Trending now

មណ្ឌលគិរី​ទិសដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏ទាក់ទាញ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស

00:04 | 28/03/2021 ហេង វុធ្ធី

ជាមួយ​ទេសភាព​តំបន់​ទឹក​ធ្លាក់​ធម្មជាតិ ភូមិឋាន ជនជាតិ​ភាគតិច​ច្រើន​អម្បូរ ព្រៃភ្នំ ជ្រលង​ដងអូរ និង​វាលស្មៅ​ខៀវស្រងាត់​ជាប់​ឯ​ជើងមេឃ​គួរ​ឲ្យ​គយគន់​នោះ ពិតជា​ប្លែក​អារម្មណ៍​សម្រាប់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែល​បាន​ជ្រើសរើស​យក​ដំណើរ​ទស្សនាចរណ៍​មក​ដល់​ខេត្ត​មណ្ឌលគិរី។

«​ស្ទឹង​ពពក​»​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​ «​ស្ទឹង​ពពក​»​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ​មួយទៀត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​
អណ្ដូង​ស្នេហ៍​ដាក់ដាំ ទិដ្ឋភាព​តំណាង​មណ្ឌលគិរី អណ្ដូង​ស្នេហ៍​ដាក់ដាំ ទិដ្ឋភាព​តំណាង​មណ្ឌលគិរី
មណ្ឌលគិរី​ទិសដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏ទាក់ទាញ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស
មណ្ឌលគិរី​ទិសដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏ទាក់ទាញ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស

ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ បាន​លាន់​មាត់​ថា ខេត្ត​មណ្ឌលគិរី ពិតជា​ឋានសួគ៌​ទេសចរណ៍​ធម្មជាតិ ភូមិភាគ​ឦសាន មិន​អាច​មើលរំលង​បាន​សម្រាប់​គ្រប់​ដំណើរ​ទស្សនាចរណ៍ គ្រប់​ជាតិសាសន៍។ ខេត្ត​ភាគ​ឦសាន​ប្រទេស នៅលើ​កំពូល​ភ្នំ ដែល​មាន​ឈ្មោះ​ក្រុង សែនមនោរម្យ ពិតជា​គោលដៅ​ទស្សនាចរណ៍​លំហែកាយ​ដ៏ប្រសើរ​មួយ។ ក្រៅពី​ដើរ​កម្សាន្ត​តំបន់​ធម្មជាតិ ស្រូប​ខ្យល់អាកាស​ដ៏បរិសុទ្ធ​លើ​វាលស្មៅ​ដូច​ក្រាល​ព្រហ្ម ប្រៀប​បាន​ទីលាន វាយ​កូនហ្គោល​ធម្មជាតិ​ដ៏ធំ​ល្វឹងល្វើយ ក៏​នៅ​មាន​ដំណើរ​ទស្សនាចរណ៍​ដោយ​ការ​ជិះ​ដំរី​គយគន់​ទេសភាព តាម​ចំណង់​ផង​ដែរ។

លោក ងិន សុវិមាន ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ខេត្ត​មណ្ឌលគិរី​មាន​តំបន់​រមណីយដ្ឋាន​ជា​ផ្លូវការ​ចំនួន​១៧​កន្លែង​ដែល មាន​១៥​កន្លែង​បែប​ធម្មជាតិ និង​២​កន្លែង​ទាក់ទង​នឹង​វប្បធម៌​ប្រវត្តិសាស្ត្រ។ លោក អះអាង​ថា៖​«ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ លំហូរ​ភ្ញៀវ ដែល​ចាប់​អារម្មណ៍​មក​កម្សាន្ត​នៅ​ខេត្ត​នេះ មាន​ការ​កើនឡើង មិនមាន​ការ​ថយ​ចុះ​ទេ ពិសេស​ឆ្នាំ​នេះ ខណៈ​ផ្លូវ​កោះញែក​ត្រូវ​បាន​តភ្ជាប់​ពី​ខេត្ត​រតនគិរី»។

ភ្នំ​ដោះក្រមុំ​គឺជា​គោលដៅ​ទេសចរណ៍​បែប​អរូបិយ ក្រៅពី​ជនជាតិ​ដើម​ភាគតិច​ព្នង មាន​ជំនឿ​ថា ជា​ភ្នំ​ដែល​មាន​បារមី​ដ៏ស័ក្តិសិទ្ធិ​របស់​ពួកគេ​គោរព​បូជា សែនព្រេន​សុំ​ក្តីសុខ​នោះ ភ្ញៀវទេសចរ​ដែល​បាន​សម្រេច​ដំណើរ​ដល់​ខេត្ត​នេះ ក៏​មិន​រំលង​បារមី​ភ្នំ​នេះ​ដែរ។ ក្រៅពី​ឡើង​ដើរលេង​កម្សាន្ត ក៏​មិន​ភ្លេច អុជធូប​សុំ​ក្តីសុខ​សប្បាយ មុន​នឹង​បង្ហួស​ដំណើរ​ទៅ​គយគន់​សមុទ្រ​ឈើ មើល​ថ្ងៃ​លិច។

មណ្ឌលគិរី​ទិសដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏ទាក់ទាញ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស
មណ្ឌលគិរី​ទិសដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏ទាក់ទាញ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស

ទឹកជ្រោះ​ប៊ូស្រា គឺ​បេះដូង​របស់​ខេត្ត​មណ្ឌលគិរី។ គ្រប់​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​ខេត្ត​នេះ គេ​នឹក​ដល់​ទឹកជ្រោះ​នេះ​មុន​គេ​។ ទឹកជ្រោះ​ប៊ូស្រា មាន​ទឹក​ធ្លាក់​៣​កន្លែង​ផ្សេងៗ​គ្នា​នៅលើ​ជ្រលង​តែ​មួយ ទឹក​ធ្លាក់​ដំណាក់​ទី ​១ គឺជា​ចំណុច​ដ៏ទាក់ទាញ​បំផុត​សម្រាប់​ការ​ងូត​លេង​របស់​អ្នក​ទេសចរ​ដែល​មាន​មុខកាត់​ទំហំ​ប្រមាណ​១០​ទៅ​២៩​ម៉ែត្រ​តាម​រដូវប្រាំង ឬ​វស្សា និង​មាន​កម្ពស់​ពី​៨​ទៅ​១៥ ម៉ែត្រ។ ទឹក​ធ្លាក់​ទី​២ ស្ថិត​នៅ​ខាង​ក្រោម​២០០​ម៉ែត្រ មាន​មុខកាត់​ពី​១៣ ទៅ ២០ ម៉ែត្រ និង​កម្ពស់​ ១៥ ​ទៅ​ ២៥ ​ម៉ែត្រ។ ចំណែកឯ​ទឹកធ្លាក់​ទី​៣​គឺ​នៅ​ជាច្រើន​រយ​ម៉ែត្រ​ទៅ​ក្រោម​ទៀត​ដែល​ស្ថិត​នៅក្នុង​ព្រៃ​ក្រាស់ ពោល​គឺ​គេ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​នោះ​ទេ​។ ទឹកជ្រោះ​ប៊ូស្រា​ស្ថិត​នៅ​ភាគ​ខាង​កើត​ទី​រួម​ខេត្ត​ចម្ងាយ​ប្រមាណ​៣៨​គីឡូម៉ែត្រ ពី​ក្រុង​សែនមនោរម្យ ឬ​ក៏​ធ្វើ​ដំណើរ​តែ​រយៈពេល​១៥​នាទី​ប៉ុណ្ណោះ​ពី​ទីប្រជុំជន​ស្រុក ពេជ្រាដា។ ដើម្បី​ចូល​ទៅ​លេង​កម្សាន្ត​ក៏​តម្រូវ​ឲ្យ​យើង​បង់​ថ្លៃ​រថយន្ត​ពី ​១ ​ដុល្លារ​ទៅ​ ២​ ដុល្លារ​ផង​ដែរ។

ទឹករមនា ឬ​ដំណាក់​ស្តេច ដែល​មាន​ប្រវត្តិ​សាងសង់​ឡើង​ជា​រាជដំណាក់​មួយ របស់​អតីត​ស្តេចនរោត្តម​សីហនុ​កាលពី​អំឡុង​ទសវត្សរ៍​៦០។ ដោយសារ​តែ​ទី​នេះ បាន​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ទេសភាព​ស្រស់ត្រកាល និង​ខ្យល់អាកាស​បរិសុទ្ធ​មាន​ទឹកធ្លាក់​ល្អស្អាត ព្រៃភ្នំ​ក្រំថ្ម និង​ដើមឈើ​ធំៗ នៅ​រាយប៉ាយ​ក្បែរ​នោះ។ អតីត​រាជដំណាក់​នោះ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​កាលពី​សម័យ​សង្គ្រាម​នៅ​សល់​តែ​ស្លាកស្នាម​បន្តិចបន្តួច​ប៉ុណ្ណោះ។ រមណីយដ្ឋាន​ទេសចរណ៍​ដែល​ស្ថិត​នៅក្នុង​ឃុំ​មនោរម្យ ក្រុង​សែនមនោរម្យ​មាន​ចម្ងាយ​៥​គីឡូម៉ែត្រ​ពី​ផ្ចិត​កណ្តាល​ក្រុង​នេះ។

មណ្ឌលគិរី​ទិសដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏ទាក់ទាញ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស
មណ្ឌលគិរី​ទិសដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏ទាក់ទាញ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស

ទឹកធ្លាក់​ជ្រៃធំ ទឹកជ្រោះ​ដ៏​ពិសិដ្ឋ​មួយ យក​ឈ្មោះ​តាម​ដើម​ជ្រៃ​ដែល​ដុះ​នៅ​ក្បែរៗ​នោះ។ នៅ​ព័ទ្ធ​ជុំវិញ​ទឹកជ្រោះ​នេះ​ក៏​នៅ​សម្បូរ​ទៅ​ដោយ​ដើម​ស្រឡៅ និង​ដើមឈើ ផ្សេងៗ​ទៀត​ដែរ។ មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ធ្វើ​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ ទី​នេះ​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​ដូច​ទឹកជ្រោះ​ប៊ូស្រា​ដែរ។ ទឹកជ្រោះ​ជ្រៃ​ធំ​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​សែនមនោរម្យ​ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ។

ទឹកធ្លាក់​រមនា មាន​ទីតាំង​ស្ថិត​នៅក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ប៉ែក​ខាង​លិច​ក្រុង​សែនមនោរម្យ ដែល​អំណោយផល​ដល់​ផ្នែក​អេកូ​ទេសចរណ៍ មាន​ព្រៃឈើ​ពណ៌​បៃតង​គ្របដណ្តប់​ព័ទ្ធ​ជុំវិញ​តាម​ដងអូរ និង​ជួរ​ភ្នំ​ជា​ជម្រក​ដ៏​សុខសាន្ត​នៃ​ពពួក​ម្រឹគីម្រឹគា បក្សាបក្សី ព្រម​ទាំង​ភូមិឋាន​របស់​បងប្អូន​ជនជាតិ​នោះ គេ​ដឹង​ថា មាន​ទឹក​ធ្លាក់​២​ទៅ​៣​កន្លែង​នៅ​តាម​ដងអូរ​នៃ​ជ្រលង​ភ្នំ​នោះ។

ទឹកធ្លាក់​ក្បាលព្រះ ឬ​ហៅថា លែង​បូកព្រះ ជា​តំបន់​ទឹកធ្លាក់​ធម្មជាតិ​មួយ​មាន​ទេសភាព​យ៉ាង​ស្រស់​បំព្រង គួរ​ជា​ទី​ចាប់ចិត្ត​ខ្លាំង​ណាស់​សម្រាប់​អ្នក​ទេសចរ​ជាមួយ​នឹង​សម្រស់​ធម្មជាតិដ៏ស្រស់ត្រកាល ព័ទ្ធជុំវិញ ដោយ​ព្រៃឈើ​តូចធំ និង​ជួរ​ភ្នំ​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​ឆើតឆាយ និង​មាន​ម្លប់​ឈើ​ធំៗ​ដែល​ផ្តល់​ជា​កន្លែង​សម្រាប់​ភ្ញៀវទេសចរ​សម្រាក​កម្សាន្ត​ទទួលទាន​អាហារ ពិចនិក និង​ងូត​ទឹក​ធ្លាក់​ថ្លា​ត្រជាក់​យ៉ាង​សប្បាយ​រីករាយ មាន​ទីតាំង​ស្ថិត​នៅក្នុង​សង្កាត់​រមនា ក្រុង​សែនមនោរម្យ ចម្ងាយ​១៣​គីឡូម៉ែត្រ​ពី​ទី​រួមខេត្ត។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់បន្ថែមថា នៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យ ទេសចរណ៍ខេត្តមណ្ឌលគិរីនេះ បានបែងចែកប៉ូលទេសចរណ៍ធំៗចំនួន៦ ទៅតាមទីតាំង ភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នាជាដើម ក្នុងនោះរួមមាន៖ ១. តំបន់អេកូទេសចរណ៍ក្នុង ដែនជម្រកសត្វព្រៃ៖ ដោយសារនៅក្នុងខេត្តមណ្ឌលគិរីមានដែនជម្រកសត្វព្រៃចំនួន ៥ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងពោរពេញដោយសក្ដានុពល ក្នុងវិស័យអេកូទេសចរណ៍។ ២. តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិ ដើមភាគតិច៖ ដែលប៉ូលទេសចរណ៍ទីពីរនេះនឹងត្រូវភ្ជាប់ពីតំបន់ប៊ូស្រាទៅកាន់តំបន់ដាក់ ដាំ។ ៣. តំបន់ក្រុងសែនមនោរម្យ៖ នឹងអភិវឌ្ឍក្រុងនេះទៅជាតំបន់ អភិវឌ្ឍន៍ ពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។ ៤. តំបន់ប្រជុំជនស្រុក កោះញែក៖ មានសក្ដានុពលជាតំបន់កសិទេសចរណ៍ ពិសេសអាចរៀបចំជាចំណត យន្តហោះលើទឹក (Water Plan) នៅទន្លេស្រែពកនៃស្រុកកោះញែក។ ថ្វីដ្បិតទន្លេស្រែពកមិន អំណោយផលដល់ការធ្វើនាវាចរទេសចរណ៍ ឬដឹកជញ្ជូនមិនបានក៏ពិតមែន (ដោយសារ សម្បូរថ្មប៉ប្រះទឹក) តែគេអាចរៀបចំជាចំណតយន្តហោះលើទឹក ដូចបណ្ដាប្រទេសមួយចំនួន ដែលឱ្យយន្តហោះហោះហើរមកកាន់តំបន់បឹងទន្លេសាប ឬទៅកាន់កោះរ៉ុងបានទៀតផង។ ៥. តំបន់អាកាសយានដ្ឋានមណ្ឌលគិរីនៅស្រុកអូររាំង៖ ដែលនឹងត្រូវអភិវឌ្ឍជាទី ក្រុងរណបនៃក្រុងសែនមនោរម្យ និង៦.តំបន់សមាហណកម្មច្រកទ្វារព្រំដែន៖ នៅខេត្ត មណ្ឌលគិរីមានច្រកទ្វារព្រំដែនទ្វេភាគី ជាមួយវៀតណាមចំនួន៤កន្លែង ដែលអាចជំរុញ ឱ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍នៅតាមច្រកព្រំដែននេះ៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន