Trending now

លោក ដូណាល់ ត្រាំ នៅតែជំរុញឲ្យបើកសេដ្ឋកិច្ចអាមេរិកឡើងវិញ ទោះបីអ្នកជំនាញព្រមានថា មនុស្សស្លាប់ដោយសារ COVID-19 នឹងកើនឡើង

16:02 | 08/05/2020

ខណៈចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិកកើនលើស ១.២៥លាននាក់ ក្នុងនោះស្លាប់ច្រើនជាង ៧៥,០០០នាក់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តជំរុញឱ្យមានការបើកសកម្មភាពសេដ្ឋកិច្ច ឡើងវិញទូទាំងប្រទេស បើទោះជាមានការព្រមានពីក្រុមអ្នកជំនាញថាការសម្រេចចិត្តបែបនេះ នឹងបង្កឱ្យមនុស្សស្លាប់កាន់តែច្រើនក៏ដោយ។ នេះបើតាម AP ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ

បើតាមទីភ្នាក់ងារព័ត៌មាន AP សេចក្ដីណែនាំលម្អិត បង្កើតឡើងដោយមជ្ឈមណ្ឌលអាមេរិកសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) ដែលភ្ជាប់ជាមួយការប្រឹក្សាយោបល់ជាជំហានៗពីរបៀប និងពេលវេលា នៃការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញកំឡុងការឆ្លងរាតត្បាត COVID-19 ត្រូវបានបដិសេធដោយរដ្ឋបាលលោក ដូណាល់ ត្រាំ។

ឯកសារសេចក្ដីណែនាំលម្អិតកម្រាស់ ១៧ទំព័រខាងលើនេះមានចំណងជើងថា «Guidance for Implementing the Opening Up America Again Framework» ដំបូងឡើយត្រូវបានគេគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែមន្ត្រី CDC ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានអះអាងថា វាទំនងជានឹងមិនត្រូវបានចេញផ្សាយឡើយ។

គួរជម្រាបថា លោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញនៅក្នុងសារមួយបង្ហោះលើ Twitter កាលពីរសៀល ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាជនចង់ឱ្យប្រទេសរបស់យើង បើកទ្វារឡើងវិញ ហើយយើងចង់ធ្វើរឿងនេះជាមួយ មធ្យោបាយប្រកបដោយសុវត្ថិភាព... ដ្បិតអ្នកទាំងអស់គ្នាក៏ដឹងដែរ ពីវិធានការគម្លាតសុវត្ថិភាព លាងដៃ និងអនាម័យដែលគួរតែអនុវត្ត»

តែទោះជាបែបនេះក្ដី បើតាមក្រុមអ្នកជំនាញអាមេរិក ការបើកសកម្មភាពសេដ្ឋកិច្ចមួយផ្នែក អាចនឹងបណ្ដាលឱ្យអ្នកស្លាប់ដោយសារ COVID-19 នឹងកើនឡើងថែម ៤៥,០០០នាក់ទៀតនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ហើយការបើកសម្មភាពសេដ្ឋកិច្ចឡើងវិញទាំងស្រុង នឹងបណ្ដាលឱ្យមនុស្ស ២៣៣,០០០នាក់ស្លាប់បន្ថែមទៀតពីលើតួលេខអ្នកស្លាប់បច្ចុប្បន្ននេះ៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម