គណៈកម្មាធិការប្រជាជនខេត្ត Gia Lai ទើបតែបានជួបប្រជុំ និងធ្វើការជាមួយគណៈប្រតិភូថ្នាក់ដឹកនាំមន្ទីរ និងស្ថាប័ននានានៃខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ឧកញ៉ា រ័ត្ន សុខន ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគលើវិស័យកសិកម្មក្នុងខេត្ត Gia Lai ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំមន្ទីរ និងស្ថាប័នមួយចំនួននៃខេត្តទាំងពីរ និងថ្នាក់ដឹកនាំក្រុមហ៊ុនរ័ត្នគិរី និងក្រុមហ៊ុនអភិវឌ្ឍន៍វិទ្យាសាស្ត្រអន្តរជាតិ Truong Sinh។
![]() |
| គណៈកម្មាធិការប្រជាជនខេត្ត Gia Lai ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូ |
នៅក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Kpa Thuyen បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានទទួលស្វាគមន៍គណៈប្រតិភូខេត្តមណ្ឌលគិរី។ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជម្រាបជូនគណៈប្រតិភូអំពីលក្ខខណៈធម្មជាតិ និងសេដ្ឋកិច្ចខេត្ត Gia Lai។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ សេដ្ឋកិច្ចខេត្ត Gia Lai មានការរីកចម្រើន និងអភិវឌ្ឍន៍ឥតឈប់ឈរ។ ក្នុងនោះ កសិកម្មនៅតែជាសេដ្ឋកិច្ចចម្បង ដែលមានអត្រាកំណើនល្អ ដោយមានដំណាំសំខាន់ៗមួយចំនួនដូចជា កៅស៊ូ កាហ្វេ ម្រេច ស្វាយចន្ទី ក្រៅពីនេះនៅមានដំណាំឧស្សាហកម្មរយៈពេលខ្លី ដូចជាអំពៅជាដើម។
ខេត្ត Gia Lai មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើវិស័យកសិកម្ម ហើយបានអំពាវនាវអង្គភាពអាជីវកម្មជាច្រើនមកបណ្តាក់ទុនលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់នៅក្នុងខេត្ត។ តាមរយៈដំណើរទស្សនកិច្ចការងាររបស់ខេត្តមណ្ឌលគិរី និងក្រុមហ៊ុនរ័ត្នគិរី លើកនេះ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សង្ឃឹមថា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនឹងមានឱកាសស្វែងយល់ តភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីអភិវឌ្ឍន៍រួមគ្នា នាពេលអនាគត។
![]() |
| ទិដ្ឋភាពនៃជំនួប (រូបថត៖ gialai.gov.vn) |
ចំណែកឧកញ៉ា រ័ត្ន សុខន ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសដែលបានមកបំពេញទស្សនកិច្ចការងារនៅខេត្ត Gia Lai និងបានថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្តដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ។ លោកឧកញ៉ា រ័ត្ន សុខន ជឿជាក់ថា ខេត្តមណ្ឌលគិរី និងខេត្ត Gia Lai មានសក្ដានុពលច្រើនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ដូច្នេះតាមរយៈដំណើរទស្សនកិច្ចលើកនេះ លោកឧកញ៉ា រ័ត្ន សុខន មានបំណងចង់ឱ្យក្រុមហ៊ុនរ័ត្នគិរី និងក្រុមហ៊ុនអភិវឌ្ឍន៍វិទ្យាសាស្ត្រអន្តរជាតិ Truong Sinh ស្វែងយល់ និងសហប្រតិបត្តិការ ដើម្បីនាំមកនូវផលប្រយោជន៍បន្ថែមទៀតនាពេលអនាគត។
| ផ្ទៃដីផលិតកសិកម្មសរុបក្នុងខេត្ត Gia Lai មានជាង ៥៥០,០០០ ហិកតា ជាមួយនឹងដំណាំសំខាន់ៗ។ តាមការប៉ាន់ស្មានថា វិស័យកសិកម្មខេត្ត Gia Lai នាំមកនូវតម្លៃជាមធ្យមជាង ៣០.០០០ ពាន់លានដុងក្នុងមួយឆ្នាំ ក្នុងនោះវិស័យដាំដុះតែមួយមានដល់ជាង ២៦.១៤០ ពាន់លានដុង។ នៅឆ្នាំ ២០២១ តម្លៃផលិតកម្មនៃវិស័យកសិកម្មមានចំនួនជិត ៣៥% នៃតម្លៃសរុបនៃសេដ្ឋកិច្ចក្នុងស្រុក៕ |


មតិពីមិត្តអ្នកអាន