Trending now

អាជីវកម្មរុស្ស៊ីមានបំណងចង់ចូលមកវិនិយោគនៅវៀតណាម

23:56 | 07/11/2020

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំនៅវៀតណាម លោក Konstantin Vnukov និងលោក Mikhelson ប្រធានសម្ព័ន្ធក្រុមហ៊ុន Novatek ។

លោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov និងលោក Mikhelson ប្រធានសម្ព័ន្ធក្រុមហ៊ុន Novatek (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Konstantin Vnukov និងលោកប្រធានសម្ព័ន្ធក្រុមហ៊ុន Novatek បានប្រគល់សារលិខិត​របស់នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin ផ្ញើជូនលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសហភាពសូវៀត/សហព័ន្ធរុស្ស៊ី។ (១៩៥០-២០២០) ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាម និងរុស្ស៊ីគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីគឺជាអាទិភាពយូរអង្វែងរបស់វៀតណាម ហើយចាត់ទុកថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមិនទាន់សក្តិសមទៅនឹងសក្តានុពលនៅឡើយ។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យលោកឯកអគ្គរដ្ឋទូត និងលោកប្រធានសម្ព័ន្ធក្រុមហ៊ុន Novatek គួរតែលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់សម្រាប់វិនិយោគិនរុស្ស៊ី ចូលមកវិនិយោគនៅវៀតណាមឲ្យកាន់តែច្រើនថែមទៀត មិនត្រឹមតែវិនិយោគក្នុងវិស័យថាមពលប៉ុណ្ណោះទេ ថែមទាំងវិស័យជាច្រើនទៀតផង។ នាយករដ្ឋមន្រ្តីបានឲ្យដឹងថា អង្គការជាច្រើននៅលើពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងកើនឡើងខ្ពស់ ហើយតម្រូវការប្រើប្រាស់ថាមពលគឺខ្ពស់ណាស់។ ប្រការនេះនឹងបើកឱកាសល្អសម្រាប់វិនិយោគិនរុស្ស៊ី និងអន្តរជាតិ។

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះលទ្ធភាព និងបទពិសោធន៍របស់សម្ព័ន្ធក្រុមហ៊ុន Novatek ក្នុងវិស័យថាមពល ហើយវៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនរុស្ស៊ី ដែលក្នុងនោះមានទាំងសម្ព័ន្ធក្រុមហ៊ុន Novatek ផងដែរ។ លោកឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា លោកនឹងសម្របសម្រួលជាមួយសម្ព័ន្ធក្រុមហ៊ុនឈានមុខគេរបស់រុស្ស៊ីដើម្បីធ្វើជាស្ពានតភ្ជាប់សម្រាប់អាជីវកម្មរុស្ស៊ីចូលមកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។

លោក Mikhelson បានឲ្យដឹងថា អាជីវកម្មរុស្ស៊ីមានប្រៀបខ្លាំងលើវិស័យជាច្រើន រួមទាំងថាមពល ហើយនិងមានបំណងចង់វិនិយោគនៅវៀតណាម។ លោកប្រធានសម្ព័ន្ធក្រុមហ៊ុន Novatek បានវាយតម្លៃថា ដោយវៀតណាមមានខឿនសេដ្ឋកិច្ចរីកចម្រើន កំណើនសេដ្ឋកិច្ចលឿន ហើយនិងបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ហេតុដូច្នេះ បរិយាកាសវិនិយោគសម្រាប់អាជីវកម្មរុស្ស៊ីនៅវៀតណាមគឺធំធេងណាស់៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ