Trending now

លោកឧត្តមសេនីយ៍ត្រី ថី វិសាល៖ ការបន្តឹង​​​ច្បាប់​ចរាចរណ៍​​ក្នុង​​អំឡុង​​នេះ​ មិនពាក់ព័ន្ធ​​ជាមួយ​រឿង​កូវីដ១៩ទេ

08:10 | 07/05/2020

ការបន្តឹងច្បាប់ចរាចរណ៍នាដើមខែឧសភានេះ បានក្លាយជាប្រធានបទដែលពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គម​កំពុងយកចិត្តទុកដាក់គួរឲ្យកត់សម្គាល់។ ហាក់ជាប្រធានបទក្តៅដែលគ្រប់គ្នាតាមដាន ដោយសារអ្នកបើកបរដែល​ល្មើសច្បាប់​ចរាចរណ៍នឹង​ត្រូវរង​ពិន័យ​ទឹកប្រាក់​ពី ៣ដងដល់ទៅ ៥ដងទៅតាមបទល្មើស។ ការផាកពិន័យ គឺមិនធ្វើ​នៅកន្លែងអនុវត្តន៍នោះឡើយ តែត្រូវបញ្ជូនយាន​យន្ត​ល្មើស​ទៅកន្លែងធ្វើការរបស់សមត្ថកិច្ចដែលនៅជិតបំផុត និង​រក្សាទុក ៣ថ្ងៃសិន ទើបឱ្យម្ចាស់​ចូលខ្លួន​​ទៅបង់ប្រាក់​ពិន័យតាមច្បាប់។

ទោះជាបែបនេះក្តី មានការជជែកមិនតិចទេអំពីការបន្តឹងច្បាប់ចរាចរណ៍នាអំឡុងពេលនេះ ខណៈស្ថានភាពក្នុង​​ និងក្រៅ​ស្រុក នរណាក៏ដឹងដែរថា កូវីដ១៩ កំពុងវាយលុកនៅឡើយ។ ករណីនេះ អាចជាហេតុផលមួយ​ដែល​ជម្រុញឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមផ្សារភ្ជាប់ការរឹតត្បិតសេរីភាពដើរហើរទៅនឹងស្ថានភាពកូវីដ១៩ ខណៈ​មាន​ការរឹតបន្តឹងច្បាប់ចរាចរណ៍ក្នុងអំឡុងជាមួយគ្នានេះដែរ។

តបនឹងការសង្ស័យនេះ Khmerload​ បានធ្វើបទសម្ភាសជាមួយលោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាន​នាយក​ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ លោក ថី វិសាលបានសង្កត់ធ្ងន់ថា ការអនុវត្ត​ច្បាប់នេះ មិនពាក់ព័ន្ធជាមួយកូវីដ១៩ទេ ហើយថាអាជ្ញាធរមិនអាចពន្យារពេលទៀតទេ ព្រោះត្រូវតែទប់ស្កាត់​នូវគ្រោះថ្នាក់់​ចរាចរណ៍ដែលកំពុងកើតមានរាល់ថ្ងៃនេះ។

«ការអនុវត្តច្បាប់នេះមិនមានពាក់ព័ន្ធជាមួយកូវីដ១៩ទេ ព្រោះក្រសួងសុខាភិបាល បានបំពេញតួនាទីអស់ហើយ។​តែមន្ត្រីចរាចរណ៍កំពុងធ្វើនេះ គឺដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ហើយក៏មិនមានទាក់ទិនជាមួយរឿងរិតត្បិត​ សេរីភា​ពធ្វើ​ដំណើររបស់ពលរដ្ឋឡើយ។ ពោលអ្នកដំណើរ អាចឆ្លងស្រុក ឬខេត្តតាមធម្មតា ហើយថែទាំសុខភាព​ដោយគោរពទៅតាមការណែនាំមន្ត្រីសុខាភិបាល»។

លោកឧត្តមសេនីយ៍ត្រី ថី វិសាល

ឧត្តមសេនីយ៍ត្រីរូបនេះបន្តថា នៅកម្ពុជា មិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់ដោយសារកូវីដ១៩ទេ ផ្ទុយទៅវិញមាន​ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ខណៈមានអ្នករបួស និងស្លាប់រាល់ថ្ងៃ។​លោកបន្ថែមថា សមត្ថកិច្ចមិនចង់ឃើញ​ឈាមរបស់ពលរដ្ឋហូរលើដងផ្លូវទៀតទេ។

«ការពិតកូវីដ១៩ ​វាបានរាលដាលជាសកលទៅហើយ ខណៈនៅកម្ពុជាក៏មានជាង១២០ករណីដែរ ប៉ុន្តែមិនទាន់មាន​ពលរដ្ឋណាម្នាក់ស្លាប់ដោយសារកូវីដ១៩ទេនៅស្រុកខ្មែរទេ ផ្ទុយទៅវិញមានករណីគ្រោះថ្នាក់ចរាចរណ៍​កើតឡើង​រាល់ថ្ងៃ មួយថ្ងៃជាង១០ករណី មានអ្នកស្លាប់ពី ៤ទៅ ៦នាក់ របួសជាង១០នាក់រាល់ថ្ងៃ។ នេះជាកង្វល់របស់រដ្ឋ។ យើងមិនចង់ឃើញឈាមរបស់ពលរដ្ឋហូរលើដងផ្លូវទៀតទេ។​ ដូច្នេះយើងមិនអាចពន្យារពេលទេ យើងត្រូវធ្វើដើម្បី​ទប់ស្កាត់នូវគ្រោះថ្នាក់់ដែលកំពុងកើតមានរាល់ថ្ងៃនេះ»។

អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈខាងលើបានពន្យល់ថា តាមអនុក្រឹត​លេខ ៣៩មានជាង ៥០អំពើល្មើស (មិនពាក់មួក​ មិនដាក់កញ្ចក់ ផ្ទុកលើសចំណុះ...) តែរដ្ឋមិនទាន់យកមកអនុវត្ត​គ្រប់​ចំណុច​ទាំងអស់ទេ ដោយចាំពេលសមស្របទើបប្រើ តែអនុវត្តចំនុចណាដែលចាំបាច់សិន។

ក្នុងនោះលោកថា ម៉ូតូអនុវត្តតែ៧ចំណុច រថយន្តតែ៩ចំណុចទេ។ ហើយសរុបទាំងម៉ូតូ និងរថយន្តមានជាង ៥០​ករណី។ លោកថា រហូតមកដល់ពេលនេះ​មិនទាន់មានវិធានការណាមួយពីរដ្ឋដើម្បីបន្ធូរបន្ថយវិធានការ​ដែលកំពុង​អនុវត្តឡើយ មានតែកំពុងបន្តអនុវត្តន៍ និងបន្ថែមចំណុចអនុវត្តន៍នាពេលអនាគតទៀតដើម្បីទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍។

រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក

សូមបញ្ជាក់ថា ករណី​បទល្មើស​ម៉ូតូ​៧​ចំណុច ដែល​ត្រូវ​ផាកពិន័យ​មានៈ មិន​ពាក់មួក​សុវត្ថិភាព​ត្រូវ​ផាក​៦​ម៉ឺន​រៀល និង​ពិន័យ​៨​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ​ដែល​ប្រើ​ទូរស័ព្ទ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង​។ ចំណែក​អ្នកបើកបរ​មិន​គោរព​ភ្លើង​និង​ស្លាក​សញ្ញា បើក​ល្មើស​ការបត់ និង​វ៉ា​ជែង ឬ​ដឹក​លើ​ចំណុះ ត្រូវ​ពិន័យ​១០​ម៉ឺន​រៀល​។ រីឯ​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង នឹងត្រូវ​ពិន័យ​ពី​២៥​ម៉ឺន ទៅ​១​លាន​រៀល តាម​កម្រិត​ជាតិ​អាល់កុល​។ បើ​យានយន្ត​គ្មាន​ស្លាក​លេខ នឹងត្រូវ​ពិន័យ​១២​ម៉ឺន​រៀល​។​

ចំណែក បទល្មើស​រថយន្ត​ទាំង​៩ ដែល​ត្រូវ​ផាកពិន័យ​មាន ល្បឿន​ត្រូវ​ផាក​១២​ម៉ឺន​ទៅ​៦២​ម៉ឺន​៥​ពាន់​រៀល​, ស្រវឹង​ត្រូវ​ផាក​៤០​ម៉ឺន ទៅ​៤​លាន​រៀល​, គ្មាន​បណ្ណ​បើកបរ ត្រូវ​ផាក​១២​ម៉ឺន ទៅ​២៤​សែន​រៀល​, មិន​គោរព​ភ្លើង​សញ្ញា និង​ស្លាក​សញ្ញា ត្រូវ​ផាក​១៥​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល​, ល្មើស​ក្នុងការ​បទ និង​វ៉ា​ជែង ត្រូវ​ផាក​១៥​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល​, មិន​ពាក់​ខ្សែក្រវាត់​៧​ម៉ឺន​៥​ពាន់ ទៅ​១៥​ម៉ឺន​រៀល​, ដឹក​លើស​ចំណុះ​ត្រូវ​ផាក​១៥​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល​, គ្មាន​ស្លាក​លេខ​ត្រូវ​ផាក​១២​សែន ទៅ​២៤​សែន​រៀល និង​និយាយ​ទូរស័ព្ទ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង ត្រូវ​ផាក​១២​ម៉ឺន ទៅ​២២​ម៉ឺន​៥​ពាន់​រៀល​៕

(ប្រភពព័ត៌មាន: khmerload.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន