Trending now

ឧបករណ៍តន្ត្រីបុរាណខ្មែរ ផ្សាភ្ជាប់នឹងជីវិតប្រជាជនកម្ពុជា

16:46 | 08/07/2020 (សរុបដោយ ហេង វុធ្ធី)

ឧបករណ៍តន្រ្តី និងភ្លេងប្រពៃណីបុរាណខ្មែរ​ មានច្រើនប្រភេទ ច្រើនសណ្ឋាន និងច្រើនវង់ ដូចជាតន្ត្រីវង់ភ្លេងរបាំព្រះរាជ្យទ្រព្យ ភ្លេងពិណពាណ ភ្លេងមហោរី សម្រាប់ប្រគុំក្នុងពិធីសាសនា ប្រគុំឡើងសម្រាប់ សម្តែងរបាំផ្សេងៗ ប្រគុំក្នុងពិធីបុណ្យ និងពិធីមង្គលការជាដើម។ ពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស បានដឹង និងស្គាល់ ឧបករណ៍វង់ភ្លេងបុរាណ ប្រពៃណីខ្មែរទាំងនោះ តាមរយៈសិល្បករ សិល្បការិនីពេល​ប្រគុំ​ និង​សម្តែងក្នុងពិធីនានាខាងលើ។

ឧបករណ៍តន្ត្រីបុរាណខ្មែរ ផ្សាភ្ជាប់នឹងជីវិតប្រជាជនកម្ពុជា

មានសម្បុរស្រអែមបែបខ្មែរបុរាណ មានវ័យប្រមាណ៦០ឆ្នាំ លោក មៀច មុយ ជាអ្នកផលិតឧបករណ៍តន្ត្រីបុរាណ និងជាសាស្ត្រាចារ្យមហាវិទ្យាល័យតូរ្យតន្ត្រី​ ម្នាក់ផងនោះ បាន​មានប្រសាសន៍នៅក្នុងពិធីសំពះគ្រូប្រចាំឆ្នាំរបស់មហាវិទ្យាល័យកាលពីពេលថ្មីៗនេះថា លោកចេះផលិតឧបរណ៍តន្ត្រីទាំងនេះ​តពីដូនតា និងបានចូលសិក្សាបន្តពីគ្រូៗខ្លះ ព្រមទាំងការអំណោយផល​ពីកំណើត​របស់ខ្លួនផងដែរ។

ខ្មែរជាជាតិសាសន៍មួយដែលមានភាពវ័យចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៏ សូម្បីតែ​វប្បធម៌ក៏ត្រូវបានមនុស្សម្នាស្គាល់​ជាលក្ខណៈ​សកល​ផងដែរ។ ព្រមជាមួយគ្នានេះដែរ សិល្បៈស្ថាបត្យកម្មដែលប្រកបដោយទេពកោសល្យច្នៃប្រឌិត ខ្មែរក៏មាន សិល្បៈតូរ្យ​តន្រ្តី​របស់​ខ្លួនដែលបានថែរក្សាគងវង្សស្ថិតស្ថេរចេរកាលរហូតមកដល់បច្ចុប្បន្ន។

ភ្លេងបុរាណខ្មែរបានរក្សាទុក្ខនៅនិរន្តរភាពរបស់ខ្លួនអាចឲ្យគេចងចាំតាមរយៈឧបករណ៏ ៤ប្រភេទ ដែលគេប្រើខ្សែសម្រាប់ ដេញ កេះ កូត និងឧបករណ៏សម្រាប់ផ្លុំ និងវាយបង្កើតស្នូរ ដែលឧបករណ៏ទាំងនោះមានដូចជា ស្គរ (ស្ករដី ស្គរសម្ភោរ ស្គរធំ ស្គរតូច ស្គរជ័យ) ឈឹង រនាត (រនាតឯក រនាតធុង) ទ្រ ទ្រសោ ទ្រអ៊ូ តាខេ ទ្រឆេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គងវង្សតូច គងវង្សធំ ឃ្មោះ ប៉ាន់ កុងប៉ឹង ប៉ីអ។ល។

ឧបករណ៏ប៉ុន្មានប្រភេទនេះហើយដែលធ្វើឲ្យអន្តរជាតិស្គាល់ខ្មែរតាមរយឧបករណ៏ភ្លេងខ្មែរ។ ជាមួយនឹងឧបករណ៏ដដែលនេះ ក៏ត្រូវបានយកមកបង្ហាញពីប្រពៃណីរបស់ខ្លួនដែលប្រើក្នុងពិធីបែបសាសនាដូចជាពិធីបុណ្យកឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ និងការសម្ដែងសិល្បៈសម័យជាដើម។

សាស្ត្រាចារ្យរូបនេះបានបង្ហើបថា លោកបានចាប់មុខរបរជាអ្នកផលិតឧបករណ៍តន្ត្រីបុរាណនេះ អស់ពេលជាង២០ឆ្នាំមកហើយ បន្ទាប់ពីលោក​បានចូលនិវត្តន៍ និងដោយសារការស្រឡាញ់មរតកវប្បធម៌ជាតិ ស្រឡាញ់នូវឧបរណ៍តន្ត្រីរបស់ជាតិខ្មែរ។ លោក មៀច មុយ បានមានប្រសាសន៍បន្ថែមថា៖ «ណឹង!ឧបករណ៍នេះជាអត្តសញ្ញាណរបស់ជាតិ ហើយ​មិនថាអឺរ៉ុប អាស៊ី សុទ្ធតែមានវប្បធម៌រៀងៗខ្លួន។ បរទេសមាន ហ្គីតា វីយូឡុង យើងខ្មែរមានស្គរដៃ ទ្រ តាឃេ ចាប៉ី»។

វង់ឧបករណ៍តន្ត្រីបុរាណខ្មែរ

ឧទាហរណ៍ភ្លេងពិណពាទ្យ៖ គេហៅភ្លេងពិណពាទ្យព្រោះនៅក្នុងក្រុមភ្លេងនោះកាលដើមឡើយគេនិយមប្រើពិណចេញផ្តើមមុន គេ។ អ្នកខ្លះហៅ​ភ្លេងនេះ​ច្រឡំជា​ភ្លេង​សៀម តាមការពិតសៀមយកពីខ្មែរយើងវិញទេ។ សៀមហៅវង្សភ្លេងនេះថាជា ប៉ីពាទ្យ (ពិផាត) ព្រោះក្នុងការចាប់ផ្តើម គេប្រើប៉ី ឬ​ស្រឡៃ​នាំមុខគេ។ តាមការពិតភ្លេងពិណពាទ្យមានកំណើតពីឥណ្ឌាតាំងពីសម័យព្រេងនាយមកម្ល៉េះ។ លុះក្រោយ​មកខ្មែរ​ក៏បានកែ​សម្រួល និងថែមថយគ្រឿងភ្លេងឲ្យក្លាយជាភ្លេងរបស់ខ្មែរ។ ខ្មែរនិយមប្រើប្រាស់ ភ្លេងពិណពាទ្យសម្រាប់ប្រគុំកំដរក្នុងឱកាសឡើងរោង លាបំណន់វត្ថុសក្តិសិទ្ធ ពិធីបុណ្យសព បម្រើក្នុងរបាំព្រះរាជទ្រព្យ និងពិធីបុណ្យសាសនាជាដើម។

ម្យ៉ាងទៀតប្រជាជនក៏និយមលេងភ្លេងដើម្បីកំដរសិល្បះដែលមានអាយុចំណាស់ដូចជារបាំបុរាណផងដែរ។ ពិណពាទ្យ ជាវង្សភ្លេងដែលលេងក្នុងការកំដររបាំបុរាណក្នុងពិធីបួងសួង (បន់ស្រន់លាបំណន់) ក្នុងពិធីសាសនា (បុណ្យកឋិន បំបួសនាគ ពុទ្ធពិសាក) ជួនកាលប្រើក្នុងពិធីបុណ្យសព។ សព្វថ្ងៃវង់ពិណពាទ្យចែកជាពីរវង្សគឺ វង់តូចមានប្រដាប់៥គ្រឿង ចំណែកវង់ធំមាន១០គ្រឿង។ នៅក្នុងព្រះរាជវាំងមានគ្រឿងភ្លេងពិណពាទ្យពិសេសមួយបែបហៅថាក្រុមភ្លេងមហោរីមានគ្រឿងចម្រុះច្រើនយ៉ាងដល់ទៅ ១៦ គ្រឿង ដែលក្នុងវង្សភ្លេងនេះមានញឧបករណ៏ដូចជាប៉ី ឈឹង សម្ពោរ រនាត គងវង្សតូច ធំ ស្គរជ័យ និងស្រឡៃ។

ឧបករណ៍តន្ត្រីបុរាណខ្មែរ ផ្សាភ្ជាប់នឹងជីវិតប្រជាជនកម្ពុជា

បុរសសម្បុរស្រអែម ខាងលើ បានបន្តថា បច្ចុប្បន្នលោកមានសិប្បកម្មផ្ទាល់ខ្លួនមួយ ស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានផលិតឧបរកណ៍តន្ត្រីប្រពៃណីបុរាណខ្មែរ ដូចជា ស្គរធំ ស្គរដៃ ទ្រ តាឃេ ចាប៉ី ខ្លុយ ជាដើម។ សម្រាប់តម្លៃវិញនោះ មានចន្លោះចាប់ពី៥០០ដុល្លារ ទៅដល់៣០០០ដុល្លា ទៅតាមប្រភេទនៃឧបករណ៍នីមួយៗ។

សាស្រ្តាចារ្យផ្នែកតន្ត្រីបុរាណដដែលនេះ បានបន្តទៀតថា ទីផ្សារនៃឧបករណ៍តន្ត្រីបុរាណខ្មែរ បច្ចុប្បន្ននេះមិនជាមានបញ្ហាចោទនោះទេ ដោយអតិថិជនមកជាវដល់ទីតាំងសិប្បកម្ម និងហាងចែកចាយក្នុងរាជធានីភ្នំពេញ ដោយសារពួកគេស្គាល់តៗគ្នា ព្រមទាំងមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលមិនពិបាកដូចពីមុនដែល​អ្នកលក់​ត្រូវ​ដឹកទៅកាន់កន្លែងឆ្ងាយៗទេ។

លោក មៀច មុយ បានបន្តថា៖ «ខ្ញុំអរគុណណាស់ចំពោះអតិថិជន ដែលបានគាំទ្រឧបករណ៍ តន្ត្រីវប្បធម៌ខ្មែរ បើមិនចូលរួមជួយថែរក្សានោះទេ​ វានឹងបាត់បង់នៅថ្ងៃខាងមុខណាមួយ។ បើទោះបីជាពួកគាត់មិនចេះលេងឧបករណ៍ខាងលើ​ ក៏ពួកគាត់យកទៅដាក់តាំងក្នុងផ្ទះសម្រាប់អោយក្មេងៗជំនាន់ក្រោយបានស្គាល់ដែរ»។

ឧបករណ៍តន្ត្រីរនាថឯក

អ្នកផលិតឧបករណ៍តន្ត្រីបុរាណនេះបាន​បញ្ជាក់​បន្ថែម​ថា ក្នុងរដូវកាលដែលឧបករណ៍ទាំងនេះមានតម្រូវការច្រើន គ្រួសាររបស់លោក អាចរកចំណូលបាន១០០០ដុល្លារ ក្នុង១ខែ តែថវិកាទាំងនេះក៏​ត្រូវចំណាយលើសំភារៈ វត្ថុធាតុដើម និងកម្មករ។ លោកបានបន្តថា កូនចៅជំនាន់ក្រោយរបស់លោក ចេះផលិត និងលេងឧបករណ៍តន្ត្រីបុរាណនេះ ព្រមទាំងបានបង្រៀនដល់កូនចៅខ្មែរជំនាន់ក្រោយជាច្រើននាក់ថែមទៀតផង។

លោក មៀច សាឡី ជាកូន បានអោយដឹងថា មូលហេតុចម្បងដែលលោកបន្ត មុខរបរនេះពីឪពុកដោយសារ តែចង់ថែរក្សានូវអត្តសញ្ញាណជាតិខ្មែរ។ លោកថា លោកអាចធ្វើឧបរណ៍តន្រ្តីទាំងនេះបានច្រើន​ និងចែកជាភាគរយជាមួយឪពុករបស់លោក​។ លោក មៀច សាឡី លើកឡើងថា ​ក្រៅពីការស្រឡាញ់នូវមុខរបរធ្វើ​ឧបករណ៍ភ្លេងបុរាណនេះ ក៏ទាមទារអោយមានឧបនិស្ស័យចំពោះ​ឧបករណ៍ និង​តន្រ្តីបុរាណដែរ។ សិប្បករ និងតន្ត្រីករភ្លេងបុរាណ បានស្នើអោយប្រជាពលរដ្ឋខ្មែរ បន្តគាំទ្រ និងលើកតម្លៃដល់តន្ត្រីបុរាណ ដើម្បីអោយអត្តសញ្ញាណជាតិមួយនេះមិនអាចបាត់បង់៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: khmer.rvasia.org និង spktliv.com)

(សរុបដោយ ហេង វុធ្ធី)

តោះយើងធ្វើដំណើរកម្សាន្តតាមដងទន្លេមេគង្គ (វៀតណាម - ភ្នំពេញ - សៀមរាប)
បទពិសោធន៍ «ទេសចរណ៍កសិកម្ម» នៅខេត្តប៊ិញធួន (Binh Thuan)
ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ខុសនឹងធម្មតា
ភាពស្ងប់ស្ងាត់នៅអង្គរវត្ត ក្រោយការផ្អាកតំបន់ទេសចរណ៍និងបិទការធ្វើដំណើរឆ្លងខេត្ត
អាជ្ញាធរជាតិអប្សរា សម្រេចចិត្តបិទទ្វារប្រាសាទទាំងអស់ នៅរមណីយដ្ឋានអង្គរ ក្នុងរយៈពេល ១៤