Trending now

ស្វែងយល់៖ ពហុកីឡដ្ឋានទាំង១២ ដែលរៀបចំការប្រកួត World Cup 2018 នៅរុស្ស៊ី

08:47 | 09/07/2018

ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ ប្រព្រឹត្តទៅរយៈពេល១ខែ ដោយចាប់ផ្ដើមពីថ្ងៃទី១៤ ខែមិថុនា ក្នុងទឹកដីនៃប្រទេសរុស្ស៊ី។ ក្នុងឱកាសនេះ ការប្រកួតចំនួន៦៤ នឹងត្រូវប្រព្រឹត្តទៅនៅពហុកីឡដ្ឋានចំនួន១២ ក្នុងទីក្រុងចំនួន១១ របស់ប្រទេសរុស្ស៊ី។ ក្នុងចំណោមពហុកីឡដ្ឋានចំនួន១២ ដែលត្រូវបានសាងសង់ថ្មី និងជួសជុលឡើងវិញ សម្រាប់ប្រកួត World Cup ដែលស្ថិតនៅក្នុងទីក្រុង Luzhniki រដ្ឋធានីម៉ូស្គូ និងទីក្រុង Saint Petersburg នឹងត្រូវទទួលការប្រកួតមមាញឹកជាងគេ។ ពហុកីឡដ្ឋាននីមួយៗ យ៉ាងហោចណាស់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតរហូតដល់ទៅ៤ដង។

១៖ ពហុកីឡដ្ឋាន Ekaterinburg Arena (ពហុកីឡដ្ឋានកណ្តាល) ក្នុងទីក្រុង Yekaterinburg


កសាងឆ្នាំ១៩៥៧ ជួសជុលឡើងវិញពីឆ្នំា២០០៦ ដល់ឆ្នាំ២០១១ អាចផ្ទុកមនុស្សបាន ៣៥ ៦៩៦នាក់។ Yekaterinburg គឺជាទីក្រុងដែលធំជាងគេទី៤របស់រុស្ស៊ី ស្ថិតនៅចំកណ្តាលប្រទេសរុស្ស៊ី ជាចំណុចប្រសព្វគ្នារវាងអឺរ៉ុប និងអាស៊ី។ ទីលាននេះនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ៤ប្រកួត គឺរវាងអេហ្ស៊ីប ប៉ះអ៊ុយរ៉ាហ្គាយ, បារាំង ជួបប៉េរូ, ជប៉ុន ប៉ះសេណេហ្គាល់ និងមិចស៊ិក ប៉ះស៊ុយអែត។

២៖ ពហុកីឡដ្ឋាន Kaliningrad នៅទីក្រុង Kaliningrad

ទីលានប្រកួតនេះទើបតែត្រូវបានកសាងឡើងក្នុងឆ្នាំ២០១៨ អាចផ្ទុកមនុស្សបាន ២៥០០០នាក់។ ទីក្រុង Kaliningrad ស្ថិតនៅជាប់នឹងសមុទ្របាល់ទិក និងមានព្រំប្រទល់ជាប់ប្រទេសលីទុយអានី និងប៉ូឡូញ និងជាទីតាំងដែលស្ថិតនៅជិតដែនដីអឺរ៉ុបបំផុត។ ទីក្រុងនេះនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតរវាងក្រូអាត ប៉ះនីហ្សេរីយ៉ា, ស៊ែប៊ី ជួបស្វីស, អេស្ប៉ាញ ប៉ះម៉ារ៉ុក និងអង់គ្លេស ប្រកួតទល់នឹងប៊ែលហ្ស៊ិក។

៣៖ពហុកីឡដ្ឋាន Kazan Arena ក្នុងទីក្រុង Kazan


ត្រូវបានកសាងឡើងក្នុងឆ្នាំ២០១៣ អាចផ្ទុកមនុស្សបាន ៤៥ ៣៧៩នាក់។ ទីក្រុង Kazan មានទីតាំងស្ថិតនៅប្រហែល ៥០០គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតរដ្ឋធានីម៉ូស្គូ។ ទីនេះបានរៀបចំការប្រកួតរវាងបារាំង ប៉ះអូស្ត្រាលី, អ៊ីរ៉ង់ ប៉ះអេស្ប៉ាញ, ប៉ូឡូញ ប៉ះកូឡុំប៊ី និងកូរ៉េខាងត្បូង ប៉ះអាល្លឺម៉ង់។

៤៖ ពហុកីឡដ្ឋាន Luzhniki ក្នុងរដ្ឋធានីម៉ូស្គូ


វាត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៥៦ មានលទ្ធភាពអាចផ្ទុកអ្នកទស្សនាបាន ៨១០០០នាក់។ ដោយមានទីតាំងស្ថិតនៅក្នុងរដ្ឋធានីម៉ូស្គូ Luzhniki គឺជាពហុកីឡដ្ឋានធំបំផុតនៅក្នុងប្រទេសរុស្ស៊ី ហើយត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បើកការប្រកួត World Cup និងវគ្គផ្តាច់ព្រ័ត្រ រួមជាមួយការប្រកួតរវាងអាល្លឺម៉ង់ ប៉ះមិចស៊ិក, ព័រទុយហ្គាល់ ប៉ះម៉ារ៉ុក, ដាណឺម៉ាក ប៉ះបារាំង ព្រមទាំងការប្រកួតជុំទី១៦ និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

៥៖ ពហុកីឡដ្ឋាន Otkritie នៅរដ្ឋធានីម៉ូស្គូ


ត្រូវបានកសាងឡើងក្នុងឆ្នាំ២០១៤ អាចផ្ទុកមនុស្សបាន ៤៥ ៣៦០នាក់ ជាពហុកីឡដ្ឋានទី២ ក្នុងរដ្ឋធានីម៉ូស្គូ ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតរវាងអាហ្សង់ទីន ប៉ះអាយឡែន, ប៉ូឡូញ ប៉ះសេណេហ្គាល់, ប៊ែលហ្ស៊ិក ប៉ះទុយនេស៊ី, ប្រេស៊ីល ប៉ះស៊ែប៊ី រួមជាមួយប្រកួតវគ្គ១៦ក្រុម នាថ្ងៃទី៣ ខែកក្កដា។

៦៖ ពហុកីឡដ្ឋាន Nizhny Novgorod ស្ថិតនៅក្នុងទីក្រុង Nizhny Novgorod


ទើបតែត្រូវបានកសាងឡើងក្នុងឆ្នាំ២០១៨ អាចផ្ទុកមនុស្សបាន ៤៤ ៨៩៩នាក់។ ទីក្រុងនេះ ស្ថិតនៅចម្ងាយប្រមាណ៤២០ម៉ាយល៍ភាគខាងលិចទីក្រុងម៉ូស្គូ។ វាជាពហុកីឡដ្ឋានមួយ ដែលត្រូវបានកសាងឡើងជាពិសេសសម្រាប់ព្រឹត្តិការណ៍ World Cup នេះតែម្តង ដែលនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតរវាងស៊ុយអែត ប៉ះកូរ៉េខាងត្បូង, អាហ្សង់ទីន ប៉ះក្រូអាត, អង់គ្លេស ប៉ះប៉ាណាម៉ា និងការប្រកួតវគ្គ១៦ក្រុមចុងក្រោយផងដែរ។

៧៖ ពហុកីឡដ្ឋាន Rostov Arena ក្នុងទីក្រុង Rostov-on-Don


ទីនេះត្រូវបានកសាងឡើងក្នុងឆ្នាំ២០១៤ អាចផ្ទុកមនុស្សបាន ៤៥០០០នាក់។ Rostov-on-Don មានទីតាំងស្ថិតនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី និងមានចម្ងាយ ៣៥០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Sochi។ ទីលាននេះនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតរវាងអ៊ុយរ៉ាហ្គាយ ប៉ះអារ៉ាប៊ីសាអូឌីត, កូរ៉េខាងត្បូង ប៉ះមិចស៊ិក អាយឡែន ប៉ះក្រូអាត និងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនាថ្ងៃទី០២ ខែកក្កដា។

៨៖ ពហុកីឡដ្ឋាន Saint Petersburg នៅក្នុងទីក្រុង Saint Petersburg


ពហុកីឡដ្ឋាននេះត្រូវបានកសាងឡើងក្នុងឆ្នាំ២០១៧ អាចផ្ទុកមនុស្សបាន ៦៧០០០នាក់។ វាជាទីតាំងប្រកួតរបស់ក្លឹប Zenit Saint Petersburg ដែលជាក្លឹបទទួលបានជោគជ័យជាងគេរបស់រុស្ស៊ីក្នុងរយៈពេល ១០ឆ្នាំនេះ។ វាមានទីតាំងស្ថិតនៅលើកោះ Krestovsky ជាប់ឈូងសមុទ្រហ្វាំងឡង់ ហើយលក្ខណៈពិសេសបំផុតរបស់ពហុកីឡដ្ឋាននេះ គឺអាចបើកដំបូលបាន។ វានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតរវាងម៉ារ៉ុក ប៉ះអ៊ីរ៉ង់, ម្ចាស់ផ្ទះរុស្ស៊ី ប៉ះអេហ្ស៊ីប, ប្រេស៊ីល ប៉ះកូស្តារីកា និងនីហ្សេរីយ៉ា ប៉ះអាហ្សង់ទីន ព្រមទាំងការប្រកួតវគ្គ១៦ក្រុម និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី១០ ខែកក្កដាផងដែរ។

៩៖ ពហុកីឡដ្ឋាន Cosmos Arena នៅទីក្រុង Samara


ត្រូវបានកសាងឡើងក្នុងឆ្នាំ២០១៨ អាចមានលទ្ធភាពផ្ទុកមនុស្សបាន ៤៤ ៩១៨នាក់។ ស្ថិតនៅភាគអាគ្នេយ៍រុស្ស៊ី-អ៊ឺរ៉ុប។ ទីក្រុង Samara គឺជាទីក្រុងធំជាងគេទី៦ នៃប្រទេសរុស្ស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតរវាងកូស្តារីកា ប៉ះស៊ែប៊ី, ដាណឺម៉ាក ប៉ះអូស្ត្រាលី, អ៊ុយរ៉ាហ្គាយ ប៉ះរុស្ស៊ី, សេណេហ្គាល់ ប៉ះកូឡុំប៊ី រួមជាមួយការប្រកួតវគ្គ១៦ក្រុមចុងក្រោយ និងការប្រកួតផ្សេងទៀត។

១០៖ ពហុកីឡដ្ឋាន Mordovia នៅក្នុងទីក្រុង Saransk

ទើបតែកសាងឡើងក្នុងឆ្នាំ២០១៨ អាចមានលទ្ធភាពផ្ទុកមនុស្សបាន ៤៤ ៤៤២នាក់។ វាមិនចម្លែកនោះទេ ប្រសិនបើអ្នកយល់ថា ពហុកីឡដ្ឋាននេះមើលទៅស្រដៀងនឹងពហុកីឡដ្ឋាន Soccer City របស់ប្រទេសអាហ្វ្រិកខាងត្បូង ដែលរៀបចំការប្រកួតប្រកួត World Cup ឆ្នាំ២០១០ ដោយសារតែពហុកីឡដ្ឋាននេះត្រូវបានសាងសង់ឡើងដោយយកគំរូតាមពហុកីឡដ្ឋានរបស់អាហ្វ្រិកខាងត្បូង។ ទីនេះ នឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតរវាងប៉េរូ ប៉ះដាណឺម៉ាក, កូឡុំប៊ី ប៉ះជប៉ុន, អ៊ីរ៉ង់ ប៉ះព័រទុយហ្គាល់ និងប៉ាណាម៉ា ប៉ះទុយនេស៊ី។

១១៖ ពហុកីឡដ្ឋាន Fisht Olympic Stadium នៅក្នុងទីក្រុង Sochi


ពហុកីឡដ្ឋានេះ ត្រូវបានកសាងឡើងក្នុងឆ្នាំ២០១៣ អាចផ្ទុកមនុស្សបានធម្មតា ៤០០០០នាក់។ ទីក្រុង Sochi ទទួលបានភាពល្បីល្បាញដោយធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៤ និងជាទីក្រុងរមណីយដ្ឋានមួយនៅភាគអាគ្នេយ៍នៃរុស្ស៊ី-អឺរ៉ុប។ ពហុកីឡដ្ឋាននេះ ត្រូវបានចាត់ទុកជាទីតាំងប្រកួតដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ ទីនេះ បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតរវាងព័រទុយហ្គាល់ ប៉ះអេស្ប៉ាញ, ប៊ែលហ្ស៊ិក ប៉ះប៉ាណាម៉ា, អាល្លឺម៉ង់ ប៉ះស៊ុយអែត, អូស្រ្តាលី ប៉ះប៉េរូ ព្រមទាំងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ និងការប្រកួតផ្សេងទៀត។

១២៖ ពហុកីឡដ្ឋាន Volgograd Arena ក្នុងទីក្រុង Volgograd


ពហុកីឡដ្ឋាននេះត្រូវបានកសាងឡើងក្នុងឆ្នាំ២០១៨ អាចផ្ទុកមនុស្សបាន ៤៥ ៥៦៨នាក់។ ក្នុងនាមជាទីក្រុងឧស្សាហកម្ម Volgograd ស្ថិតនៅចំងាយជាង ៦០០ម៉ាយល៍ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ូស្គូ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតរវាងទុយនេស៊ី ប៉ះអង់គ្លេស, នីហ្សេរីយ៉ា ប៉ះអាយឡែន, អារ៉ាប៊ីសាអូឌីត ប៉ះអេហ្ស៊ីប ព្រមទាំងប៉ូឡូញ ប៉ះជប៉ុន៕

(ប្រភពព័ត៌មាន: កាសែត freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ