណាម ហើយបានរួមគ្នាគ្រប់គ្រង និងការពារព្រំដែនជាតិយ៉ាងរឹងមាំ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។
បក្ស និងរដ្ឋ តែងតែកំណត់ទំនាក់ទំនងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ក្នុងចំណោមប្រទេសទាំងនោះ ឡាវ និងកម្ពុជា មានសារៈសំខាន់ពិសេស។ គោលនយោបាយរបស់រដ្ឋស្តីពីការការពារព្រំដែនដែលមានចែងក្នុងច្បាប់ស្តីពីការពារព្រំដែនវៀតណាមក៏បញ្ជាក់យ៉ាងច្បាស់លាស់ថា៖ “អនុវត្តគោលនយោបាយឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងស្ថិរភាពយូរអង្វែងជាមួយប្រទេសដែលមានព្រំដែនរួម ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ការទូតការពារជាតិ និងសន្តិសុខ ការទូតការពារព្រំដែន និងការទូតប្រជាជន”។ ដោយបានពង្រីកលទ្ធផលដែលសម្រេចបាន នាពេលខាងមុខវិទ្យាស្ថានការពារព្រំដែននឹងបន្តអនុវត្តការបណ្តុះបណ្តាលសិក្ខាកាមយោធាឡាវ និងកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត៕
មតិពីមិត្តអ្នកអាន