Trending now

សភា​ផ្អាក​កិច្ចប្រជុំ​មិនចាំបាច់ តែ​ត្រៀម​អនុម័ត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន

16:17 | 05/04/2020

សភាជាតិ​កាលពី​ម្សិលមិញ​បាន​សម្រេច​ផ្អាក​រាល់​កិច្ចប្រជុំ​ដែល​មិនចាំបាច់​ខ្លាំង​នៅក្នុង​បវេសនកាល​នេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​។ ប៉ុន្តែ​សភា​អាច​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​អនុម័ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​។

កិច្ចប្រជុំ​រដ្ឋសភា​កាលពី​ថ្ងៃទី​ ៣០ ខែមីនា​ថ្មីៗ​នេះ​

លោក​ ហេង សំរិន ប្រធានរដ្ឋសភា​បាន​ថ្លែង​នៅលើ​របាយការណ៍​សង្ខេប​ស្ដីពី​សកម្មភាព​របស់​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​ ៣ និង​ទី​ ៤ ក្នុង​នីតិកាល​ទី​ ៦ ដោយ​បញ្ជាក់ថា រដ្ឋសភា​បាន​ចូល​វិស្សម​កាលពី​ថ្ងៃទី​ ៤ ​ខែ​មករា​ដែល​គិតពី​​ត្រឹម​ថ្ងៃទី​ ២ មេសា​ម្សិលមិញ ​គឺ​មាន​រយៈពេល​ ៣ ​ខែ​។ ​ដូច្នេះ​ពេលនេះ​ជា​ពេល​សមរម្យ​ដែល​រដ្ឋសភា​បើក​សម័យប្រជុំ​លើក​ទី​ ៤ នីតិកាល​ទី​ ៦ ដើម្បី​បន្ត​អនុវត្ត​ការងារ​បម្រើ​ជាតិ​។

ក៏ប៉ុន្តែ​លោក​បន្តថា ដោយសារ​កម្ពុជា និង​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក​ជួបនឹង​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ លោក​យល់ថា រដ្ឋសភា​ក៏​គួរតែ​ចូលរួម​វិភាគទាន​យ៉ាង​សមស្រប​ទៅនឹង​វិធានការ​ទាំងឡាយ​ណា​ដែល​ចាត់ចែង​ដោយ​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​។

លោក​ ហេង សំរិន បាន​បញ្ជាក់ថា​៖ «​ហេតុនេះ​ហើយ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​បាន​ផ្អាក​រាល់​ការប្រជុំ​មិនមាន​ការចាំបាច់​ខ្លាំង​ក្នុង​នោះ​ក៏​រួមមាន​ទាំង​ការបើក​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​ ៤ នីតិកាល​ទី​ ៦ ​នេះ​ផងដែរ​»​។

អ្នកនាំពាក្យ​រដ្ឋសភា​លោក​ ឡេង ប៉េងឡុង ក៏បាន​ជូនដំណឹង​ដល់​សាធារណជន​ដែរ​ថា ដើម្បី​ចូលរួម​វិធានការ​ជាមួយ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក «​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា​បាន​សម្រេច​មិន​អញ្ជើញ​តំណាងរាស្ត្រ និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ចូលរួម​ក្នុង​ពិធី​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​ ៤ ​នីតិកាល​ទី​ ៦ ​ទេ​»​។

រាជរដ្ឋាភិបាល​បានរៀបចំ​សេចក្ដីព្រាងច្បាប់​មួយ​ដើម្បី​គ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​ដោយ​ច្បាប់​នេះ​បាន​​ឆ្លង​ផុត​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ហើយ​។ ​ទោះយ៉ាងណា​លោក ឡេង ប៉េងឡុង បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ច្បាប់​នេះ​មិនទាន់​ដល់​រដ្ឋសភា​នៅឡើយ​ទេ ប៉ុន្តែ​កិច្ចប្រជុំ​រដ្ឋសភា​ដើម្បី​អនុម័ត​ច្បាប់​នេះ​​នឹង​ត្រូវ​ធ្វើឡើង​ក្រោម​ការរៀបចំ​ដោយ​ប្រុងប្រយ័ត្ន​។ លោក​បន្តថា រដ្ឋសភា​មិនអាច​រៀបចំ​កិច្ចប្រជុំ​ដោយ​វីដេអូ​ខុនហ្វើរិន​ទេ ព្រោះ​មិនទាន់​មានច្បាប់​ចែង​ពី​ចំណុច​នេះ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់ថា ការសម្រេច​ផ្អាក​ប្រជុំ​សភា​នេះ​គឺជា​ការសម្រេចចិត្ត​ត្រឹមត្រូវ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​។ ក៏ប៉ុន្តែ​លោក​គិតថា ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាពអាសន្ន​អាច​នឹងត្រូវ​បានអនុម័ត​យ៉ាងយូរ​នៅ​សប្ដាហ៍​ក្រោយនេះ​។

លោក​ថ្លែងថា​៖ «​រដ្ឋសភា និង​ព្រឹទ្ធសភា ខ្ញុំ​ប៉ាន់ប្រមាណ​មើល​ទៅ​ក៏​មិន​ត្រូវការ​ថិរវេលា​យូរ​ប៉ុន្មាន​ដែរ អាច​នឹង​ចេញ​ក្នុង​អំឡុង​សប្ដាហ៍​ក្រោយ​នេះ​មើល​ទៅ ដោយសារ​តែ​ច្បាប់​នេះ​មាន​ភាពចាំបាច់​។ វា​ជាការ​បង្ការ​មួយ ប្រសិន​បើ​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​វា​ធំ​គឺ​អាច​ដាក់​ខេត្ត ឬ​តំបន់ ឬ​ទីក្រុង​ណាមួយ​ស្ថិត​ក្នុង​ភាពអាសន្ន​យើង​ត្រូវមាន​ច្បាប់​នៅក្នុង​ដៃ​។

បើ​គ្មាន​ច្បាប់​យើង​មិន​អាច​ដាក់​បម្រាម​ដល់​ពលរដ្ឋ​ទេ​។ ដូច្នេះ​​រដ្ឋាភិបាល​ត្រូវធ្វើ​ឲ្យ​មាន​ឲ្យហើយ​ដើម្បី​ស្រួល​ក្នុង​ការអនុវត្តកិច្ចការ​បង្ការ​ផ្សេងៗ​ដែល​អាច​កើត​មាន​ជាយថាហេតុ​»​។

ទោះយ៉ាងណា​លោក​ថា​ច្បាប់​នេះ​ទំនង​ជា​មិនត្រូវ​បាន​ប្រើ​មុន​ ឬ​ក្នុងអំឡុង​ចូលឆ្នាំ​ខ្មែរ​ទេ ព្រោះ​បើ​ពិនិត្យមើល​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​ការរីករាលដាល គឺ​មាន​ភាពទ្រឹង ឬ​មាន​តិចតួច ហើយ​មិនទាន់​មាន​ការរីករាលដាល​ក្នុង​សហគមន៍​នៅឡើយ​។ តែ​ប្រសិន​បើ​អនុវត្ត​វិញ លោក​ថា​ប្រហែល​ជា​សម្រាប់​តំបន់​ជាក់លាក់​ណាមួយ​ដែល​មាន​ការឆ្លង​រាលដាល​ច្រើន​ករណី​។

កាលពី​ម្សិលមិញ​ប្រទេស​កម្ពុជា រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​នេះ​ ១ ​ករណី​ទៀត​ ដែល​ធ្វើឲ្យ​តួលេខ​សរុប​កើន​ដល់​ ១១០ ករណី​ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​ ៣០ ​នាក់ និង​បុរស​ ៨០ ​នាក់​។ ​ករណី​ថ្មី​នេះ​រកឃើញ​នៅលើ​បុរស​ជនជាតិខ្មែរ អាយុ​ ៥៨ ឆ្នាំ​​នៅ​ខេត្ត​ព្រះសីហនុ​។ បុរស​រូបនេះ​ជា​អ្នកគ្រប់គ្រង និង​ធ្វើ​បដិសណ្ឋារកិច្ច​ជាមួយ​ភ្ញៀវទេសចរ​បារាំង​ដែល​មាន​ជំងឺ​កូវីដ​ ១៩ នៅ​ខេត្ត​ព្រះសីហនុ​។

ក្រៅពី​ឆ្លង​ ១ ​ករណី​នេះ ​ក្រសួង​សុខាភិបាល​ប្រកាសថា មាន​អ្នកជា​សះស្បើយ​ចំនួន​ ៩ ​នាក់​ថ្មី​ទៀត ​ដែល​ធ្វើឲ្យ​ចំនួន​ជា​សះស្បើយ​សរុប​មាន​ចំនួន​ ៣៤ ​នាក់​ ឬ​ស្មើនឹង​ ៣០,៩១ ​ភាគរយ​។ អ្នក​ដែលជា​ទាំង​ ៩ ​នាក់​ ថ្មី​រួមមាន​បុរស​ខ្មែរ​នៅ​ខេត្តសៀមរាប ជនជាតិ​បែលហ្ស៊ិក​ម្នាក់ និង​ជនជាតិ​បារាំង​ ៧ ​នាក់​ នៅ​ខេត្ត​ព្រះសីហនុ​។ បុរស​ជនជាតិខ្មែរ​នៅ​សៀមរាប និង​ជនជាតិ​បែលហ្ស៊ិក​នៅ​ភ្នំពេញ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ​កាលពី​ម្សិលមិញ​។

ចំណែក​ជនជាតិ​បារាំង​ចំនួន​ ៧ ​នាក់ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ប៉ុន្តែ​កំពុង​បន្ត​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ​ដើម្បី​រង់ចាំ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​។ ពួកគាត់​ស្ថិត​នៅក្នុង​សណ្ឋាគារ​ជាមួយ​នឹង​ជនជាតិ​បារាំង​ផ្សេងទៀត​ដែល​កំពុង​ព្យាបាល​ជំងឺ​នេះ តែ​ដាក់​នៅ​ជាន់​ផ្សេង និង​បន្ទប់​ដាច់​ដោយឡែក​ពីគ្នា​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងសុខាភិបាល​។

លោកស្រី Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​សរសេរ​នៅលើ​បណ្ដាញ​ធ្វីធើរ​របស់​លោកស្រី​ថា​៖ «​ខណៈ​ដែល​យើង​​កំពុងតែ​រវល់​ជាមួយ​នឹង​ការឆ្លើយតប​លើ​ករណី​នាំចូល​ពី​ក្រៅ​ និង​រឿង​ឆ្លង​ក្នុងស្រុក យើង​ក៏​គួរតែ​ចាត់វិធានការ​បន្ទាន់​នានា ដើម្បី​ត្រៀម​ការឆ្លង​ក្នុងស្រុក​ក្នុង​ទ្រង់ទ្រាយ​ធំ​»៕

(ប្រភពព័ត៌មាន: postkhmer.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់