Trending now

ចិន ពង្រឹង​ពាណិជ្ជកម្ម​សណ្តែកសៀង​ជាមួយ​រុស្ស៊ី ដើម្បី​ជំនួស​ការនាំ​ចូល​ពី​អាមេរិក

09:27 | 20/07/2019 (ប្រភព៖ thmeythmey.com សរុបដោយ ហេង វុធ្ធី)

​ស្របពេល​ដែល​ចិន កំពុង​រកមើល​ទីផ្សារ​ផ្គត់ផ្គង់​សណ្តែកសៀង​ថ្មី​ជំនួស​សហរដ្ឋអាមេរិក រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លោក Zhong Shan បាន​យល់ព្រម​ជាមួយ​សម​ភាគី​រុស្ស៊ី​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​សណ្តែកសៀង និង​ផលិតផល​កសិកម្ម​ផ្សេងទៀត អំឡុង​កិច្ចប្រជុំ​មួយ​ក្នុង​សបា្តហ៍​នេះ​។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទីក្រុង​ប៉េកាំង បាន​ផ្អាក​ការនាំ​ចូល​ផលិតផល​សណ្តែកសៀង ស្ទើរតែ​ទាំងស្រុង​ពី​សហរដ្ឋអាមេរិក ក្រោយពី​បាន​ដំឡើង​ពន្ធ​ចំនួន ២៥​ភាគ​លើ​ទំនិញ​កសិកម្ម​ប្រភេទ​នេះ ដើម្បី​វាយបក​នឹង​ការដំឡើង​ពន្ធ​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន​លើ​ទំនិញ​ចិន​។

ប្រធានរដ្ឋចិន លោក ស៊ី ជិនភីង (ស្តាំ) និងប្រធានាធិតបីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន

ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បានចេញ​ផ្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម​ចិន នៅ​ថ្ងៃទី​១៨ ខែកក្កដា លោក​រដ្ឋមន្ត្រី​ចិន Zhong Shan បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ទទួលបន្ទុក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រុស្ស៊ី លោក Maxim Oreshkin ដើម្បី​ជជែក​ពិភាក្សា​វិធីសាស្ត្រ​ដែល​ប្រទេស​ទាំងពីរ​អាច​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​។​

តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​ទាំងពីរ​នេះ បាន​ធ្វើឡើង​ក្រោយពី​លោក​ប្រធានរដ្ឋ​ចិន ស៊ី ជិន​ភីង និង​សម​ភាគី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ឯកភាព​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ពី ១០៧​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៨ ទៅកាន់ ២០០​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩​នេះ​។ ជំនួប​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មហាអំណាច​ទាំងពីរ បានធ្វើ​ឡើង​នៅ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ St Petersburg ក្នុងប្រទេស​រុស្ស៊ី កាលពី​ខែមិថុនា កន្លងទៅ ។ដោយឡែក នៅ​វេទិកា​វិនិយោគ​មួយ​ក្នុង​ទីក្រុង មូ​ស្កូ ប្រទេស​រុស្ស៊ី កាលពី​ឆ្នាំមុន លោក ពូ​ទីន បាន​លើកឡើងថា រុស្ស៊ី នឹង​បង្កើន​ផលិតកម្ម និង​ការនាំចេញ​សណ្តែកសៀង​ទៅកាន់​ប្រទេស​ចិន ក្នុង​គោលដៅ​បំពេញ​ចន្លោះប្រហោង​ក្នុង​ទីផ្សារ​ដែល​ទុកចោល​ដោយ​សហរដ្ឋអាមេរិក​។ មែនទែនទៅ ក្រុង​ប៉េកាំង បាន​ផ្អាក​ការនាំ​ចូល​ផលិតផល​សណ្តែកសៀង​ស្ទើរតែ​ទាំងស្រុង​ពី​សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​ផ្គត់ផ្គង់​ធំ​បំផុត​របស់ខ្លួន​។ ការសម្រេច​ផ្អាក​បែបនេះ ធ្វើឡើង​ក្រោយពី​ខ្លួន​បាន​ដំឡើង​ពន្ធ​ប្រមាណ ២៥​ភាគរយ​លើ​ការ​នាំចូល​សណ្តែកសៀង​ដើម្បី​វាយបក​លើ​ការដំឡើង​ពន្ធ​របស់​សហរដ្ឋអាមេរិក​លើ​ទំនិញ​ចិន​។

ប្រធានរដ្ឋចិន លោក ស៊ី ជិនភីង (ស្តាំ) និងប្រធានាធិតបីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន

​ទោះបីជា​បែបនេះ​ក្តី ការនាំចេញ​សណ្តែកសៀង​រុស្ស៊ី​ទៅកាន់​ប្រទេស​ចិន បាន​ធ្លាក់ចុះ ចន្លោះ​ខែកញ្ញា ឆ្នាំ​២០១៨ ទៅ ខែឧសភា ឆ្នាំ ២០១៩ ។ នេះ​បើតាម​ទិន្នន័យ​គយ​របស់​រុស្ស៊ី​។ អំឡុង​ចន្លោះពេល​ដូចគ្នានេះ ក្នុង​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨ រុស្ស៊ី បាន​លក់​សណ្តែកសៀង​ចំនួន ៦៩​ម៉ឺន​តោន​ទៅ​ឲ្យ​ចិន បើ​ធៀប​នឹង ៥៨​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ការធ្លាក់ចុះ​នេះ អាច​កើតឡើង​ដោយសារតែ​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ទូទាំងប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​តម្រូវការ​សណ្តែក សៀង​ថយចុះ ព្រោះថា ភាគច្រើន​នៃ​ការ​នាំចូល​សណ្តែកសៀង​ទាំងនេះ ត្រូវបាន​ប្រើប្រាស់​ជា​ចំណី​សត្វ​។ ត្រង់ចំណុច​នេះ ក្រុម​អ្នកស្រាវជ្រាវ​នៅ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Rabobank ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ហូ​ឡង់ បាន​ព្យាករ​ថា ដោយសារតែ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ចិន អាច​ខាតបង់​ជ្រូក​ប្រមាណ​២០០​លាន​ក្បាល​ក្នុង​ឆ្នាំ​២០១៩ នេះ​។

​ទោះបីជា​មុនពេល​ផ្ទុះ​វិបត្តិ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុងប្រទេស​ចិន ការនាំចេញ​រុស្ស៊ី​ទៅកាន់​ចិន មាន​ទំហំ​តិចជាង ១០​ភាគរយ បើ​ធៀប​ទៅនឹង​ការលក់​សណ្តែកសៀង​រប​ស់​សហរដ្ឋអាមេរិក​ទៅ​ឲ្យ​ចិន​ក្នុង​រយៈពេល ១០​ខែ​ចុង​ក្រោយនេះ ។ ក្នុង​សប្តាហ៍​នេះ ក្រុមប្រឹក្សា​នាំចេញ​សណ្តែកសៀង​អាមេរិក បាន​ប៉ាន់​ស្មាន់ថា ការលក់​សណ្តែកសៀង​ទៅ​ឲ្យ​ចិន​នេះ មាន​បរិមាណ ១៩,២​លាន​តោន​។ យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​អាមេរិក​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន សម្រាប់​ឆ្នាំ ២០១៨ និង​២០១៩ ការលក់ និង​ដឹកជញ្ជូន​សណ្តែកសៀង​រប​ស់​ក្រុង​វ៉ាស៊ីនតោន​ទៅកាន់​ប្រទេស​ចិន មាន​កម្រិត​ទាប​ខ្លាំង ប៉ុន្តែ​ពួកគេ​នៅតែ​បន្ត​ដោះដូរ​ដដែល​។ ក្នុង​ខែកក្កដា​នេះ ការនាំចេញ​សណ្តែកសៀង​សម្រាប់​ឆ្នាំ ២០១៩ និង​២០២០ ធ្លាក់ចុះ​ពី​៥៣,១​លាន​តោន ទៅកាន់ ៥១​លាន​តោន​។

ទន្ទឹមនឹង​គ្នា​នេះ ចិន ក៏បាន​ត្រៀមខ្លួន​បង្កើន​ផលិតកម្ម​សណ្តែកសៀង​ក្នុងស្រុក​ផងដែរ​។ ក្នុង​របាយការណ៍​មួយ ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​១៥ ខែកក្កដា ការិយាល័យ​ស្ថិតិ​ចិន បាន​លើកឡើងថា ក្នុង​ពាក់កណ្តាល​ឆ្នាំ​២០១៩ រចនាសម្ព័ន្ធ​នៃ​ការដាំដុះ​ដំណាំ អាច​ទទួលបាន​ទិន្នផល​ល្អ ខណៈ​ទីតាំង​សម្រាប់​ដាំ​ដុះ​សណ្តែកសៀង មានការ​កើនឡើង​។ របាយការណ៍​ដដែល បាន​ប៉ាន់​ស្មានថា ផល​សណ្តែកសៀង​ក្នុងឆ្នាំនេះ នឹង​កើនឡើង​ក្នុង​អត្រា​ខ្ពស់បំផុត ដែល​អាច​ស្មើនឹង ១៧,៤​លាន​តោន ៕


(ប្រភព៖ thmeythmey.com សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ thmeythmey.com សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស