Trending now

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev ប្រកាសលាលែងចេញពីតំណែង

22:28 | 15/01/2020 (សរុបដោយវិច្ឆិកា)

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានសម្រេចចិត្តលាលែងចេញពីតំណែងហើយនៅថ្ងៃពុធនេះ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្វើការថ្លែងសារទៅកាន់សភាជាតិ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

លោក Medvedev។ (ប្រភព៖​ TASS)

បើតាម Sputnik លោក Medvedev បានដាក់លិខិតលាលែងចេញពីតំណែងទៅកាន់លោក ពូទីនហើយ ដែលនេះមានន័យគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលរុស្ស៊ី បច្ចុប្បន្ននឹងត្រូវរំលាយ រីឯលោកប្រធានាធិបតីរុស្ស៊ីនឹងតែងតាំងនាយករដ្ឋមន្ត្រីឱ្យបន្តដឹកនាំរដ្ឋាភិបាលថ្មី។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នាថ្ងៃពុធនេះបាននិយាយថា លោកពុំមានបំណងក្នុងការព្យាយាមកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីអាចឲ្យលោកបន្តកាន់អំណាច ០៣អាណត្តិជាប់គ្នាឡើយ។

កំឡុងការថ្លែងសារប្រចាំឆ្នាំ នៅចំពោះមុខសភាប្រទេសរុស្ស៊ីនាថ្ងៃពុធនេះ លោក ពូទីន បានបង្ហាញជំហរគាំទ្រដល់គោលការណ៍ ហាមប្រាមប្រធានាធិបតី មិនឲ្យកាន់អំណាច ០៣អាណត្តិជាប់ៗគ្នា ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់រុស្ស៊ី។ កន្លងមកនេះមានការសង្ស័យថា លោកអាចនឹងកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីបន្តកាន់អំណាចនៅអាណត្តិថ្មីឆ្នាំ២០២៤ បន្ទាប់ពីលោកបានលើកឡើងថា ការដាក់កំហិតមិនឲ្យប្រធានាធិបតីម្នាក់ កាន់អំណាចបានច្រើនអាណត្តិជាប់ៗគ្នា អាចត្រូវលុបចេញវិញប្រសិនបើប្រជាជនរុស្ស៊ីមូលមតិគ្នាគាំទ្រ។

លោក វ៉្លាឌីមៀ ពូទីន បានបន្តជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ី សម្រាប់អាណត្តិទីពីរជាប់គ្នាកាលពីឆ្នាំ២០១៨ ខណៈការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាណត្តិក្រោយ នឹងត្រូវធ្វើឡើងនៅខែមីនា ឆ្នាំ២០២៤ គឺមួយអាណត្តិមានរយៈពេល០ ៦ឆ្នាំ។ ដោយឡែក លោក ពូទីន មិនមែន បានជាប់ឆ្នោតលើកដំបូងជាប្រធានាធិបតីរុស្ស៊ីនៅឆ្នាំ២០១២ នោះទេ គឺលោកធ្លាប់បានកាន់តំណែងនេះ ០២អាណត្តិរួចមកហើយចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ដែលកាលនោះមួយអាណត្តិមានរយៈពេលត្រឹម ០៤ឆ្នាំប៉ុណ្ណោះ។

លោក Dmitry Medvedev និង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ (ប្រភព៖​ FN)

បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានណែនាំឱ្យនាយករដ្ឋមន្ត្រីលោក Dmitry Medvedev និងគណៈរដ្ឋមន្ត្រីទាំងអស់ បន្តបំពេញភារកិច្ចតាមមុខងារ និងតំណែងរបស់ខ្លួនដដែល រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។

ការប្រកាសខាងលើរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីលោក Medvedev និងគណៈរដ្ឋមន្ត្រីទាំងអស់របស់លោក បានលាលែងចេញពីតំណែង ដែលនេះមានន័យថា រដ្ឋាភិបាលរុស្ស៊ីសព្វថ្ងៃនឹងត្រូវរំលាយចោល រីឯលោកប្រធានាធិបតី ពូទីន នឹងជ្រើសរើសរដ្ឋាភិបាលថ្មីក្នុងពេលឆាប់ៗនេះ។ លោក Medvedev បានប្រកាសលាលែង ចេញពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃពុធនេះ ក្រោយលោក ពូទីន ធ្វើការថ្លែងសារទៅកាន់សភាជាតិ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

គួរជម្រាបថា នៅក្រោយការបង្កើតរដ្ឋាភិបាលថ្មី លោក Medvedev ត្រូវបានគេរំពឹងថានឹងទទួលបានតំណែងថ្មីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលជាស្ថាប័ន ដ៏មានឥទ្ធិពលក្នុងការប្រឹក្សាយោបល់ដល់ប្រធានាធិបតី ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ហើយលោកនាយករដ្ឋមន្ត្រីក៏បានយល់ព្រមទទួលយកតំណែងនេះដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ