យុគសម័យ - យោងតាមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា ទទួលបន្ទុកកិច្ចការអាស៊ាន ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រី Le Minh Hung ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦ គឺជាកាលានុវត្តភាពដើម្បីឱ្យប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង និងបើកបន្ថែមនូវកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
| ពីទំនុកចិត្តផ្នែកនយោបាយ ទៅជាកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការថ្មី វៀតណាម - កម្ពុជា កម្ពុជា និងធនាគារពិភពលោក ជំរុញគម្រោងកែលម្អសន្តិសុខប្រភពទឹក |
តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៦។
ថ្លែងទៅកាន់អ្នកយកព័ត៌មានកាសែត Nhan Dan ប្រចាំនៅកម្ពុជាក្នុងឱកាសនេះ បណ្ឌិត សូ ណារ៉ូ បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង មកកាន់កម្ពុជា បានកត់សម្គាល់នូវជំហានបន្តបន្ទាប់ដ៏សំខាន់នៅក្នុងសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែមិថុនា ឆ្នាំ ២០២៦។
យោងតាមលោក កម្ពុជាសម្រេចបាននូវលទ្ធផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ជាពិសេសគឺការនាំចេញ និងនាំចូល ព្រមទាំងពង្រឹងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ក្នុងនោះរួមមានក្រុមបណ្តាញឆបោកតាមប្រព័ន្ធអនឡាញ និងប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែន ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងសន្ធិសញ្ញានានាដែលបានចុះហត្ថលេខា។
បណ្ឌិត សូ ណារ៉ូ ក៏បានវាយតម្លៃថា វៀតណាមកំពុងមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាផងដែរ។ កាលពីឆ្នាំ ២០២៥ កំណើនសេដ្ឋកិច្ចសម្រេចបានជាង ៨% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ សម្រេចបានលើសពី ៩% ដែលបង្កើតជាមូលដ្ឋានដើម្បីឱ្យវៀតណាមបន្តឆ្ពោះទៅកាន់គោលដៅយុទ្ធសាស្ត្ររហូតដល់ឆ្នាំ ២០៣០ និងឆ្នាំ ២០៤៥។
នៅក្នុងបរិបទនោះ លោកបានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង មានអត្ថន័យដ៏សំខាន់ចំពោះការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម - កម្ពុជា។
ដំណើរទស្សនកិច្ចនេះក៏សំដៅអនុវត្តការយល់ឃើញរួមជាយុទ្ធសាស្ត្រ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម សម្រេចបាននៅក្នុងជំនួបកាលពីខែកុម្ភៈ ឆ្នាំ ២០២៦ ព្រមទាំងត្រៀមរៀបចំសម្រាប់ឱកាសរំលឹកខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា ក្នុងឆ្នាំ ២០២៧ ខាងមុខ។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរគ្រោងនឹងផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលមានការយកចិត្តទុកដាក់រួមគ្នា។
ការពូនជ្រំមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសម្រាប់យុវជនជំនាន់បន្តវេន
ក្រឡេកមើលឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ បណ្ឌិត សូ ណារ៉ូ បានយល់ឃើញថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន ព្រមទាំងបានជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការតស៊ូរំដោះជាតិ ការពារ និងកសាងប្រទេសជាតិ។
![]() |
| បណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា ទទួលបន្ទុកកិច្ចការនានាពាក់ព័ន្ធនឹងអាស៊ាន។ |
លោកបានរំលឹកឡើងវិញនូវការជួយឧបត្ថម្ភគាំទ្ររបស់កងទ័ពស្ម័គ្រចិត្តវៀតណាម រួមជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ក្នុងការជួយសង្គ្រោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបខ្មែរក្រហម ក៏ដូចជាដំណើរការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញបន្ទាប់ពីនោះមក។
យោងតាមរដ្ឋមន្ត្រី សូ ណារ៉ូ នៅឆ្នាំ ២០២៧ វៀតណាម និងកម្ពុជានឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត។ នេះគឺជាឱកាសដ៏ល្អដើម្បីឱ្យប្រទេសទាំងពីរពង្រឹងការអប់រំដល់យុវជនជំនាន់ក្រោយ អំពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព ប្រពៃណីជួយគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។
លោកបានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែគាំទ្រការជំរុញការផ្លាស់ប្តូរ ការបណ្តុះបណ្តាល និងការបំប៉នសមត្ថភាពដល់ថ្នាក់ដឹកនាំជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ។
យោងតាមលោក ការពង្រឹងការតភ្ជាប់រវាងយុវជនជំនាន់បន្តវេន នឹងរួមចំណែកពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងទំនុកចិត្តរវាងប្រជាជនវៀតណាម និងកម្ពុជានាពេលអនាគត។
ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
យោងតាមបណ្ឌិត សូ ណារ៉ូ ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងវៀតណាម និងកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានបន្តរីកចម្រើនជាលំដាប់។
កាលពីឆ្នាំ ២០២៥ ភ្ញៀវទេសចរវៀតណាមមកកាន់កម្ពុជាសម្រេចបានជាង ១,២ លាននាក់ ឈរនៅលំដាប់លេខមួយនៃចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានមកកាន់ប្រទេសនេះ។ ក្នុងទិសដៅផ្ទុយមកវិញ ចំនួនភ្ញៀវទេសចរកម្ពុជាដែលទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៥ ក៏ឈានមុខគេក្នុងបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។
ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៥ បានកើនលើសពី ១១ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់កម្ពុជា។
កិច្ចសហប្រតិបត្តិការរវាងបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលមូលដ្ឋាននៃប្រទេសទាំងពីរ ជាពិសេសនៅតាមតំបន់ច្រកទ្វារព្រំដែន ក៏កំពុងបន្តត្រូវបានជំរុញយ៉ាងសកម្មផងដែរ។
ភាគីទាំងពីរបានយកចិត្តទុកដាក់លើការធ្វើឱ្យសាមញ្ញនូវនីតិវិធីនាំចេញ-នាំចូល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយ។
ទន្ទឹមនឹងនោះ វៀតណាម កម្ពុជា និងឡាវ បានជំរុញគម្រោងតភ្ជាប់បណ្តាញអគ្គិសនីនៃប្រទេសទាំងបី ដោយឈរលើមូលដ្ឋានទាញយកផលប្រយោជន៍ពីប្រព័ន្ធបញ្ជូនថាមពលដែលមានស្រាប់ រួមចំណែកពង្រឹងការតភ្ជាប់ថាមពលនៅក្នុងអាស៊ាន។ គំនិតផ្តួចផ្តើមជំរុញតម្រូវការទេសចរណ៍តាមទិសដៅ «ប្រទេសបី - គោលដៅតែមួយ» ក៏បន្តត្រូវបានជំរុញយ៉ាងសកម្មផងដែរ។
ក្នុងពេលខាងមុខ ប្រទេសទាំងពីរបានកំណត់គោលដៅនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ការអប់រំ វប្បធម៌ សុខាភិបាល ព័ត៌មាន និងសារគមនាគមន៍ ព្រមទាំងជំរុញការចរចាដើម្បីបញ្ចប់ការងារបោះបង្គោលព្រំដែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
បណ្ឌិត សូ ណារ៉ូ បានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា ព្រមទាំងបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕
យុគសម័យ - កម្ពុជាបន្តត្រូវបានប្រកាសឈ្មោះក្នុងប្រភេទទាន «គោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ីសម្រាប់យុវវ័យប្រចាំឆ្នាំ ២០២៦» នៅក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោក លើកទី ៣៣ ដែលត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះនៅ Maldives។ |
យុគសម័យ - ក្រោយរយៈពេល ៦ ខែនៃការអនុវត្ត «យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» សម្រេចបានការប្រមូលអដ្ឋិធាតុយុទ្ធជនពលីជាង ៣.០៨០ ដែលឈានដល់ជាង ៤៤% នៃតម្រូវការរបស់យុទ្ធនាការ។ |

មតិពីមិត្តអ្នកអាន