Trending now

វិស័យ​ហិរញ្ញវត្ថុ​ មិន​បារម្ភ​ពី​ស្ថានភាព​ក្រោយ​បោះឆ្នោត

09:22 | 06/06/2017

វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​វិស័យ​មួយ​ដែល​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ហាក់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​អំឡុង​ពេល​មុន​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី ៤ នេះ​។

ផ្តើម​ពី​ដំបូង​ដោយ​ការ​អប់រំ​ទាក់ទង​នឹង​ការ​ឲ្យ​ប្រជាជន​យល់​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ជា​គ្រឹះស្ថាន​ឯកជន មិន​មែន​ជា​របស់​រដ្ឋ រដ្ឋាភិបាល​ក៏​បាន​បង្ខំ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ​មួយ​ចំនួន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ឡូហ្គោ​ជា​បន្ទាន់​ដើម្បី​ញែក​ឲ្យ​ដាច់​ចៀសវាង​ការ​យល់​ច្រឡំ​ថា​ជា​របស់​រដ្ឋ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ កាលពី​ខែ​មេសា រដ្ឋាភិបាល ក៏​បាន​តម្រូវ​ឲ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា ប្រកាស​ធ្វើ​អន្តរាគមន៍​ទីផ្សារ ដោយ​តម្រូវ​ឲ្យ​ប្រតិបត្តិករ​មីក្រូ​ហិរញ្ញវត្ថុ​គិត​ការ​ប្រាក់​មិន​លើស​ពី ១៨ ភាគរយ​ក្នុង​មួយ​ឆ្នាំ ខណៈ​កាល​ពី​មុន​មាន​ដល់​ជិត ៣០ ភាគរយ​។ រដ្ឋាភិបាល​ក៏​បញ្ជា​ឲ្យ​អជ្ញាធរ​ភូមិ ឃុំ ចៀស​ឆ្ងាយ​ពី​ការ​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​មីក្រូ​ហិរញ្ញវត្ថុ ដើម្បី​បញ្ចៀស​ការ​ភាន់​ច្រឡំ​។

រហូត​ដល់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា ឃុំ​-​សង្កាត់ ដែល​ជា​ការ​ថ្លឹង​ថ្លែង​លើ​អារម្មណ៍​មួយ​របស់​ពាណិជ្ជករ​ថា​តើ​អាច​នឹង​មាន​ឥទ្ធិពល​លើ​ប្រតិបត្តិការ​អាជីវកម្ម​យ៉ាង​ណា​នោះ​? អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​អះអាង​គ្មាន​ការ​បារម្ភ​ណា​មួយ​ចេញពី​លទ្ធផល​បោះឆ្នោត​នោះ​ទេ​។

លោក ប៊ុន មុន្នី ទីប្រឹក្សា​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​ទទួល​ស្គាល់​ការ​សម្រេច​ចិត្ត​ជាច្រើន​របស់​រដ្ឋាភិបាល​ហាក់​សំដៅ​ដល់​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ច្រើន​ជាង​គេ ដែល​មាន​ឥទិ្ធពល​ដល់​ប្រតិបត្តិការ​វិស័យ​នេះ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ប្រតិបត្តិ​ករ​មិន​បាន​ផ្លាស់​ប្តូរ​សកម្មភាព​របស់​គេ​ឡើយ​។ លោក​បន្ត​ថា ប្រតិបត្តិ​ករ​នៅ​តែ​បន្ត​ពង្រីក​សកម្មភាព និង​ប្រតិបត្តិការ​អាស្រ័យ​លើ​តម្រូវ​ការ​ទីផ្សារ​។

លោក​ថ្លែង​ថា​៖ «​យើង​មិន​មាន​ការ​បារម្ភ​អី​ទេ ហើយ​ប្រតិបត្តិ​ករ​មីក្រូហិរញ្ញវត្ថុ​នៅ​តែ​ធ្វើ​ការ​ប្រតិបត្តិការ​ជា​ធម្មតា​ដោយ​អាស្រ័យ​លើ​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​»​។ លោក​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា​បើ​ទោះ​បី​ជា​លទ្ធផល​យ៉ាង​ម៉េច [​គណបក្ស​ណា​ឈ្នះ​] ក៏​ដោយ នឹង​គ្មាន​ឥទ្ធិពល​អវិជ្ជមាន​ណា​មួយ​ដល់​វិស័យ​នេះ​ទេ​»​។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់ ក្រុមហ៊ុន EMC ដែល​ថ្មីៗ​នេះ​បាន​ផ្តល់​យោបល់​ផ្នែក​ពាណិជ្ជកម្ម​ដល់​ក្រុមហ៊ុន​បរទេស​ជាច្រើន បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​វិនិយោគ​រយៈពេល​វែង ហាក់​មិន​មាន​ការ​បារម្ភ​ពី​ព្រឹតិ្តការណ៍​បោះឆ្នោត​នេះ​ឡើយ ខណៈ​ពួក​គេ​បន្ត​ធ្វើ​ការ​សិក្សា​ទីផ្សារ និង​បន្ត​គម្រោង​ពង្រីក​ពាណិជ្ជកម្ម​បន្ត​បន្ទាប់​។

លោក​បាន​បញ្ជាក់​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​ពី​ការ​យល់​ឃើញ​របស់​វិនិយោគិន​រយៈពេល​វែង​មក​លើ​ស្ថានភាព​សង្គម និង​នយោបាយ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​វិនិយោគិន​ជឿថា​មិន​ថា​គណបក្ស​ណា​ឈ្នះ​ឆ្នោត គណបក្ស​ទាំង​នោះ​នឹង​យក​ចិត្ត​ទុក​ដាក់ និង​ផ្តល់​អាទិភាព​ដល់​វិស័យ​ឯកជន​»​។ លោក​បន្តថា​៖ «​ពួក​គេ​ជឿថា រដ្ឋាភិបាល​យល់​ច្បាស់​ពី​សារៈសំខាន់​របស់​វិស័យ​ឯកជន ដែល​ជា​អ្នក​បង់ពន្ធ​ជូន​រដ្ឋ​ដ៏​សំខាន់​ដើម្បី​បង្កើន​ចំណូល​ជាតិ ដើម្បី​កាត់​បន្ថយ​ការពឹង​ផ្អែក​លើ​ជំនួយ​បរទេស​»​។

លោក ងួន ម៉េង​តិច អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខណៈ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន និង​ឲ្យ​តម្លៃ​លើ​ការ​បោះឆ្នោត​ច្រើន​ជាង​មុន ដែល​មាន​វា​មិន​បង្ហាញ​ពី​ហានិភ័យ​ណា​មួយ​មក​លើ​ការ​វិនិយោគ​នោះ​ទេ​។

លោក​បន្តថា លទ្ធផល​បោះឆ្នោត​នេះ មិន​មែន​ជា​ការ​គំរាម​កំហែង​ដល់​ដំណើរការ​សេដ្ឋកិច្ច​កម្ពុជា​ដែល​កំពុង​មាន​កំណើន​នោះ​ទេ​។

លោក​ងួន ម៉េង​តិច បាន​និយាយ​ថា​៖ «​យើង​ឃើញថា ស្ថានភាព​សេដ្ឋកិច្ច​យើង​មាន​លំនឹង និង​មាន​កំណើន​រឹងមាំ​ហើយ​បច្ចុប្បន្ន លទ្ធផល​នៃ​ការ​បោះឆ្នោត​មិន​មែន​ជា​ការបារម្ភ ឬ​ជា​ហានិភ័យ​ដល់​ដំណើរ​សេដ្ឋកិច្ច​ទេ ប្រជាជន​មាន​ការ​យល់ដឹង​ពី​ដំណើរការ​បោះឆ្នោត​ច្រើន​និង​សិទ្ធិ​របស់​ពួក​គាត់​»​។

បើទោះបី​យ៉ាង​នេះ​ក្តី ក្តីបារម្ភ​តិចតួច​នៅតែ​អាច​កើត​មាន​។

លោក​បាន​ថ្លែងថា​៖ «​ទោះបីជា​យ៉ាងណា ការ​ភ័យ​ខ្លាច និង​ការ​បារម្ភ នៅ​បន្សល់​ទុក​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជំនួញ តែ​ក៏​មិន​មាន​កម្រិត​ខ្ពស់​ដែរ​»៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ