Trending now

សញ្ញាដ៏វិជ្ជមានក្នុងទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងចិន

21:24 | 06/12/2019 (ប្រភព៖ vovworld.vn)

ក្រោយរយៈពេលជាច្រើនខែធ្លាក់ចូលក្នុងភាពតានតឹងពាក់ព័ន្ធដល់ការដែលកូរ៉េខាងត្បូងដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈកំពស់ខ្ពស់ដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិក នោះ ទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងកំពុងមានសញ្ញាវិជ្ជមានឡើងវិញ។

ជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី នៅឯវិមានខៀវ (ដែលជាវិមានប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន) នៅថ្ងៃទី ៥ ធ្នូ (ប្រភព៖ យ៉ុនហាប/REUTERS)

ក្រោយពីកូរ៉េខាងត្បូងបានសម្រេចដាក់ពង្រាយប្រព័ន្ធ THAAD កាលពីចុងខែមិថុនាឆ្នាំ២០១៧ ទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានឥទ្ធិពលជាច្រើននៅតំបន់អាស៊ីភាគឦសាននេះ បានធ្លាក់ចូលក្នុងសភាពការណ៍តានតឹងដ៏ធ្ងន់ធ្ងរ។ ចិនបានដំណើរការវិធានការជាច្រើនសំដៅដាក់កំហិតទៅលើសកម្មភាពទេសចរណ៍ ពាណិជ្ជកម្ម និងសកម្មភាពការទូតជាមួយកូរ៉េខាងត្បូង។

ប៉ុន្តែ ស្តែងចេញពីតម្រូវការពិតជាក់ស្ដែងនានា បានជាប្រទេសទាំងពីរខិតខំប្រឹងប្រែងកែលំអទំនាក់ទំនងទ្វេភាគី។ លេចធ្លោបំផុតក្នុងដំណើរការនេះ គឺជំនួបកំពូលរវាងប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នៅខាងក្រៅវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលប្រព្រឹត្តទៅនៅ ប៉ាពួហ្គីណេថ្មី កាលពីខែវិច្ឆិកាឆ្នាំ២០១៨និងនៅទីក្រុងអូសាកា របស់ជប៉ុន នៅខាងក្រៅកិច្ចប្រជុំកំពូលក្រុម G20 កាលពីចុងខែមិថុនាកន្លងទៅ។ ប៉ុន្តែ យោងតាមប្រភពព័ត៌មានជាផ្លូវការបានអោយដឹងថា ប្រធានបទនៃកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរនៅក្នុងជំនួបពោលខាងលើគឺត្រឹមតែផ្ដោតទៅលើបញ្ហា នុយ ក្លេអ៊ែររបស់កូរ៉េខាងជើង បញ្ហាពាណិជ្ជកម្មសេរី និងបញ្ហាអន្តរជាតិផ្សេងៗប៉ុណ្ណោះ។ ចំណែកឯបញ្ហាកែលំអទំនាក់ទំនងទ្វេភាគីមិនទាន់ត្រូវបានយកចិត្តទុកដាក់អោយបានខ្លាំងនៅឡើយទេ ជាពិសេសគឺបញ្ហាពាក់ព័ន្ធដល់ THAAD។

ហេតុដូច្នេះហើយ ជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង កាល ពីថ្ងៃទី៥ ខែវិច្ឆិកា ត្រូវបានចាត់ទុកថា ជាសញ្ញាដ៏វិជ្ជមានយ៉ាងពិតប្រាកដសម្រាប់ដំណើរការកែលំអរទំនាក់ទំនងទ្វេភាគីរវាងកូរ៉េខាងត្បូងនិងចិន។ នេះក៏ជាដំណើរទស្សនកិច្ចដំបូងរបស់រដ្ឋមន្រ្តីការបរទេសចិនទៅកាន់ទីក្រុងសេអ៊ូល ក្រោយពីទំនាក់ទំនងទ្វេភាគីទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយសារបញ្ហា THAAD ផងដែរ។ អញ្ជើញថ្លែងនៅជំនួបនេះ លោកប្រធានាធិបតី Moon Jae-in បានសង្កត់ធ្ងន់លើសារសំខាន់នៃទំនាក់ទំនងភាពជាដៃគូរវាងសេអ៊ូលនិងប៉េកាំង ក្នុងការទប់ទល់នឹងការសាក ល្បងសន្តិសុខក៏ដូចជាការសាកល្បងផ្សេងៗទៀត ព្រមទាំងអំពាវនាវអោយចិនបន្តគាំទ្រដើម្បីសម្រេចបានការរីកចម្រើនក្នុងបញ្ហារំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ។

បន្ទាប់នោះ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានចេញសេចក្ដីប្រកាសថា លោកប្រធានាធិបតី Moon Jae-in សង្ឃឹមថា ប្រធានរដ្ឋចិនលោក Xi Jinping នឹងអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅកូរ៉េខាងត្បូងនាឆ្នាំ២០២០ ដើម្បីធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។

ចំណែកឯភាគីចិនវិញ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានអះអាងថា ចិននិងកូរ៉េខាងត្បូងបានឯកភាពដោះស្រាយអោយបានសមហេតុ សមផលនូវបញ្ហាទាក់ទិនដល់ THAAD និងបញ្ហាផ្សេងៗទៀតរវាងប្រទេសទាំងពីរ។

តាមមជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ដោយស្ដែងចេញពីផលប្រយោជន៍ជាក់ស្ដែងរបស់ប្រទេសនីមួយៗ ចិននិងកូរ៉េខាងត្បូងនឹងខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងការទូតឡើងវិញជាពុំខាន តាមនោះរួមចំណែកទៅក្នុងការរក្សាស្ថិរភាពនិងវិបុលភាពរួមនៅក្នុងតំបន់និងលើពិភពលោក៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន