Trending now

មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ ត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសវៀតណាម

09:27 | 22/05/2019 (អត្ថបទនិងបកប្រែដោយ Ha Ngoc)

យុគសម័យ - វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ ហើយត្រូវបានធ្វើឡើងនៅក្នុងប្រទេសជាច្រើន ដូចជា នេប៉ាល់ ស្រីលង្កា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជានិងវៀតណាម។

វត្ត Tam Chuc មើលពីខាងលើ (រូបថតៈ Minh Duc)

ចំពោះមុខការអភិវឌ្ឍនិងឥទ្ធិពលនៃសាសនានៅក្នុងពិភពលោក គំនិតផ្តួចផ្តើមជាច្រើនត្រូវបានដាក់ចេញសម្រាប់ជ្រើសរើសនូវសាសនាមួយដែលស្របតាមនិន្នាការអភិវឌ្ឍន៍នៃការរីកចម្រើនរបស់មនុស្សជាតិ។ បន្ទាប់ពីការពិចារណាជាច្រើនឆ្នាំមក ពោលគឺនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ មហាសន្និបាតនៃអង្គការសហប្រជាជាតិបានជ្រើសរើស ព្រះពុទ្ធសាសនាជាសាសនាគំរូដោយសារតែតម្លៃសីលធម៌ វប្បធម៌និងសតិអារម្មណ៍អហិង្សារបស់ព្រះពុទ្ធ។ ចាប់តាំងពីពេលនោះមក មហាពិធីបុណ្យវិសាខបូជា ជាពិធីបុណ្យវប្បធម៌និងសាសនាអន្តរជាតិមួយរបស់អង្គការសហប្រជាជាតិ។

(ប្រភព៖ Youtube)

មហាពិធីបុណ្យវិសាខបូជា ត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូងនៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។

សម្រាប់ប្រទេសវៀតណាម នេះក៏ជាលើកទី៣ ដែលវៀតណាមទទួលរៀបចំមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ បន្ទាប់ពីឆ្នាំ ២០០៨ និង ២០១៤មក។ ខេត្ត Ha Nam នៅភាគខាងជើងវៀតណាម ដែលជាទីតាំងសម្រាប់ប្រារព្ធពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ ២០១៩ លើកនេះ។

ទិដ្ឋភាពនៃវត្ត Tam Chuc ទីតាំងដែលប្រារព្ធមហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ ២០១៩ (រូបថតៈ Minh Duc)

មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០១៩ ត្រូវបានប្រារព្ធនៅវត្ត Tam Chuc ស្រុក Kim Bang ខេត្ត Ha Nam ។ វត្ត Tam Chuc មានផ្ទៃដីសរុបជាង ៥.០០០ ហិកតា រួមមានបឹងដ៏ធំទូលាយ ១,០០០ ហិកតា មានភ្នំថ្មនិងព្រៃធម្មជាតិ ៣០០០ ហិកតា ព្រមទាំងមានជ្រលង ដែលមានទំហំសរុប ១.០០០ ហិកតា។ វត្តនេះមានទេសភាពដ៏អស្ចារ្យ ដែលមានគំនូចំនួន ១២ម៉ឺន ដែលឆ្លាក់លើផ្ទាំងថ្ម ពណ៌នាអំពីព្រះពុទ្ធនិងសសរគម្ពីថ្មចំនួន ១០០០ ដែលយកមកពីប្រទេសឥណ្ឌូនេស៊ី។

មហាពិធីបុណ្យវិសាខបូជា ២០១៩ នឹងទទួលតំណាងអន្តរជាតិជាច្រើនរូប ក៏ដូចជាមានការចូលរួមជាច្រើនពីអណិកជនមកពីបរទេស។ នៅក្នុងប៉ុន្មានថ្ងៃដែលប្រព្រឹត្តទៅនូវព្រឹត្តិការណ៍នេះ វត្ត Tam Chuc នឹងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា: សិក្ខាសាលាដែលមានប្រធានបទពាក់ព័ន្ធនឹងបញ្ហាជាច្រើនដែលមានឥទ្ធិពលដល់សហគមន៍ - សង្គម ដូចជា: ភាពជាអ្នកដឹកនាំសាសនាមានការទទួលខុសត្រូវដើម្បីសន្តិភាពប្រកបដោយនិរន្តភាព; វិធីសាស្រ្តនៃព្រះពុទ្ធសាសនាដើម្បីសុខដុមគ្រួសារ ថែទាំសុខភាពនិងនិរន្តរភាពសង្គម; វិធីសាស្រ្តពុទ្ធសាសនាដើម្បីអប់រំនិងសីលធម៌សកលលោក; បដិវត្តន៍ឧស្សាហកម្មលើកទី៤និងការអប់រំពុទ្ធសាសនាជាដើម។ ក្រៅពីនោះ ក៏មានកម្មវិធីជាច្រើនបង្ហាញពិព័ណ៌និងសិល្បៈពុទ្ធសាសនាវៀតណាមនិងអន្តរជាតិ ការសម្តែងសិល្បៈពុទ្ធសាសនាអន្តរជាតិ ការបង្រៀនអំពីព្រះពុទ្ធសាសនា និងក្បួនដង្ហែរផ្កា។ ជាពិសេសគឺសារអបអរសាទររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក៏ដូចជាប្រមុខមេដឹកនាំពិភពលោកនិងមេដឹកនាំសាសនានានាផងដែរ។

សសរគម្ពីថ្ម ដែលយកមកពីប្រទេសឥណ្ឌូនេស៊ី (រូបថតៈ Minh Duc)

មហាពិធីបុណ្យវិសាខបូជា គឺជាសកម្មភាពវប្បធម៌អន្តរជាតិមួយរបស់អង្គការសហប្រជាជាតិ ដើម្បីលើកតម្កើងដល់តម្លៃមនុស្សសាស្ត្រនិងសន្តិភាពនៃមនុស្សជាតិ។ ព្រឹត្តិការណ៍នេះគឺជាឱកាសដើម្បីផ្សព្វផ្សាយសាររបស់ព្រះពុទ្ធសាសនានៃ សន្តិភាពនិងអហឹង្សារបស់ព្រះពុទ្ធសាសនា ដែលជាសាសនាមួយដែលអមដំណើរនិងរួមដំណើរជាមួយប្រជាជាតិក្នុងដំណើរការនៃការស្ថាបនានិងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ មិនត្រឹមតែប៉ុណ្ណោះ នេះគឺជាឱកាសមួយ ដើម្បីផ្សព្វផ្សាយអំពីប្រទេសវៀតណាមដែលពោរពេញទៅដោយទេសភាពដ៏ស្អាតអស្ចារ្យនិងប្រជាជនរួសរាយរាក់ទាក់។ ជាពិសេស ជាប្រទេសមួយដែលមានសហគមន៍កាន់សាសនាក៏ដូចជាមិនកាន់សាសនា ដែលតែងតែបានរដ្ឋផ្តោតការចិត្តទុកដាក់ ដោយបង្កើតលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍ និងប្រកាន់ខ្ជាប់នូវគោលការណ៍: “រស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌” ផងដែរ៕

(អត្ថបទនិងបកប្រែដោយ Ha Ngoc)

(អត្ថបទនិងបកប្រែដោយ Ha Ngoc)