Trending now

អតីតប្រធានាធិបតីបារាំងលោក Jacques Chirac ទទួលមរណភាព!

09:19 | 27/09/2019

យុគសម័យ - អតីតប្រធានាធិបតីបារាំងលោក Jacques Chirac បានទទួលមរណភាពហើយក្នុងវ័យ ៨៦ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបារាំង កាលពីថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

អតីតប្រធានាធិបតីបារាំងលោក Jacques Chirac (រូបថតៈ AFP)

យោងតាមក្រុមគ្រួសាររបស់លោក លោក Jacques Chirac បានទទួលមរណភាពនៅព្រឹក ថ្ងៃទី២៦ ខែកញ្ញា (ម៉ោងទីក្រុងប៉ារីស)។ លោក Chirac គឺជាអតីតប្រធាធិបតីបារាំង ដែលកាន់តំណែងបានពីរអាណត្តិ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៧។

ចំពោះមុខមរណភាពរបស់អតីតមេដឹកនាំបារាំងរូបនេះ មេដឹកនាំនយោបាយជាន់ខ្ពស់បារាំងបានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អតីតប្រធានាធិបតី Jacques Chirac និងបានកោតសរសើរពីជីវិតនិងបុព្វហេតុរបស់លោកផងដែរ។

ប្រធានាធិបតី Chirac ជាមួយអតីតប្រធានាធិបតីអាមេរិក G. Bush និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស T. Blair ក្នុងសន្និសីទ G8 កាលពីឆ្នាំ ២០០៥ (រូបថតៈ The Guardian)

ពោលគឺ វិមាន Elysee បានអោយដឹងថា លោកប្រធានាធិបតី Emmanuel Macron បានពន្យាពេលផែនការចូលរួមក្នុងព្រឹត្តិការណ៍ ចាប់ផ្តើមការសន្ទនាស្តីពីសោធននិវត្តន៍ហើយនឹងមានសុន្ទរកថាចូលរួមរំលែកទុក្ខនៅលើកញ្ចក់ទូរទស្សន៍នៅម៉ោង ៨ យប់ (ម៉ោងក្នុងស្រុក)ថ្ងៃទី ២៦ ខែកញ្ញា (ម៉ោង ២ រសៀលថ្ងៃទី ២៧ ខែកញ្ញា តាមម៉ោងហាណូយ)។

សភាតំណាងរាស្រ្តនិងព្រឹទ្ធសភាបារាំងបានចំណាយពេលមួយនាទី នៅរសៀលថ្ងៃទី ២៦ ខែកញ្ញា ដើម្បីធ្វើស្មឹងស្មាត រំលឹកដល់វិញ្ញាណក្ខ័ន្ធ របស់អតីតប្រធានាធិបតី Jacques Chirac។ ប្រធាននៃសភាតំណាងរាស្ត្រលោក Richard Ferrand បានអះអាងថា “លោក ប្រធានាធិបតី Jacques Chirac គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្របារាំង”។

លោក Jacques Chirac និង លោកស្រី Margaret Thatcher បានជួបគ្នានៅទីក្រុងប៉ារីសក្នុងឆ្នាំ ១៩៧៥ (រូបថតៈ The Guardian)

ក្នុងពេលជាមួយគ្នានោះ មេដឹកនាំពិភពលោកក៏បានសរសើរអតីតប្រធានាធិបតីបារាំងផងដែរ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសរសើរលោក Jacques Chirac ថា ជា “អ្នកនយោបាយឈ្លាសវៃនិងមានចក្ខុវិស័យជាមេដឹកនាំឆ្លាតនិងមានចំណេះដឹងជ្រាលជ្រៅ” ហើយលោកជាមេដឹកនាំម្នាក់ដែលលោកកោតសរសើរបំផុត។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ក៏បានពណ៌នាថា លោក Chirac ជាមេដឹកនាំនយោបាយដ៏អស្ចារ្យដែលបានកំណត់ជោគវាសនានៃប្រទេសរបស់លោក។ ចំណែកឯ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយថា លោក Chirac គឺជា “មិត្តភក្តិនិងដៃគូឆ្នើមសម្រាប់អាល្លឺម៉ង់និងរូបលោកស្រីផ្ទាល់ផងដែរ”។

អតីតប្រធានាធិបតីលោក Jacques Chirac អង្គុយក្បែរលោកអតីតប្រធានាធិបតី Francois Hollande ក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងប៉ារីសនាថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០១៤ (រូបថតៈ AFP)

សូមគូសបញ្ជាក់ផងដែរថា លោក Jacques Chirac កើតនៅថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ១៩៣២ នៅទីក្រុងប៉ារីសដែលបានកាន់ដំណែងជាប្រធានាធិបតីបារាំងរយៈពេលពីរអាណត្តិ ចាប់ពីឆ្នាំ ១៩៩៥-២០០៧ និងជាប្រធានាធិបតីដែលកាន់តំណែងយូរជាងគេបំផុតបន្ទាប់ពីសង្គ្រាម។ លោកបានខិតខំលើកកម្ពស់តួនាទីរបស់បារាំងនៅលើឆាកអន្តរជាតិ។ លោកក៏ត្រូវបានគេចងចាំផងដែរថា បានធ្វើឱ្យសហរដ្ឋអាមេរិកខឹងនៅពេលលោកសម្តែងការប្រឆាំងជាសាធារណៈចំពោះសង្គ្រាមនៅអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ ផងដែរ៕

(ដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស