យុគសម័យ - ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម To Lam ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកញ្ញា ជាមួយនឹងសកម្មភាពនានានៅអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងកាណាដា បានបន្តបញ្ជូនសារអំពីប្រទេសវៀតណាមមួយដែលម្ចាស់ការធ្វើសមាហរណកម្ម លើកតម្កើងសន្តិភាព កិច្ចសហប្រតិបត្តិការ និងពង្រីកធនធាននានាដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ។
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចការងារចូលរួមសម័យពិភាក្សាកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៨១ សកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកាណាដា តបតាមការអញ្ជើញរបស់អគ្គទេសាភិបាលកាណាដា Louise Arbour។
ដោយប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកមានបម្រែបម្រួលយ៉ាងឆាប់រហ័ស ដំណើរទស្សនកិច្ចការងារបានបន្តបង្ហាញពីមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ស្វ័យពឹងផ្អែកលើខ្លួនឯង សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងបង្ហាញពីភាពម្ចាស់ការ ភាពសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ និងការចូលរួមដោះស្រាយបញ្ហារួមនានារបស់សហគមន៍អន្តរជាតិ។
![]() |
| អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានចាកចេញពី Ottawa វិលត្រឡប់មកកាន់ប្រទេសវិញ ដោយបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាណាដា។ |
ច្រវាក់នៃសកម្មភាពនៅលើភូមិសាស្ត្រទាំងបី ក៏បានបើកបន្ថែមនូវលំហកិច្ចសហប្រតិបត្តិការ ពង្រឹងការតភ្ជាប់បណ្តាធនធាន និងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម ជាមួយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងកាណាដា។
លើកឡើងទិសដៅធំៗចំនួនបួននៅវេទិកាអង្គការសហប្រជាជាតិ
នៅក្នុងសម័យពិភាក្សាកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៨១ អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានចូលរួមជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន ១២០ រូប និងតំណាងបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។
នេះគឺជាវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចែករំលែកនូវទស្សនវិស័យ ផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈមជាសកល និងស្វែងរកដំណោះស្រាយរួម។
នៅក្នុងសុន្ទរកថាថ្លែងនៅក្នុងសម័យពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានលើកឡើងនូវទិសដៅធំៗចំនួនបួន សំដៅឆ្ពោះទៅកាន់ពិភពលោកមួយដែលការប្រកួតប្រជែងមិនប្រែក្លាយទៅជាការប្រឈមមុខដាក់គ្នា ភាពខុសប្លែកគ្នាមិននាំទៅរកជម្លោះ ហើយវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមិនបង្កើតឱ្យមានការបែកបាក់ថ្មីឡើយ។
សារនេះត្រូវបានលើកឡើងចេញពីជ្រុងនៃប្រជាជាតិមួយដែលធ្លាប់បានឆ្លងកាត់ប៉ុន្មានឆ្នាំខែនៃការតស៊ូដ៏លំបាកវេទនា ដើម្បីដណ្តើមយកឯករាជ្យ សេរីភាព និងយល់ច្បាស់ពីតម្លៃនៃសន្តិភាព។
សុន្ទរកថានេះទទួលបានការវាយតម្លៃខ្ពស់ពីបណ្តាថ្នាក់ដឹកនាំ អ្នកជំនាញ និងអ្នកប្រាជ្ញអន្តរជាតិ តាមរយៈនោះបានបន្តបង្ហាញពីការចូលរួមរបស់វៀតណាមទៅក្នុងបញ្ហារួមនានារបស់សហគមន៍អន្តរជាតិ។
ពង្រីកសក្តានុពលកិច្ចសហប្រតិបត្តិការ វៀតណាម - សហរដ្ឋអាមេរិក
បណ្តាសកម្មភាពនៅសហរដ្ឋអាមេរិកក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ បានផ្តោតលើការជំរុញទំនាក់ទំនងទ្វេភាគីឱ្យបន្តអភិវឌ្ឍតាមទិសដៅវិជ្ជមាន។
ទំនាក់ទំនង វៀតណាម - សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកដូចជាគំរូមួយអំពីការខិតខំប្រឹងប្រែងព្យាបាលរបួស ការទុកមួយអន្លើនូវអតីតកាល និងឆ្ពោះទៅកាន់អនាគត។
ស្មារតីនោះត្រូវបានស្តែងចេញនៅក្នុងសុន្ទរកថាគោលនយោបាយរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នៅសមាគមគោលនយោបាយកិច្ចការបរទេសអាមេរិក។
ក្នុងបរិបទដែលទីកន្លែងជាច្រើននៅលើពិភពលោកនៅតែមានជម្លោះ ការបែកបាក់ និងការខ្វះខាតទំនុកចិត្ត រឿងរ៉ាវនៃទំនាក់ទំនង វៀតណាម - សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញថា ដំណើរការព្យាបាលរបួសអាចសម្រេចបាននូវលទ្ធផលនៅពេលដែលត្រូវបានកសាងឡើងដោយផ្អែកលើសុឆន្ទៈ ការទទួលខុសត្រូវ និងការតស៊ូព្យាយាម។
វៀតណាមអះអាងពីបំណងប្រាថ្នាបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយបណ្តាប្រទេស ក្នុងនោះបានកំណត់យកសហរដ្ឋអាមេរិកជាដៃគូសំខាន់ឈានមុខគេមួយ។
នៅក្នុងជំនួបការងារនានា ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានរួមគ្នាយល់ឃើញថាសក្តានុពលនៃកិច្ចសហប្រតិបត្តិការ វៀតណាម - សហរដ្ឋអាមេរិក នៅតែទូលំទូលាយ។
![]() |
| អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងមតិនៅក្នុងសម័យពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៨១។ |
បណ្តាវិស័យដែលត្រូវបានសង្កត់ធ្ងន់រួមមាន សេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងនវានុវត្តន៍។
ទន្ទឹមនឹងការផ្លាស់ប្តូរយោបល់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានលើកតម្កើងតម្រូវការបន្តប្រែក្លាយទិសដៅរួមទាំងឡាយឱ្យទៅជាលទ្ធផលជាក់ស្តែង មានប្រយោជន៍ បង្កើតមូលដ្ឋានគ្រឹះបន្ថែមសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងពេលខាងមុខ។
ដំឡើងកម្រិតទំនាក់ទំនង វៀតណាម - កាណាដា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតនៅក្នុងដំណើរទស្សនកិច្ចការងារ គឺដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកាណាដា។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមមួយរូបមកកាន់កាណាដា ចាប់តាំងពីពេលដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតមក។
នៅក្នុងដំណើរទស្សនកិច្ច ភាគីទាំងពីរបានឯកភាពដំឡើងកម្រិតទំនាក់ទំនង វៀតណាម - កាណាដា ទៅជាកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។
សេចក្តីថ្លែងការណ៍រួមបានកំណត់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម - កាណាដា ត្រូវបានកសាងឡើងនៅលើសសរស្តម្ភចំនួន ៨។
ជារួម បណ្តាសសរស្តម្ភទាំងនេះបានបង្កើតជាមូលដ្ឋានគ្រឹះដើម្បីឱ្យប្រទេសទាំងពីររួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមរួម ទាញយកកាលានុវត្តភាពថ្មីៗ និងរួមចំណែកដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយដែលមានសន្តិសុខ វិបុលភាព និងកាន់តែស្វាហាប់រស់រវើក។
នៅកាណាដា អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានជួបពិភាក្សាជាច្រើនលើកជាមួយថ្នាក់ដឹកនាំ មជ្ឈដ្ឋានបញ្ញវន្ត សហគ្រាស មិត្តភក្តិ និងសហគមន៍ជនជាតិវៀតណាម។
នៅក្នុងសុន្ទរកថាគោលនយោបាយ «ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-កាណាដា ក្នុងបរិបទពិភពលោកដែលពោរពេញដោយបម្រែបម្រួល» អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានលើកឡើងនូវទិសដៅធំៗដើម្បីឱ្យប្រទេសទាំងពីរសម្របសម្រួលសកម្មភាពជាមួយគ្នាកាន់តែមានប្រសិទ្ធភាពនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងថ្មី។
តាមនោះ ការរួមបញ្ចូលគ្នារវាងចំណេះដឹង បច្ចេកវិទ្យា និងធនធានរបស់កាណាដា ជាមួយទីផ្សារ ធនធានមនុស្សដ៏សម្បូរបែប ប្រកបដោយគុណភាពខ្ពស់ រួមជាមួយនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់វៀតណាម អាចបង្កើតបាននូវផលិតផល សេវាកម្ម និងការងារធ្វើប្រកបដោយគុណភាពបន្ថែមទៀត។
នេះត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមមូលដ្ឋានគ្រឹះនានា ដើម្បីឱ្យទំនាក់ទំនងទ្វេភាគីបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយចីរភាព។
តភ្ជាប់ធនធានក្នុង និងក្រៅប្រទេស
ខ្លឹមសារមួយដែលលាតសន្ធឹងជាប់ជាប្រចាំក្នុងដំណើរទស្សនកិច្ចការងារ គឺការយកចិត្តទុកដាក់ចំពោះសហគមន៍ជនជាតិវៀតណាមនៅឯបរទេស។
![]() |
| អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងសុន្ទរកថាគោលនយោបាយ «ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-កាណាដា ក្នុងបរិបទពិភពលោកដែលពោរពេញដោយបម្រែបម្រួល»។ |
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានបញ្ជូនសារអំពីការដែលបក្ស និងរដ្ឋបន្តយកចិត្តទុកដាក់ថែទាំដល់សហគមន៍ជនជាតិវៀតណាមនៅឯបរទេស អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយមហាសាមគ្គីទូទាំងជនជាតិ និងពង្រីកបណ្តាធនធានទាំងក្នុង និងក្រៅប្រទេស។
នៅសហរដ្ឋអាមេរិក និងកាណាដា អគ្គលេខាបក្ស ប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនជាតិវៀតណាម ចំពោះការពង្រឹងទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេសសាមី ព្រមទាំងកត់សម្គាល់ការរួមដៃគ្នារបស់អាណិកជនចំពោះដំណើរការអភិវឌ្ឍប្រទេសជាតិ។
តាមរយៈនោះ ដំណើរទស្សនកិច្ចការងារមិនត្រឹមតែផ្តោតលើសកម្មភាពពហុភាគី និងទ្វេភាគីកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងការតភ្ជាប់ជាមួយសហគមន៍ជនជាតិវៀតណាមនៅឯបរទេស ដែលជាធនធានដ៏សំខាន់មួយក្នុងដំណើរការធ្វើសមាហរណកម្ម និងការអភិវឌ្ឍ។
ជាមួយនឹងបណ្តាសកម្មភាពនៅអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងកាណាដា ដំណើរទស្សនកិច្ចការងារចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកញ្ញា បានបង្កើតបន្ថែមនូវទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
ចាប់តាំងពីទិសដៅធំៗទាំងបួនដែលបានលើកឡើងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ជំនួបពិភាក្សាជំរុញទំនាក់ទំនង វៀតណាម - សហរដ្ឋអាមេរិក ការដំឡើងកម្រិតទំនាក់ទំនង វៀតណាម - កាណាដា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ រហូតដល់បណ្តាជំនួបជាមួយសហគមន៍ជនជាតិវៀតណាមនៅឯបរទេស សកម្មភាពទាំងឡាយសុទ្ធតែឆ្ពោះទៅកាន់ការពង្រឹងកិច្ចសហប្រតិបត្តិការ ការតភ្ជាប់ធនធាន និងការពង្រីកសក្តានុពលអភិវឌ្ឍន៍។
លទ្ធផលទាំងនោះបានបន្តផ្សព្វផ្សាយនូវរូបភាពនៃប្រទេសវៀតណាមមួយដែលម្ចាស់ការធ្វើសមាហរណកម្ម ចូលរួមប្រកបដោយការទទួលខុសត្រូវក្នុងបញ្ហារួមនានា ព្រមទាំងបំប្លែងយ៉ាងសកម្មនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ឱ្យទៅជាទិសដៅ និងកម្មវិធីជាក់ស្តែងដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ៕
យុគសម័យ - នាថៃ្ងទី ១៦ ខែឧសភា នៅកំពង់ផែ Tien Sa (ទីក្រុង Da Nang) បានប្រព្រឹត្តទៅពិធីជប់លៀងទទួលស្វាគមន៍ ក្នុងឱកាសនាវាភូមិន្ទជើងទឹកកាណាដា (HMCS) Charlottetown មកបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang។ ព្រឹត្តិការណ៍នេះបានរួមចំណែកបង្កើនការដោះដូរប្រាស្រ័យទាក់ទងរវាងកងទ័ពជើងទឹក, ជំរុញការយល់ដឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកាណាដា ក្នុងបរិបទដែលទំនាក់ទំនងនៃប្រទេសទាំងពីរ បន្តមានការអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន។ |
យុគសម័យ - ដំណើរបំពេញការងារនាពេលខាងមុខរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ ត្រូវបានរំពឹងថានឹងរួមចំណែករឹតបន្តឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមជាមួយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងបណ្តាដៃគូនានា នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេស។ |



មតិពីមិត្តអ្នកអាន