Trending now

«សហគមន៍ល្អឺនក្រែន» ជួយជីវភាពជនជាតិដើមភាគតិចទំពួន

16:42 | 30/03/2021 ហេង វុធ្ធី

សហគមន៍ល្អឺនក្រែន គឺជាសហគមន៍មួយដែលបង្កើតឡើង ដើម្បីជួយជីវភាពជនជាតិដើមភាគតិចទំពួន ឱ្យប្រសើរឡើង ជាពិសេសជួយបញ្ឈប់អំពើហឹង្សាលើស្ត្រី។ សហគមន៍នេះ មានក្រុមតូចៗចំនួន៤ គឺក្រុមតម្បាញស្ត្រី ក្រុមតម្បាញបុរស ក្រុមសន្សំ ក្រុមស្ត្រី និងក្រុមកសិកម្ម។ អ្នកស្រី ប៉ោ ម៉ាច ដែលជាគណៈកម្មការក្នុងក្រុមតម្បាញ បានបញ្ជាក់ថា ក្រោយពីបង្កើតសហគមន៍ល្អឺនក្រែ ទាំងតម្បាញកន្សែងនិងសំពត់ តម្បាញកាផា និងផលិតផលបន្លែត្រីសាច់ មានទីផ្សារលក់ច្រើនជាងមុន។ ជាពិសេសអំពើរហឹង្សាក្នុងគ្រួសារលើស្ត្រី ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង។

បរិយាកាសពិធីបុណ្យ Kate នៅតាមបណ្ដាភូមិជនជាតិ Cham (ចាម) បរិយាកាសពិធីបុណ្យ Kate នៅតាមបណ្ដាភូមិជនជាតិ Cham (ចាម)
ជនជាតិដើមភាគតិចជងឃុំអូរសោមបន្តរស់នៅបែបប្រពៃណីរបស់ខ្លួន ជនជាតិដើមភាគតិចជងឃុំអូរសោមបន្តរស់នៅបែបប្រពៃណីរបស់ខ្លួន
«សហគមន៍ល្អឺនក្រែន» ជួយជីវភាពជនជាតិដើមភាគតិចទំពួន
«សហគមន៍ល្អឺនក្រែន» ជួយជីវភាពជនជាតិដើមភាគតិចទំពួន

ក្រោយពីការបង្កើតសហគមន៍នៅក្នុងឆ្នាំ២០១០មក ក្រុមតូចៗដូចជា ក្រុមតម្បាញស្ត្រី ក្រុមតម្បាញបុរស ក្រុមសន្សំ ក្រុមស្ត្រី និងក្រុមកសិកម្ម ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីជួយជីវភាពប្រជាសហគមន៍បានគ្រប់រូបភាព។ ទោះជាយ៉ាងណា ដំណើរការបង្រៀនតម្បាញទៅក្មេងជំនាន់ក្រោយ ដែលចាប់ពីអាយុជាង១០ឆ្នាំឡើងទៅនោះ ក៏បានចាប់ផ្ដើមដែរ។ អ្នកស្រីបញ្ជាក់ដូច្នេះ៖«មានគ្រូពីរនាក់ចេះតែបង្រៀនក្មេងថ្ងៃអាទិត្យថ្ងៃសៅរ៍ ទើបតែឆ្នាំនេះខ្ញុំមិនបានបង្រៀន។ គេឱ្យខ្ញុំចុះបង្រៀនដល់អូរយ៉ាដាវ អន្លង់មាស ទ្រវែង។ សហគមន៍នេះមានក្រុមសន្សំ ក្រុមតម្បាញ ក្រុមស្រ្តី ក្រុមកសិកម្ម។ ពេលទៅតាំងពិព័រណ៍ យើងមានទីផ្សារច្បាស់លាស់ ហើយយើងទិញរបស់ពីក្នុងសហគមន៍របស់ពួកខ្ញុំទៅលក់ សព្វថ្ងៃយើងធ្វើបែបហ្នឹង។ បើថាគេបញ្ជាទិញបន្លែ១០០គីឡូក្រាម យើងទិញពីសហគមន៍យកទៅលក់ត ដោយយកចំណេញបន្តិចបន្តួច»។អង្គុយនៅលើគ្រែរនាបឫស្សី ក្រោមផ្ទះរបស់ខ្លួននាម៉ោងជិត៧យប់ អ្នកស្រី ប៉ោ ម៉ាច ដែលជាគណៈកម្មការតម្បាញ ក្នុងសហគមន៍ល្អឺនក្រែន បានប្រាប់សារព័ត៌មានថ្មីៗថា ការបង្កើតសហគមន៍នេះ បានជួយជីវភាពជនជាតិដើមភាគចិត្តបានច្រើន។ អង្គុយក្នុងសភាពផ្ទៃមេឃងងឹតនាវេលាយប់ សឹងមើលមុខមិនស្គាល់ថាជានរណានោះ ស្ត្រីសម្បុរសវ័យ៥៦ឆ្នាំរូបនេះ ប្រាប់ពីដើមហេតុដំបូង នៃការចាប់កំណើត សហគមន៍ល្អឺនក្រែន៖«មុនដំបូងអង្គការគេចុះមកសិក្សា ហើយឃើញភូមិរបស់ខ្ញុំត្បាញ គេសួរថាបើមានត្បាញគ្រប់គ្នាគ្រប់គ្រួសារអ៊ីចឹង បើមានអង្គការជួយដើម្បីងាយស្រួលលក់ បង្កើតក្រុមដើម្បីបង្រៀនក្មេងៗជំនាន់ក្រោយ ដើម្បីកុំឱ្យភ្លេច និងបាត់បង់ប្រពៃណី តើមីងព្រមឬអត់? ខ្ញុំប្រាប់គេថា ចាំខ្ញុំសហការជាមួយមេភូមិ និងចាស់ទុំ ហើយខ្ញុំប្រជុំនៅសាលារោង ខ្ញុំនឹងប្រាប់ថាអង្គការចង់បង្កើតក្រុមតប្បាញមួយ ដើម្បីងាយស្រួលក្នុងការបង្រៀនក្មេង។ បើយើងត្បាញនៅផ្ទះ បានបង្រៀនតែកូនយើង»។

មានការគិតគូរវែងឆ្ងាយចំពោះប្រយោជន៍អ្នកភូមិ អ្នកស្រី ប៉ោ ម៉ាច ដែលជាប្រធានក្រុមសន្សំផង និងក្រុមតម្បាញផងនោះ បានប្រជុំប្រជាជនក្នុងភូមិ ដើម្បីបង្កើតក្រុមសន្សំក្នុងភូមិឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់ការខ្ចី ក៏ដូចជាផ្ដល់ប្រាក់ចំណូលឱ្យដល់អ្នកភូមិផ្ទាល់។ អង្គុយលើគ្រែរនាបឫស្សី ក្បែរកូនស្រីតូចកំពុងដេកយោលអង្រឹង ដែលចងភ្ជាប់ពីសរសរផ្ទះមួយទៅសរសរផ្ទះមួយ ដោយដៃកាន់ទូរសព្ទមើល អ្នកស្រី ម៉ាច បន្ថែម៖«ក្រុមសន្សំយើងសន្សំថេ បើថាម្នាក់១លាន គឺ១លានទាំងអស់គ្នា។ យើងសន្សំដើម្បីឱ្យអ្នកភូមិខ្ចី បើអ្នកនៅក្រៅក្រុម យក៣ភាគរយ ប៉ុន្តែបើអ្នកនៅក្នុងក្រុមយក២ភាគរយ។ សម្រាប់ពេលឈឺថ្កាត់យើងស្រួលក្នុងការខ្ចី ទី២បើចំណេញគឺចំណេញនៅក្នុងសហគមន៍ខ្លួនឯង។ បើយើងខ្ចីលុយគេខាងក្រៅ គឹចំណេញទៅគេ។ បង្កើតក្រុមសន្សំមាន៧ក្រុម ក្នុងមួយក្រុមជួន១០នាក់ ជួនមួយក្រុម២០នាក់»។

ស្របពេលនៃការបណ្ដុះអ្នកបន្តវេន សហគមន៍តម្បាញក៏បានជួយស្វែងរកទីផ្សារលក់កន្សែងនិងសំពត់ ដែលជនជាតិដើមភាគតិចបានត្បាញដែរ។ ការណ៍នេះបាននាំឱ្យអ្នកស្រី ប៉ោ ម៉ាច ជឿថាការថែរក្សាតម្បាញប្រពៃណីរបស់ជនជាតិខ្លួន និងបន្តយូរអង្វែងទៅមុខទៀត៖«ក្រុមកសិកម្មមានច្រើន គឺ៤០គ្រួសារ ក្រុមតម្បាញ១៥ ប្រុស៥ ស្រី១០។ ប្រុសបង្រៀនក្មេងៗត្បាញកាផា បើស្រីៗត្បាញសំពត់ប្រពៃណីពីដើម។ អ្នកនៅក្នុងភូមិខែនេះគេរវល់ គេអត់ត្បាញទេ តែក្រុមរបស់ខ្ញុំត្បាញរហូត។ អ្នកខ្លះគេមិនយល់ គេថាថ្ងៃណាដែលគេបញ្ជាទិញត្រូវត្បាញហ្មត់ចត់ មិនបានទៅចម្ការ។ បើក្រុមរបស់ខ្ញុំស្ម័គ្រចិត្តត្បាញ ដើម្បីងាយស្រួលលក់»។

«សហគមន៍ល្អឺនក្រែន» ជួយជីវភាពជនជាតិដើមភាគតិចទំពួន
«សហគមន៍ល្អឺនក្រែន» ជួយជីវភាពជនជាតិដើមភាគតិចទំពួន

សម្រាប់ក្រុមកសិកម្មដែលទើបតែបង្កើតបានរយៈពេលពីរឆ្នាំវិញ បច្ចុប្បន្នពុំទាន់មានទីផ្សារលក់ បន្លែ និងសាច់ ច្បាស់លាស់នៅឡើយ ហើយស្របពេលមានវិបត្តិកូវីដ១៩នេះទៀត រឹតតែធ្វើឱ្យជនជាតិដើមភាគតិចមិនហ៊ានទៅផ្សារលក់ផលិតផលរបស់ខ្លួនថែមទៀត។ ទោះជាយ៉ាងណា ប្រធានក្រុមកសិកម្មរូបនេះ មិនបានអស់សង្ឃឹមឡើយ៖«ក្រុមកសិកម្មគេដាំបន្លែ ចិញ្ចឹមមាន់ ទា សម្រាប់លក់។ បើគេបញ្ជាទិញយើងលក់រាល់ថ្ងៃ បើគេមិនបញ្ជាទិញទេ យើងលក់តាមផ្សារ។ ឥឡូវនេះយើងមិនទាន់មានម៉ូយច្បាស់លាស់ទេ។ យើងទើបតែបង្កើតបាន២ឆ្នាំ យើងអត់ទាន់ស្គាល់ម៉ូយ គ្រាន់តែយើងលក់ឱ្យម៉ូយធម្មតាតិចតួច។ បន្លែរបស់យួនគេលក់២ពាន់រៀល យើងលក់២ពាន់៥រយ គេសុខចិត្តយកយើង»។

បង្កើតក្នុងឆ្នាំ២០១៣ ក្រុមស្ត្រីបានចូលរួមយ៉ាងសកម្ម ក្នុងការបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ ជាពិសេសអំពើហិង្សាលើស្ត្រី។ នៅមុនពេលបង្កើតក្រុមនេះ អ្នកស្រី ប៉ោ ម៉ាច ដែលជាជនជាតិដើមភាគតិចទំពួន ថាក្នុងភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដែលជាភូមិរបស់ជនជាតិដើមភាគតិចទំពួនរស់នៅនោះ មានអំពើហិង្សាច្រើន។ ប៉ុន្តែក្រោយពីបង្កើតក្រុមស្ត្រីឡើង អំពើហិង្សាទាំងឡាយនៅក្នុងភូមិ ត្រូវបានកាត់បន្ថយសឹងតែទាំងស្រុង៖«ពេលមានអំពើហិង្សាក្នុងគ្រួសារ ដូចថាប្ដីផឹកស្រាស្រវឹង និយាយមិនសមរម្យ ក្រុមស្រ្តីយើងសហការគ្នាអប់រំ អូនកុំធ្វើអ៊ីចឹង វាមិនសមរម្យទេ មើលគ្រួសារគេ មានសុភមង្គល។ ពេលគ្រួសារយើងមានបញ្ហា កូនរៀនក៏មិនចូល រកប្រាក់ក៏មិនបាន មានតែថយក្រោយ។ យើងតាមដានមើល អំពើហិង្សាក្នុងគ្រួសារ បានកាត់បន្ថយ»។

យ៉ាងនេះក្តី ជនជាតិដើមភាគតិចមួយចំនួនបានបង្ហាញក្តីបារម្ភថា អត្តសញ្ញាណដើមរបស់ពួកគាត់ក៏ចេះតែបាត់បង់ពីមួយជំនាន់ទៅមួយជំនាន់ ពិសេសការបាត់បង់ដីធ្លី ឬដីព្រៃសមូហភាព ដែលជាកត្តាសំខាន់មួយ​ធ្វើឱ្យអត្តសញ្ញាណរបស់ពួកគាត់ត្រូវបានបាត់បង់ផងដែរ។

មានវ័យជាង៦០ឆ្នាំ ជាជនជាតិដើមភាគតិចកួយ មកពីសហគមន៍ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកស្រី ទេព ទឹម មានប្រសាសន៍ថា ការបាត់បង់ដីធ្លី ព្រៃឈើ គឺបានធ្វើឱ្យអត្តសញ្ញាណដើមរបស់ពួកគាត់ត្រូវបាត់បង់ ហើយបញ្ហាសន្តិសុខស្បៀងអាហារក៏កាន់តែប្រឈមដូចគ្នាដែរ។ អ្នកស្រីមានប្រសាសន៍ថា «យើងមានជំនឿថា កាលណាបើរដ្ឋាភិបាល ឬសាធារណជនទាំងអស់​បាន​ដឹង​ឮ​ពីទុក្ខកង្វល់​របស់ជនជាតិដើមភាគតិច ពួកគាត់នឹងអាចជួយផ្សព្វផ្សាយ ឬគាំទ្រដល់ជនជាតិ​ភាគ​តិច ដោយធ្វើយ៉ាងណា​មានសុវត្ថិភាពរឿងដីធ្លី ដើម្បីការពារវប្បធម៌ ប្រពៃណីរបស់ជនជាតិដើមភាគតិច»។

ជនជាតិដើមភាគតិច អះអាងថា ដីធ្លី ព្រៃឈើ ជាប្រភពរក្សាអត្តសញ្ញាណរបស់ពួកគាត់មួយផ្នែក ដូចជាការរក្សាបាននូវប្រពៃណីធ្វើចម្ការវិលជុំ ប្រពៃណីរកផលអនុផលព្រៃឈើដូចជា រកឃ្មុំ បាចវល្លិ៍ ដងជ័រទឹក ផ្តៅ បរបាញ់សត្វ រកបន្លែបង្ការនានា។ វប្បធម៌សែនព្រេនដីចម្ការ ភូមិករ ឬអារុក្ខអារក្សអ្នកតារក្សាព្រៃព្រឹក្សា វប្បធម៌កប់សពដូនតា ជាដើម។

ក្រៅពីអត្តសញ្ញាណទាំងនេះ ពលរដ្ឋជនជាតិដើមភាគតិចដែលសម្គាល់បានថាជាក្រុមជនជាតិនេះ ឬជនជាតិនោះគឺសម្គាល់លើភាសាប្រើប្រាស់ របាំ និងសម្លៀកបំពាក់ប្រពៃណី ម្ហូបអាហារប្រពៃណី និងសម្ភារប្រើប្រាស់តាមជនជាតិនីមួយៗ៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់