ខេត្តសៀមរាបរួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់រលកទី២ នៃជំងឺកូវីដ-១៩

14:45 2020/05/19

នៅសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដើមី្បធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឱ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា និង អំពីលទ្ធផលនៃការអនុវត្តរបស់គណៈបញ្ជា ការឯកភាពរដ្ឋបាលក្រុង ស្រុក ប្រចាំខែផងដែរ។ កិច្ចប្រជុំនេះក្រោមការដឹកនាំឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ។

ខេត្តសៀមរាបរួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់រលកទី២ នៃជំងឺកូវីដ-១៩

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប។

ឆ្លងតាមកិច្ចពិភាក្សា និងការផ្តល់មតិយោបល់របស់អង្គប្រជុំទាំងមូល ដោយផ្តោត សំខាន់ ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ចូលមកនៅតាមមូលដ្ឋាន មិនបានចូលទៅមណ្ឌលចត្តាឡីស័កនៅតាមក្រុង ស្រុក ឃុំ និងដោយពួកគាត់មិនបានធ្វើការចុះបិទលិខិតឆ្លងដែនរបស់ខ្លួន ដែលជាកត្តាគ្រោះថ្នាក់មួយចំពោះបងប្អូន នៅពេលដែលវិលទៅធ្វើការក្រៅប្រទេសវិញ ក្រោយពេលវិបត្តិកូវីដ-១៩នេះ វិនាសចេញពីភពផែនដីនេះទៅ។ អង្គប្រជុំក៏បានសំណូមពរដល់មន្ទីរមានការពាក់ព័ន្ធ ត្រូវទទួលនូវកិច្ចការនេះ ក្នុងការទំនាក់ទំនងជាមួយប្រទេសជិតខាង ដើមី្បឱ្យពួកគាត់បានប្រកបការងារទៅដោយស្របច្បាប់ទៀតផង។

ទិដ្ឋភាពនៃកិច្ចប្រជុំ។

មានប្រសាសន៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំនោះ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការឯកភាពទៅលើលទ្ធផល នៃការអនុវត្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុង ដែលបានលើកឡើង ព្រមទាំងបានធ្វើការកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលអនុវត្តន៍បានល្អ នូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់នូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងជាសហគមន៍។ ម៉្យាងទៀតក្នុងពេលដែលប្រទេសកម្ពុជា ក៏ដូចខេត្តសៀមរាប បានជួបនូវវិបត្តិកូវីដ-១៩ គ្រប់មន្ទីរ ស្ថាប័ន អង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានរួមសហការគ្នាបានល្អ ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន អំពីបញ្ហាជំងឺកូវីដ-១៩នេះ។


ទិដ្ឋភាពនៃកិច្ចប្រជុំ។

ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ផងដែរថា ទោះបីមានភាពធូរស្រាលពីជំងឺកូវីដ-១៩ នៅកម្ពុជាក៏ពិតមែន តែភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល ។ ដូច្នេះគ្រប់ស្ថាប័ន អង្គភាព អាជ្ញាធរក្រុង ស្រុក មិនត្រូវបន្ធូរបន្ថយនោះឡើយ គឺបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកទី២នៃជំងឺកូវីដ-១៩ កុំឱ្យមានការរីករាលដាល់នៅក្នុងសហគមន៍។ ឯកឧត្តម ក៏បានណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរក្រុង ស្រុក គឺត្រូវរឹតបន្តឹងចំពោះប្រជាពល រដ្ឋក្នុងមូលដ្ឋាន ដោយបងប្អូនយើងមួយចំនួន បានចាញ់ឧបាយកលរបស់មេខ្យល់ ដោយបាននាំឆ្លងដែនខុសច្បាប់ទៅប្រទេសជិតខាង ក្នុងខណៈ ដែលប្រទេសជិតខាងបានកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើមី្បបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ 

ឯកឧត្តម ទៀ សីហា ក៏បានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់កម្លាំងសមត្ថកិច្ច ត្រូវបង្កើនលើការងារសន្តិសុខជូនប្រជាពលរដ្ឋ ទាំងនៅតាមដងផ្លូវសាធារណៈ និងតំបន់ទេសចរណ៍ ។ ដោយធ្វើការជំរុញការស្តារឡើងវិញវិស័យទេសចរណ៍ សំខាន់ទេសចរក្នុងស្រុក ដោយបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ បាននិងកំពុងនិយមជិះកង់កម្សាន្តទៅតាមតំបន់រមណីយដ្ឋានធម្មជាតិ និងប្រាង្គប្រាសាទ ក៏ដូចជាការហាត់កីឡាផងដែរ។ ម៉្យាងទៀត ក៏សុំឱ្យមន្ទីរសុខាភិបាល និងមន្ទីរទេសចរណ៍ខេត្ត ពិនិត្យឡើងវិញ ចំពោះការបើកឱ្យដំណើរការឡើងវិញទៅតាមបណ្តាភោជនីយដ្ឋាន រួមទាំងទីកន្លែងប្រជុំជន ក្នុងការបង្ការទប់ស្កាត់កុំឱ្យមានការរីករាលដាលឆ្លងនូវជំងឺកូវីដ-១៩៕

(ប្រភពព័ត៌មាន: akp.gov.kh)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll