Trending now

កិច្ចប្រជុំអាស៊ានស្តីពីបរិស្ថានឆ្នាំ ២០២០ នឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang (វៀតណាម)

15:37 | 02/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឆ្នាំ ២០២០ ក្រសួងធនធាននិងបរិស្ថានវៀតណាមនឹងរៀបចំកិច្ចប្រជុំក្រុមការងារអាស៊ានលើកទី ២១ ស្តីពីបរិស្ថានសមុទ្រនិងឆ្នេរសមុទ្រ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី ៣១ ស្តីពីបរិស្ថាន និងសន្និសីទពាក់ព័ន្ធផ្សេងទៀត។

ទីក្រុង Da Nang (រូបថត៖ tapchithongtindoingoai.vn)

ព្រឹត្តិការណ៍ទាំងអស់ដូចពោលខាងលើត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែឧសភានិងសីហានៅទីក្រុងឆ្នេរសមុទ្រ Da Nang (វៀតណាម)។ កិច្ចប្រជុំក្រុមការងារអាស៊ានលើកទី ២១ ស្តីពីបរិស្ថានសមុទ្រនិងឆ្នេរសមុទ្រនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៥ ខែឧសភា រីឯកិច្ចប្រជុំអាស៊ានលើកទី ៣១ និងសន្និសីទពាក់ព័ន្ធផ្សេងទៀតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦-២២ ខែសីហា។

ការសម្រេចចិត្តរបស់ក្រសួងធនធាននិងបរិស្ថានវៀតណាម និងលេខាធិការដ្ឋានអាស៊ានក្នុងការជ្រើសរើសទីក្រុង Da Nang ជាកន្លែងរៀបចំកិច្ចប្រជុំទាំងនេះគឺដោយសារតែទីក្រុងនេះទទួលបានការយកចិត្តទុកដាក់និងការពេញចិត្តយ៉ាងខ្លាំងពីសំណាក់មិត្តភក្តិអន្តរជាតិតាមរយៈការជ្រើសរើសជាកន្លែងសម្រាប់កិច្ចប្រជុំអន្តរជាតិដ៏សំខាន់ជាច្រើនដែលធ្លាប់ទទួលបានជោគជ័យកាលពីមុននោះ។

គួរបញ្ជាក់ថា ទីក្រុង Da Nang គឺជាទីក្រុងទី ២ នៅប្រទេសវៀតណាមដែលទទួលបានពានរង្វាន់ទីក្រុងមានបរិស្ថានចីរភាពរបស់អាស៊ាននាឆ្នាំ ២០១១ ហើយជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន ៣ នៅប្រទេសវៀតណាម ដែលបានចូលរួមបណ្តាញទីក្រុងឆ្លាតវៃរបស់អាស៊ានកាលពីឆ្នាំ ២០១៨ ផងដែរ។

លើសពីនេះទៀត ការរៀបចំព្រឹត្តិការណ៍បរិស្ថានសំខាន់ៗក៏ជាឱកាសសម្រាប់វៀតណាមក្នុងការណែនាំនិងផ្សព្វផ្សាយវប្បធម៌ មុខមាត់ប្រទេសជាតិ ក៏ដូចជាប្រជាជនមកពីតំបន់ផ្សេងៗគ្នាក្នុងប្រទេសវៀតណាមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)