Trending now

ឥណ្ឌាបដិសេធថាបានស្នើលោកត្រាំ ឲ្យជួយសម្របសម្រួលជម្លោះជាមួយប៉ាគីស្ថាន

17:40 | 23/07/2019 (សរុបដោយវិច្ឆិកា)

រដ្ឋាភិបាលទីក្រុងញូដេលី បានច្រានចោលការអះអាងរបស់លោក ដូណាល់ ត្រាំ ដែលថានាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិដ្រា ម៉ូឌី (Narendra Modi) បានស្នើសុំឲ្យលោកធ្វើជាអាជ្ញាកណ្ដាល នៅក្នុងជម្លោះដែនដីកាស្មៀរជាមួយប៉ាគីស្ថាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៩។

លោកណារិន ដ្រាមូឌីនៅខាងស្តាំលោកដូណាល់ ត្រាំ

ក្រសួងការបរទេស​ឥណ្ឌា​បាន​បដិសេធ​ដោយ​លើកឡើងថា គ្មាន​ការស្នើសុំ​បែបនេះ​នោះទេ ហើយ​ន្ថែ​ម​ទៀតថា រាល់​បញ្ហា​ទាំងអស់​ជាមួយ​ប៉ា​គី​ស្ថាន ត្រូវ​ពិភាក្សា​ដោះស្រាយ​ទ្វេភាគី​ប៉ុណ្ណោះ​។ ការបញ្ជាក់​របស់​ក្រសួងការបរទេស​ឥណ្ឌា ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​។ លោក​ត្រាំ​បាន​និយា​បែបនេះ នៅពេល​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​អ៊ី​ម រ៉ា​ន់​ខាន់ បានស្នើ​លោក​ឲ្យជួយ​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​នៅ​តំបន់​កា​ស្មៀ​។ លោក​រ៉ា​ន់​ខាន់​ថា មានតែ​រដ្ឋ​ដែលមាន​ឥទ្ធិពល​បំផុត គឺ​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក​ត្រាំ​ទេ ទើប​អាច​នាំ​ប្រទេស​ទាំងពីរ​ឲ្យ​រួបរួមគ្នា​បាន​។​

​លោក​ត្រាំ​បាន​ឆ្លើយតប​វិញ​ថា នៅពេលដែល​លោក​បាន​ជួប​ជាមួយ​លោក​មូឌី​កាលពី​២​សប្តាហ៍​កន្លងទៅ លោក​មូឌី ក៏បាន​និយាយ​ពី​បញ្ហា​នេះដែរ​។ លោក​ត្រាំ​ថា​លោក​មូឌី ពិតជា​និយាយថា "​តើ​អ្នក​ចង់​ធ្វើជា​អ្នក​សម្រុះសម្រួល ឬ​អាជ្ញាកណ្តាល​នៅក្នុង​ជម្លោះ​នៅ​កា​ស្មៀ​ទេ​?" ។ ពេលនោះ​លោក​ត្រាំ​បាន​តប​វិញ​ថា ប្រសិនបើ​លោក​អាចជួយ​បាន លោក​ចង់​ធ្វើជា​អ្នក​សម្រុះសម្រួល​ម្នាក់​។​

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា បាន​បដិសេធ​ភ្លាមៗ​ថា ពុំមាន​ការស្នើ​បែបនេះ​ទេ ហើយ​ឥណ្ឌា​រក្សា​ជំហរ​រឹងមាំ​ដដែល​ថា បញ្ហា​នៅ​សេសសល់​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន ត្រូវ​ពិភាក្សា​ទ្វេភាគី​តែប៉ុណ្ណោះ​។ បន្ថែម​លើ​នេះ អ្នកនយោបាយ​ឥណ្ឌា​ម្នាក់​ឈ្មោះ​ ​Shashi Tharoor បាន​រិះគន់​លោក​ត្រាំ ថា​មិន​យល់​ពីអ្វី​ដែល​លោក​មូឌី​បាន​និយាយ​។​

​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​មិនសូវ​ត្រូវរ៉ូវ​គ្នា​ទេ ដោយសារតែ​ប្រទេស​ទាំងពីរ​នេះ ធ្លាប់មាន​ប្រវត្ត​ឈ្លោះ​គ្នា​រឿង​ដែនដី​នៅ​តំបន់​កា​ស្មៀ​យ៉ាង​ជូរចត់​។ បច្ចុប្បន្ន​ដ្បិតថា​កា​ស្មៀ​ត្រូវបាន​ពុះ​ចែកជា​ពីរ ម្ខាង​ឥណ្ឌា​កាន់កាប់​និង​ម្ខាង​ទៀត​ប៉ា​គី​ស្ថាន​កាន់កាប់ ចាប់តាំងពី​បញ្ចប់​ការគ្រប់គ្រង ដោយ​អាណានិគម​អង់គ្លេស​នៅ​ឆ្នាំ ១៩៤៧​ក្តី ប៉ុន្តែ​ភាគី​ទាំងពីរ នៅតែ​បន្ត​ចោទប្រកាន់ ថា​បាន​ឈ្លានពាន​លើ​ទឹកដី​គ្នា​ទៅវិញទៅមក​។ បញ្ហា​ដ៏​រសើប​មួយទៀត រឿង​ឥណ្ឌា​ចោទ​ប៉ា​គី​ស្ថាន ថា​ជា​ប្រទេស​ផ្តល់​ជម្រក​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ និង​អនុញ្ញាតឲ្យ​ពួកគេ ឆ្លងដែន​ចូល​អុកឡុក​នៅ​តំបន់​កា​ស្មៀ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។ ការប្រឈមមុខ​ដាក់គ្នា​ចុងក្រោយ រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន បាន​កើតឡើង​កាលពី​ខែ​កម្ភៈ​ឆ្នាំ​២០១៩​នេះ​។ កាលនោះ​ឥណ្ឌា​បាន​បើក​ការវាយប្រហារ​ក្នុង​ដែនដី​ប៉ា​គី​ស្ថាន ដោយ​ផ្តោតលើ​គោលដៅ​ក្រុម​សកម្ម​ប្រយុទ្ធ ដើម្បី​សងសឹក​។ សងសឹក ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅ​តំបន់​កា​ស្មៀគ្រប់គ្រង​ដោយ​ឥណ្ឌា បាន​ផ្តាច់ជីវិត​ទាហាន​ឥណ្ឌា​ជាង​៤០​នាក់​។

គួរ​ជម្រាបជូន​ដែរថា បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៨៩​មក កា​ស្មៀ​ត្រូវបាន​រង្គោះរង្គើ ដោយ​អំពើហិង្សា​ជា​ទៀងទាត់ ដែល​បានសម្លាប់​មនុស្ស​ជាង ៧ ម៉ឺន​នាក់​ហើយ​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់