Trending now

មហិច្ឆិតាក្លាយជាមហាអំណាចសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបាត់បង់

15:47 | 13/08/2019 (យោងតាម postkhmer និង freshnews សរុបដោយវិច្ឆិកា)

មុនពេលសង្រ្គាមពាណិជ្ជកម្មបានផ្ទុះឡើងប្រធានរដ្ឋស៊ីជីនពីងមានមហិច្ឆិតាជាមួយនឹងផែនការដើម្បីប្រែក្លាយចិនទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតនៅលើពិភពលោកនៅឆ្នាំ ២០៥០ ប៉ុន្តែចក្ខុវិស័យដ៏ធំរបស់លោកស៊ីជីនពីងកាន់តែពិបាកទៅ ៗ ដោយសារតែសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

មហិច្ឆិតាក្លាយជាមហាអំណាចសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបាត់បង់

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កំពុង​ថមថយ​រួច​ទៅ​ហើយ​ក្នុង​គ្រា​ដែល​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ប៉ុន្តែ​បើ​ទីក្រុង​វ៉ាស៊ីនតោន​ដំឡើង​ពន្ធ​បន្ថែម​ទៀត​នោះ ការដំឡើង​ពន្ធ​នេះ​អាច​កាត់បន្ថយ​កំណើន​សេដ្ឋកិច្ច​របស់​ចិន​ខ្លាំង​។ នេះ​បើ​យោង​តាម​ការព្រមាន​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ចុង​សប្តាហ៍​មុន​។

មូលនិធិ IMF បាន​កាត់បន្ថយ​រួចហើយ​នូវ​ការព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ប្រទេស​ចិន​មក​នៅ​ត្រឹម ៦,២ ​ភាគរយ​នៅ​ឆ្នាំ​នេះ​ដោយ​ការព្យាករ​នេះ​បាន​សន្មត​ថា មិន​មាន​ការដំឡើង​ពន្ធគយ​ថ្មី​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ​។

មូលនិធិ IMF បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​មួយ​ថា​ពន្ធគយ ២៥ ភាគរយ​របស់​អាមេរិក​លើ​ទំនិញ​ចិន​ដែល​មិន​ទាន់​ត្រូវ​បាន​ដកហូត​ក្នុង​អត្រា​នេះ​នៅ​ឡើយ​នោះ​រហូត​ដល់​ថ្ងៃទី​ ១ ខែ​កញ្ញា​នឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​ថមថយ​នៅ​ឆ្នាំ​បន្ទាប់​។

របាយការណ៍​ស្តីពី​ការពិនិត្យ​មើល​ឡើងវិញ​ប្រចាំ​ឆ្នាំ​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​ហៅថា របាយការណ៍​មាត្រា​ទី IV (Article IV Report) ត្រូវបាន​សិក្សា​បញ្ចប់​មុនពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​ពី​ផែនការ​ដកហូត​ពន្ធ​ពិន័យ ១០ ​ភាគរយ​លើ​ទំនិញ​នាំចូល​ពី​ចិន​ដែល​មាន​តម្លៃ ៣០០ ​ពាន់​លាន​ដុល្លារ​។

ពន្ធ​ពិន័យ​ថ្មី​នេះ​មាន​ន័យ​ថា ផលិតផល​ទាំងអស់​ដែល​នាំចូល​ពី​ប្រទេស​ចិន​ទៅ​អាមេរិក​នឹង​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការដកហូត​ពន្ធគយ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ១ ខែ​កញ្ញា​ឆ្នាំ​នេះ​ទៅ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ឡើង​កម្តៅ​នេះ​។

មូលនិធិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នេះ​ជាថ្មី​ម្តង​ទៀត​បាន​អំពាវនាវ​ឲ្យ​មាន​ការស្វែងរក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​ចំពោះ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​ ២ ​នេះ​ដោយ​ព្រមាន​ពី «​ការជះឥទ្ធិពល​អវិជ្ជមាន​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​»​។

សម្រាប់​ប្រទេស​ចិន​របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ការកើនឡើង​បន្ថែម​ទៀត​នៃ​ភាពតានតឹង​ពាណិជ្ជកម្ម ឧទាហរណ៍​ការដំឡើង​ពន្ធគយ​របស់​អាមេរិក​រហូត​ដល់ ២៥ ភាគរយ​លើ​ទំនិញ​ដែល​នៅ​សេសសល់​ផ្សេង​ទៀត​ដែល​នាំចូល​ពី​ប្រទេស​ចិន​អាច​កាត់បន្ថយ​កំណើន​សេដ្ឋកិច្ច​ប្រហែល ០,៨ ពិន្ទុ​ភាគរយ​ក្នុង​រយៈពេល ១២ ​ខែ​បន្ទាប់​»​។

កប៉ាល់​ដឹកទំនិញ​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ឡុងប៊ិច សហរដ្ឋអាមេរិក​ (ប្រភព៖ AFP)

លោក James Daniel ប្រធាន​ទទួលបន្ទុក​បេសកកម្ម​ទៅ​កាន់​ប្រទេស​ចិន​របស់​មូលនិធិ IMF បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា​ពន្ធគយ ១០ ភាគរយ​ដែល​លោក ត្រាំ បាន​ប្រកាស​ដកហូត​អាច​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ ០,៣ ​ពិន្ទុ​ភាគរយ​ក្នុង​ឆ្នាំ​ខាង​មុខ​។

ខណៈ​លោក​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ជម្លោះ​នេះ​លោក Daniel បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​អនុសាសន៍​របស់ IMF ចំពោះ​ប្រទេស​ចិន​ក្នុង​គ្រា​ដែល​ស្ថានភាព​ធ្លាក់ចុះ​ខ្លាំង​នេះ​គឺ​ត្រូវ​ផ្តល់​វិធានការ​ជំរុញ​សារពើពន្ធ​បន្ថែម​ទៀត និង​អនុញ្ញាត​ឲ្យ​រូបិយប័ណ្ណ​របស់​ខ្លួន​ឡើង​ចុះថ្លៃ​ដោយ​សេរី ដើម្បី «​ជួយ​ស្រូបយក​ផលវិបាក​ដែល​បង្ក​ឡើង​ដោយសារ​ការដក​ហូត​ពន្ធ​គយ​»​។

លោក Daniel ថ្លែង​ក្នុង​សន្និសីទ​មួយ​ថា ស្ថានភាព​នេះ «​ទាមទារ​ឲ្យ​មាន​ការឆ្លើយតប​ប្រភេទ​មួយ​ចំនួន​»​។ ប៉ុន្តែ​រូបិយប័ណ្ណ​របស់​ចិន «​គួរ​នៅ​រក្សា​ភាពបត់បែន​បន្ថែម និង​កំណត់​ថ្លៃ​ដោយ​ទីផ្សារ​» ដែល​មាន​ន័យ​ថា «​មាន​អន្តរាគមន៍​កាន់តែ​តិច​ជាង​មុន​»​។

ទោះ​យ៉ាងណា​នៅ​ពេល​ទីក្រុង​ប៉េកាំង​បាន​អនុញ្ញាត​ឲ្យ​រូបិយប័ណ្ណ​របស់​ខ្លួន​ធ្លាក់​ថ្លៃ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​បន្ទាប់ពី​ការប្រកាស​ហូតពន្ធ​បន្ថែម​នោះ​លោក ត្រាំ បាន​ចោទប្រកាន់​ទាំង​ខឹងសម្បា​ទៅ​លើ​ចិន​ថា​បាន​គ្រប់គ្រង​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពាណិជ្ជកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​។

ធនាគារ​កណ្តាល​ចិន​នៅពេល​នោះ​បាន​ធ្វើ​អន្តរាគមន៍​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់ ដើម្បី​ទប់ស្កាត់​រូបិយប័ណ្ណ​មិន​ឲ្យ​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត​៕

(យោងតាម postkhmer និង freshnews សរុបដោយវិច្ឆិកា)

(យោងតាម postkhmer និង freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien