Trending now

ការសម្រេចចិត្តបិទការធ្វើដំណើរឆ្លងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំទទួលការគាំទ្រពី នាយក WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

08:21 | 13/04/2021 ឌីណា

ពិធីបុណ្យចូលឆ្នាំខ្មែរគឺជាឱកាសសម្រាប់សមាជិកនៃក្រុមគ្រួសារជួបជុំគ្នានៅស្រុកកំណើត។ ប៉ុន្តែ ក្នុងឆ្នាំ២០២១​នេះ ដោយការរីករាល​ដាល​នៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាល​បាន​ចាត់​វិធានការ​ម៉ឹងម៉ាត់មួយ​ចំនួន ដើម្បីទប់ស្កាត់នឹងការរីករាលដាលក្នុងសហគមន៍។

ភាពស្ងប់ស្ងាត់នៅអង្គរវត្ត ក្រោយការផ្អាកតំបន់ទេសចរណ៍និងបិទការធ្វើដំណើរឆ្លងខេត្ត ភាពស្ងប់ស្ងាត់នៅអង្គរវត្ត ក្រោយការផ្អាកតំបន់ទេសចរណ៍និងបិទការធ្វើដំណើរឆ្លងខេត្ត
រាជរដ្ឋាភិបាលចាត់វិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មុនពិធីបុណ្យចូលឆ្នាំខ្មែរ រាជរដ្ឋាភិបាលចាត់វិធានការម៉ឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មុនពិធីបុណ្យចូលឆ្នាំខ្មែរ
ការសម្រេចចិត្តបិទការធ្វើដំណើរឆ្លងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំទទួលការគាំទ្រពី នាយក WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

នាយក WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក គាំទ្រចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន បិទការធ្វើដំណើរឆ្លងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំ។ (រូបថត៖ freshnews)

រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយជាថ្មីម្តងទៀតរយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ខែមេសានេះ រហូតដល់ថ្ងៃ២០ ខែមេសាខាងមុខ។ ប៉ុន្តែ រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាតំបន់តែមួយដែលអាចធ្វើដំណើរចេញចូលដូចធម្មតា។ បើទោះបីបិទការធ្វើដំណើរនៅទូទាំងប្រទេសក្តី ប៉ុន្តែក៏មានការលើកលែងលើករណីមួយចំនួនដែរ ដូចជា ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត។

បន្ថែមនេះ ក៏លើកលែងចំពោះការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទៅបំពេញភារកិច្ចរបស់ខ្លួន ការដឹកជញ្ជូនពលករដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេសចូលមកកម្ពុជាទៅកាន់ស្រុកកំណើតដើម្បីធ្វើចត្តាឡីស័ក ការធ្វើដំណើររបស់រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន រថយន្តពន្លត់អគ្គិភ័យ រថយន្តបម្រើសេវាដឹកជញ្ជូនសំ​រាម និងកាកសំណល់។ ជាមួយគ្នានេះ ក៏អាចធ្វើដំណើរបានផងដែរចំពោះការដឹកជញ្ជូនកម្មករ ទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ ឬមន្ទីរការងារ ការធ្វើដំណើររប​ស់​ពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព និងការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ការសម្រេចចិត្តបិទការធ្វើដំណើរឆ្លងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំទទួលការគាំទ្រពី នាយក WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ FB Samdech Hun sen)

នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Takeshi Kasai បានសម្តែងការគាំទ្រមុតមាំចំពោះការសម្រេចចិត្តដ៏លំបាករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចបិទការធ្វើដំណើរឆ្លងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោក បានមើលឃើញថា ការបិទចរាចរណ៍ឆ្លងខេត្ត គឺជាវិធានការចាំបាច់ក្នុងការរាំងខ្ទប់ការចម្លងជំងឺកូវីដ១៩។

ការគាំទ្ររបស់នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករូបនេះ បានស្តែងឡើងតាមរយៈលិខិតមួយច្បាប់ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ។

លោក Takeshi Kasai បានកោតសរសើរចំពោះការសម្រេចចិត្តរបស់សម្តេចតេជោ ដែលជាវិធានការគន្លឹះមួយ សម្រាប់កាត់បន្ថយហានិភ័យ និងការពារប្រទេសកម្ពុជា ពីការរាតត្បាតជំងឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករូបនេះ បានគូសបញ្ជាក់ដូច្នេះ «អង្គការសុខភាពពិភពលោក សូមធ្វើការកោតសរសើរចំពោះការធ្វើសេចក្តីសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ របស់សម្ដេចដោយផ្អែកលើការវាយតម្លៃអំពីហានិភ័យ នៅក្នុងការរឹតបន្ដឹងការធ្វើចរាចរណ៍ឆ្លងរាជធានី-ខេត្ត។ នោះគឺជាវិធានការគន្លឹះមួយក្នុងការកាត់បន្ថយហានិភ័យ និងការពារប្រទេសកម្ពុជា។ វិធានការមួយនេះ រួមជាមួយនឹងវិធានការសុខភាពសាធារណៈដទៃទៀត នឹងមានតួនាទីសំខាន់នៅក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ ជាពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី»។

លោក Takeshi Kasai បានលើកឡើងថា ការសម្រេចិត្តនេះ មិនមែនជាសេចក្តីសម្រេចចិត្តងាយស្រួលនោះទេ។ ជាធម្មតាប្រជាជននៅទូទាំងពិភពលោករួមទាំងនៅកម្ពុជាផង គឺតែងតែនឿយណាយនឹងការរឹតបន្ដឹងនានា។ តែគួរឱ្យស្ដាយការតស៊ូដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះនឹងបន្តហួសពីពិធីបុណ្យចូលឆ្នាំខ្មែរទៅទៀត។ ជាការពិតប្រហែលជាអាចមានសេចក្តីសម្រេចចិត្តដ៏លំបាកជាច្រើនទៀត ដែលត្រូវធ្វើនៅក្នុងរយៈពេលប៉ុន្មានខែទៅមុខទៀត ដើម្បីបញ្ឈប់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩នេះ ប្រកបដោយប្រសិទ្ធភាព៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម