យុគសម័យ - នាថ្ងៃទី ១៣ ខែសីហា នៅខេត្ត Quang Tri ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១០០ នៃទិវាកំណើតរបស់លោកប្រធាន Fidel Castro Ruz ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក ដើម្បីរំលឹកឡើងវិញនូវសញ្ញាសម្គាល់ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនង វៀតណាម - គុយបា ផ្សារភ្ជាប់ជាមួយដំណើរទស្សនកិច្ចតំបន់រំដោះភាគខាងត្បូងវៀតណាមរបស់មេដឹកនាំបដិវត្តន៍គុយបាកាលពីឆ្នាំ ១៩៧៣។
| “Mami Melba” រស់នៅជារៀងរហូតនៅក្នុងបេះដូងមិត្តភក្តិវៀតណាម - គុយបា បើកឆាកសកម្មភាព “ប្រធាន ហូជីមិញ - អគ្គមេបញ្ជាការ ហ្វីឌែល កាស្ត្រូ៖ មនោសញ្ចេតនាមាសស្អាតពិសេស” |
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Tri និងស្ថានទូតគុយបាប្រចាំនៅវៀតណាម។
អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ មានថ្នាក់ដឹកនាំខេត្ត Quang Tri ថ្នាក់ដឹកនាំក្រសួងការបរទេស ឯកអគ្គរដ្ឋទូត និងកម្មាភិបាលនៃស្ថានទូតគុយបាប្រចាំនៅវៀតណាម តំណាងសហភាពបណ្តាអង្គការមិត្តភាពវៀតណាម សមាគមមិត្តភាព វៀតណាម - គុយបា ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ស្ថាប័ន រួមជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈ កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សយ៉ាងច្រើនកុះករនៃខេត្ត Quang Tri។
![]() |
| អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri លោក Le Duc Tien ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍។ |
Quang Tri មានទីតាំងដ៏ពិសេសនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនង វៀតណាម - គុយបា។ នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ១៩៧៣ ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា នៅក្នុងបរិបទដែលសង្គ្រាមនៅតែបន្តកើតមាន លោកប្រធាន Fidel Castro បានក្លាយជាប្រមុខរដ្ឋបរទេសដំបូងគេ និងតែមួយគត់ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចតំបន់រំដោះភាគខាងត្បូងវៀតណាមនៅ Quang Tri។
នៅក្នុងដំណើរទស្សនកិច្ច លោកប្រធាន Fidel Castro បានអញ្ជើញទៅកាន់ស្ពាន Hien Luong, Doc Mieu, Dong Ha, Cam Lo ទីស្នាក់ការរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋភាគខាងត្បូងវៀតណាម និងចំណុចខ្ពស់ ២៤១ Tan Lam។
រូបភាពរបស់លោកប្រធាន Fidel Castro នៅ Quang Tri រួមជាមួយពាក្យស្លោក «ដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេចលះបង់សូម្បីតែឈាមស្រស់របស់ខ្លួន» បានក្លាយជានិមិត្តរូបនៃសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ វៀតណាម - គុយបា។
ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri លោក Le Duc Tien បានសង្កត់ធ្ងន់លើការរួមចំណែកនានារបស់លោកប្រធាន Fidel Castro ចំពោះទំនាក់ទំនង វៀតណាម - គុយបា ក៏ដូចជាមនោសញ្ចេតនាដ៏ពិសេសដែលលោកបានផ្តល់ជូនដល់ប្រទេសវៀតណាម ក្នុងកំឡុងឆ្នាំខែនៃសង្គ្រាម។
![]() |
| ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅវៀតណាម Rogelio Polanco Fuentes ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍។ |
យោងតាមលោក Le Duc Tien ពិធីរំលឹកខួបអនុស្សាវរីយ៍នេះគឺជាឱកាសមួយដើម្បីរំលឹកគុណដល់មិត្តភក្តិដ៏ធំធេងម្នាក់របស់ប្រជាជនវៀតណាម ព្រមទាំងរួមគ្នាមើលឡើងវិញនូវប្រពៃណីមិត្តភាពដ៏ពិសេសរវាងប្រទេសទាំងពីរ។
លោកបានឱ្យដឹងថា គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជន Quang Tri នឹងបន្តថែរក្សា ពូនជ្រុំនូវគុណតម្លៃនានាដែលលោកប្រធាន Ho Chi Minh និងលោកប្រធាន Fidel Castro បានបង្កើតមូលដ្ឋានគ្រឹះ ព្រមទាំងសហការជាមួយបណ្តាស្ថាប័នមជ្ឈិម ស្ថានទូតគុយបាប្រចាំនៅវៀតណាម និងដៃគូគុយបានានា នាំយកទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែឈានចូលស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម Rogelio Polanco Fuentes បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះការដែលពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១០០ នៃទិវាកំណើតរបស់លោកប្រធាន Fidel Castro Ruz ត្រូវបានរៀបចំឡើងនៅ Quang Tri ក៏ដូចជាមនោសញ្ចេតនាដែលប្រជាជនវៀតណាមគ្រប់ជំនាន់បានផ្តល់ជូនដល់មេដឹកនាំបដិវត្តន៍គុយបា។
ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះសាមគ្គីភាព និងការគាំទ្ររបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះគុយបា ព្រមទាំងអះអាងថាមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានបន្តថែរក្សា និងអភិវឌ្ឍដោយមនុស្សជំនាន់ក្រោយៗ។
![]() |
| បណ្តាប្រតិភូថតរូបអនុស្សាវរីយ៍នៅមុខរូបសំណាកមេដឹកនាំ Fidel Castro |
នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ តំណាងសាក្សីប្រវត្តិសាស្ត្រ និងយុវជនជំនាន់ក្រោយនៃ Quang Tri បានសម្តែងនូវមនោសញ្ចេតនាចំពោះគុយបា ព្រមទាំងបង្ហាញពីបំណងប្រាថ្នាក្នុងការបន្តវេនប្រពៃណីមិត្តភាពរវាងប្រជាជាតិទាំងពីរ។
បណ្តាប្រតិភូក៏បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធាន Fidel Castro នៅរូបសំណាករបស់លោកក្នុងសួនឧទ្យាន Fidel Castro។
នាថ្ងៃដដែល ទី ១៣ ខែសីហា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri លោក Le Duc Tien បានទទួលជួបឯកអគ្គរដ្ឋទូត Rogelio Polanco Fuentes។
នៅក្នុងជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការពង្រឹងការតភ្ជាប់រវាង Quang Tri ជាមួយមូលដ្ឋាននានារបស់គុយបា និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានឧត្តមភាព និងតម្រូវការ រួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ថាមពល វប្បធម៌ និងទេសចរណ៍៕
គុ
យុគសម័យ - កាលពីថ្ងៃទី២៧ ខែមករា ស្ថានអគ្គកុងស៊ុលគុយបាប្រចាំនៅទីក្រុងហូជីមិញ បានបើកសម្ពោធរូបសំណាកវីរបុរសជាតិ និងជាអ្នកគិតដ៏អស្ចារ្យរបស់ប្រទេសគុយបា លោក José Martí ដើម្បីរំលឹកខួបលើកទី១៧៣ នៃថ្ងៃកំណើតរបស់លោក (១៨៥៣ - ២០២៦)។ |
យុគសម័យ - នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីយុគសម័យ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម លោក Rogelio Polanco Fuentes បានថ្លែងថា ការរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ នៅវៀតណាមត្រូវបានអនុវត្តយ៉ាងល្អិតល្អន់ ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកបោះឆ្នោតទូទាំងប្រទេសដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រជាធិបតេយ្យនេះ។ |
thoidai.com.vn



មតិពីមិត្តអ្នកអាន