Trending now

វិស័យអាកាសចរណ៍និងដឹកជញ្ជូន ទូទាំងពិភពលោករង្គោះរង្គើ ដោយសារឥទ្ធិពល វីរុស Covid 19

15:54 | 19/02/2020 (សរុបដោយវិច្ឆិកា)

បើយោងតាមសេចក្តីប្រកាសរបស់ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ និង សារព័ត៌មានអន្តរជាតិធំៗជាច្រើន ចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយសារតែការផ្ទុះឡើងនៃមេរោគដ៏កាចសាហាវ កូរ៉ូណា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានសម្រេចផ្អាកជើងហោះហើរ និងមួយចំនួនទៀត កាត់បន្ថយចំនួនប្រតិបត្តិការរបស់ខ្លួន រវាងប្រទេសចិន ដែលធ្វើឲ្យ វិស័យអាកាសចរណ៍ទូទាំងសកលលោក អាចនឹងខាតបង់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក។​ ទីផ្សារនៃវិស័យដឹកជញ្ជូនទូទាំងសកលលោក ក៏ហាក់បីដូចជា ស្ងប់ស្ងាត់ ជាពិសេសបណ្តាប្រទេសដែលមានទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវទឹក ជាមួយនឹងប្រទេសចិន កំពុងតែប្រឈមនឹងការកកស្ទះទូកុងតឺន័រ នៅកំពង់ផែ ព្រោះមិនសូវមានបុគ្គលិកធ្វើការ ពេលខ្លះមិនមានទំនិញសម្រាប់ដឹក ហើយត្រូវចាកចេញទៅវិញទាំងទូ នៅទទេរ ដោយសារតែគ្មានតម្រូវការប្រើប្រាស់ គ្មានការបញ្ជាទិញ ដូច្នេះក៏គ្មានទំនិញត្រូវដឹកនោះដែរ។

វិស័យអាកាសចរណ៍ពិភពលោកនឹងខាតបង់ ៥ពាន់លានដុល្លារ ដោយសារបញ្ហាវីរុស Covid 19៕ (ប្រភព៖​ nationthailand)

អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៧០​ហើយ បាន​លុប​ចោល​ជើងហោះហើរ​ជាមួយនឹង​ប្រទេស​ចិន ខណៈ​ដែល ក្រុមហ៊ុន​ចំនួន ៥០​ទៀត បាន​កាត់​បន្ថយ​ប្រតិបត្តិការ​របស់​ពួក​គេ ហើយ​បើ​តាម​ការ​ប៉ាន់​ប្រមាណ គឺថា​នឹង​បាត់បង់​អ្នកដំណើរ​ជាង ២០​លាន​នាក់ ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០​នេះ ពោល​គឺ​បាត់​ចំណូល​ជាង ៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

មុន​នឹង​មានការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់នោះ សុទ្ធតែ​មាន​ផែនការ ពង្រឹងសមត្ថភាព​ជើងហោះហើរ​ជាមួយ ប្រទេស​ចិន បន្ថែម​ប្រមាណ ៩% ទៀត នៅ​ក្នុង​ត្រីមាស​ទី ១​នេះ តែ​ផ្ទុយ​ទៅ​វិញ បែរជា​កាត់​បន្ថយ​សមត្ថភាព​ដល់​ទៅ ៨០% ទៅ​វិញ​។

អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ បាន​ប៉ាន់​ប្រមាណ​ថា ប្រទេស​ជប៉ុន នឹង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ នៅ​ក្នុង​ត្រីមាស​នេះ ដោយ​វិស័យ​ទេសចរណ៍ អាច​នឹង​ខាតបង់​ប្រមាណ ១,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយសារ​តែ​បាត់បង់​អ្នកដំណើរ​ជនជាតិ​។ រីឯ​ប្រទេស​ថៃ ឈរ​នៅ​លេខ​រៀង​ទី ២ ដែល​អាច​នឹង​បាត់បង់​ចំណូល​ប្រមាណ ១,១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

នៅ​ពេល​ដែល​មាន ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​រ៉ូ​ណា បណ្តា​ប្រទេស​មួយ​ចំនួន​ធំ បាន​សម្រេច​ផ្អាក​ជើងហោះហើរ​ជាមួយនឹង​ប្រទេស​ចិន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ មិន​អោយ​ចូល​មក​កាន់ ប្រទេស​របស់​ពួក​គេ ដូច​ជា អា​មេ​រិ​ក អង់គ្លេស អា​ល្លឺ​ម៉​ង់ ជប៉ុន​ជាដើម ដោយ​ក្តី​កង្វល់​ពី កត្តា​ប្រឈម​ធំ​ៗ ដែល​អាច​កើត​មាន​មក​សុខភាព​របស់​ប្រជាជន​ពួក​គេ​។

សេដ្ឋកិច្ច​ប្រទេស​ចិន កំពុង​តែ​ជួប​ការ​លំបាក​ហើយ ដោយសារ​តែ តម្រូវការ​ប្រើប្រាស់​ធ្លាក់​ចុះ ឧស្សាហកម្ម​ផលិត​កាន់តែ​ថមថយ ហើយ​វិស័យ​ដឹក​ជញ្ជូន​ក៏​ជួប​បញ្ហា​នូវ​បញ្ហា​ដ៏​ស្មុគស្មាញ ហើយ​បញ្ហា​កាន់តែ​ធំ​គឺ ចិន ប្រឈម​នឹង​ការ​បាត់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ ដោយ​ពួក​គេ​បាន​សម្រេច​ផ្អាក​ជើងហោះហើរ ដែល​ជា​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។

អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ព្រមាន​ដែរ​ថា ការ​ហាមឃាត់​ជើងហោះហើរ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល ហើយ​វា​ក៏​មិន​មាន​ប្រសិទ្ធភាព ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ ជម្ងឺ​កូ​រ៉ូ​ណា នេះ​ដែរ គ្រប់​ប្រទេស​ទាំងអស់ គួរតែ​ធ្វើការ​ស្កេ​ន​អ្នកដំណើរ ដើម្បី​រក​មើល​អ្នក​ជម្ងឺឆ្លង គឺ​វា​ល្អ​ជាង ការ​ហាមឃាត់​ទាំងស្រុង​។

វិស័យដឹកជញ្ជូនទូទាំងពិភពលោករង្គោះរង្គើ ដោយសារឥទ្ធិពល វីរុស Covid 19។​ (ប្រភព៖ insidermonkey)

ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ជា​ច្រើន ដែល​បាន​ផ្តល់​កិច្ច​សម្ភាស​ដល់ សារព័ត៌មាន​ដ៏​ល្បីល្បាញ The Wall Street Journal សុទ្ធតែ​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា កប៉ាល់​ដឹក​កុងតឺន័រ​ធំ​ៗ​ជា​ច្រើន បាន​ចាក​ចេញពី កំពង់​ផែ​ចិន ដោយ​មាន​ផ្ទុកទំនិញ​ត្រឹមតែ ១០% ប៉ុណ្ណោះ ហើយ​ជើង​នាវា​ដឹក​ទំនិញ​ជា​ច្រើន ត្រូវ​បាន​លុប​ចោល ដោយសារ​តែ ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជា​ច្រើន ផ្អាក​ដំណើរការ និង​ត្រៀមខ្លួន រៀបចំ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឡើង​វិញ​។

លោក ឡា ជេន​សេន ប្រធាន​ក្រុម​ស្រាវជ្រាវ​ដែនសមុទ្រ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក បាន​បង្ហាញ​ឲ្យ​ដឹង​ថា ទំនិញ​ដែល​ត្រូវ​ដឹក​ជញ្ជូន​រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ផ្សេង​ៗ​លើ សកលលោក គឺ​កាន់តែ​តិច​ជាង​មុន ដោយសារ​តែ​ឥទ្ធិពល​អាក្រក់​នៃ​មេរោគ​កូ​រ៉ូ​ណា បាន​ធ្វើ​ឲ្យ​រាំងស្ទះ​ទៅ​ដល់ ដំណើរការ​រោងចក្រ​ផលិត ហើយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ក៏​មានការ​ព្រួយបារម្ភ​លើ បញ្ហា​ហិរញ្ញវត្ថុ ដែល​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​។​លោក បន្ត​ថា ការ​លុប​ចោល​ជើង​នាវា​ដឹក​ទំនិញ​នេះ នឹង​ពន្យារពេល និង​កាត់​បន្ថយ​ការ​ដឹក​ទំនិញ​ទៅ​កាន់ អា​មេ​រិ​ក ដែល​មាន​ក្រុមហ៊ុន​ជា​ច្រើន កំពុង​ត្រូវការ​ទំនិញ​សម្រាប់​លក់​។

ប្រតិបត្តិ​ករ​នាវា​កុងតឺន័រ​ធំ​ៗ​ចំនួន ៥ មក​ពី អឺរ៉ុប និង​អាស៊ី បាន​បញ្ជាក់​ថា ពួក​គេ កំពុង​តែ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ ដើម្បី​ព្រមាន​ជា​មុន​ពី​ការ​បាត់បង់​ប្រាក់​ចំណូល សម្រាប់​រយៈពេល កន្លះ​ឆ្នាំ ឬ​មួយ​ឆ្នាំ​ពេញ​។

បើ​តាម​សារព័ត៌មាន Bloomberg ដកស្រង់​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Sea Intelligence បាន​បង្ហាញ​ថា គិត​ត្រឹម​ស​ប្តា​ហ៍​ទី ២ ខែកុម្ភៈ​នេះ ទូ​កុងតឺន័រ​ជាង ៦​សែន​ទូ ត្រូវ​បាន​ដក​ចេញពី តម្រូវការ​ប្រើប្រាស់​សម្រាប់​ពាណិជ្ជកម្ម​សកល ក្រោយ​ពេល​ដែល​មានការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​រ៉ូ​ណា ហើយ​ចំនួន​នេះ អាច​នឹង​បន្ត​កើនឡើង​ទៀត​។

ដោយសារ​តែ ៩០% នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ទូ​ទាំង​សកលលោក គឺ​ប្រើប្រាស់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ហើយ​ប្រទេស​ចិន ក៏​រីក​លូតលាស់​ខ្លាំង​នៅ​ក្នុង​វិស័យ​នេះ និង​ជា​អ្នកទិញ​ទំនិញ​ដ៏​សំខាន់​ដែរ​នោះ ដូច្នេះ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា ជះ​ឥទ្ធិពល​ភ្លាម​ៗ​ដល់​វិស័យ​ដឹក​ជញ្ជូន​ទូ​ទាំង​សកល តែ​ម្តង​។

សូ​ម្បី​តែ​ក្រុមហ៊ុន​បរទេស ដែល​ធ្វើការ​នាំ​ទំនិញ​ចូល​ទៅ​កាន់​ប្រទេស​ចិន ក៏​ជួប​ប្រទះ​នូវ បញ្ហា​កកស្ទះ ដោយសារ​តែ​ចំនួន​បុគ្គលិក​ធ្វើការ​តិច គ្មាន​អ្នក​ចាំ​ទទួល​ទំនិញ​ឡើយ ត្រូវ​រង់ចាំ​ការ​ត្រួតពិនិត្យ​ពន្ធ និង​ពិបាក​រក​អ្នក​មក​ទទួល​ទំនិញ​ចេញពី ផែ​ទៅ​វិញ​។

យ៉ាងណា​ក៏​ដោយ​ចុះ សមាគម​ចិន​នៃ​ឧស្សាហកម្ម​ផលិត​កប៉ាល់​ជាតិ បាន​គូសបញ្ជាក់​ថា កប៉ាល់​ដឹក​ជញ្ជូន ជាង ២០០​កប៉ាល់ ដែល​កំពុង​ជួសជុល អាច​នឹង​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​សម្របសម្រួល​ដល់ បញ្ហា​កកស្ទះ ដែល​កំពុង​កើត​មាន​នា​ពេល​នេះ​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ