ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Truong Vinh Trong​

10:42 | 23/02/2021 Print
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសរសេរក្នុងសៀវភៅក្រាំងមាសមរណទុក្ខយ៉ាងដូច្នេះថា៖ ក្នុងអំឡុងពេលជាង៥០ឆ្នាំធ្វើសកម្មភាពបដិវត្តន៍និងការងារ ដោយបានកាន់មុខតំណែងជាច្រើន លោក Truong Vinh Trong មានការចូលរួមចំណែកនិងការលះបង់ដ៏ធំធេងជាច្រើនសម្រាប់បុព្វហេតុបដិវត្តន៍ដ៏ភ្លឺស្វាងរបស់បក្ស រដ្ឋនិងប្រជាជន។

ពិធីបុណ្យសពរបស់លោកអតីតឧបនាយករដ្ឋមន្ត្រី Truong Vinh Trong ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនៅសាលប្រជុំគណៈកម្មាធិការប្រជាជនខេត្ត Ben Tre។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២១ កុម្ភៈ នៅឯសាលប្រជុំគណៈកម្មាធិការប្រជាជនខេត្ត Ben Tre និងអគារបុណ្យសពជាតិ ទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Ben Tre និងក្រុមគ្រួសារបានរៀបចំយ៉ាងមហោឡារិកនូវពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Truong Vinh Trong អតីតសមាជិកការិយាល័យនយោបាយ អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល និងជាអតីតប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈឹមវៀតណាម តាមពិធីបុណ្យសពថ្នាក់រដ្ឋ។

នៅសាលប្រជុំគណៈកម្មាធិការប្រជាជនខេត្ត Ben Tre នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញដឹកនាំគណៈប្រតិភូរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម មកគោរពវិញ្ញាណក្ខ័ន្ធនិងរំលែកទុក្ខជាមួយគ្រួសារញាតិសន្ដានរបស់លោកអតីតឧបនាយករដ្ឋមន្រ្តី Truong Vinh Trong។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសរសេរក្នុងសៀវភៅក្រាំងមាសមរណទុក្ខយ៉ាងដូច្នេះថា៖ ក្នុងអំឡុងពេលជាង៥០ឆ្នាំធ្វើសកម្មភាពបដិវត្តន៍និងការងារ ដោយបានកាន់មុខតំណែងជាច្រើន លោក Truong Vinh Trong មានការចូលរួមចំណែកនិងការលះបង់ដ៏ធំធេងជាច្រើនសម្រាប់បុព្វហេតុបដិវត្តន៍ដ៏ភ្លឺស្វាងរបស់បក្ស រដ្ឋនិងប្រជាជន។ មរណភាពរបស់លោកគឺជាការបាត់បង់ដ៏ធំចំពោះបក្ស រដ្ឋ ដែលបន្សល់ទុកនូវក្ដីក្រៀមក្រំជាទីបំផុត។

ក្នុងពេលជាមួយគ្នានោះ នៅឯអគារបុណ្យសពជាតិ រដ្ឋធានីហាណូយ គណៈប្រតិភូរបស់បណ្ដាក្រសួង ស្ថាប័នមជ្ឈឹមនិងមូលដ្ឋាន ក៏បានមកគោរពវិញ្ញាណក្ខ័ន្ធលោក Truong Vinh Trong ផងដែរ។

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោកអតីតឧបនាយករដ្ឋមន្រ្តី Truong Vinh Trong នឹងត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២២ កុម្ភៈ នៅសាលប្រជុំគណៈកម្មាធិការប្រជាជនខេត្ត Ben Tre។ ពិធីបញ្ចុះសពនឹងប្រព្រឹត្តទៅនាថ្ងៃដដែលនៅឯឈាបនដ្ឋានយុទ្ធជនពលីខេត្ត Ben Tre។

លោក Truong Vinh Trong កើតនាថ្ងៃទី១១ វិច្ឆិកា ឆ្នាំ១៩៤២ នៅស្រុក Giong Trom ខេត្ត Ben Tre។ លោកបានទទួលមរណភាពដោយរោគាពាធនាថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២១ នៅផ្ទះរបស់លោកនៅស្រុក Giong Trom ខេត្ត Ben Tre ក្នុងជន្មាយុ ៧៩ ឆ្នាំ៕

(ប្រភពព័ត៌មាន: vovworld.vn)

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម