Trending now

ការ​លក់​រថយន្ត​ម៉ូដែល​ Jeep ​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ

09:19 | 06/06/2017

រថយន្ត​ម៉ាក​ Jeep ជា​ផ្នែក​សំខាន់​នៃ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ Fiat Chrysler ក្នុង​ការ​ជំរុញ​ទីតាំង​ឈរ​ជើង​របស់​ខ្លួន​ក្នុង​ឧស្សាហកម្ម​រថយន្ត​ពិភពលោក តែ​ការ​លក់​នៅ​អាមេរិក​នៃ​ម៉ាក​រថយន្ត​មួយ​នេះ​បាន​ធ្លាក់​ចុះ​។

លោក Sergio Marchi o nne ប្រធាន​ក្រុមហ៊ុន FCA បាន​គិត​អំពី​ការ​បំបែក​យីហោ​រថយន្ត Jeep ដូចជា​លោក​បាន​បំបែក​រថយន្ត​យីហោ Ferrari ដើម្បី​បង្កើន​មូលធន​បន្ថែម តែ​ផ្ទុយ​ទៅ​វិញ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អ៊ីតាលី​ និង​អាមេរិក​មួយ​នេះ​កំពុង​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​បង្កើន​ការ​លក់​រថយន្ត​ម៉ាក Jeep ជា​ប្រចាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​វិញ​។

តែ​បន្ទាប់ពី​ការ​លក់​សម្រេច​បាន​កំណើន​ជា​ប្រចាំ​ក្នុង​រយៈពេល​វែង​នោះ ការ​លក់​រថយន្ត​ម៉ាក Jeep នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​ ១៨ ​ភាគរយ​កាលពី​ខែ​ឧសភា​ហើយ​បាន​ធ្លាក់​ចុះ ១៣ ​ភាគរយ​គិត​ចាប់​តាំងពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ​។

លោក​ Todd Goyer អ្នក​នាំពាក្យ​របស់​ម៉ាក​រថយន្ត Jeep នេះ​មាន​ប្រសាសន៍​ថា​ឧបសគ្គ​នេះ​គ្រាន់តែ​មាន​រយៈពេល​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។

លោក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​អ៊ីម៉ែល​មួយ​ថា​៖ «​ការ​លក់​រថយន្ត​ធ្លាក់​ចុះ​នេះ​គឺ​ដោយសារ​ការ​កាត់បន្ថយ​យ៉ាង​ប្រុងប្រយ័ត្ន​ចំពោះ​ការ​លក់​រថយន្ត និង​ការ​ឋិត​ក្នុង​ដំណាក់កាល​ផ្លាស់ប្តូរ​ពី​ម៉ូ​ដែល​រថយន្ត​ចាស់​របស់​រថយន្ត​ម៉ូដែល​ Compass និង​ម៉ូដែល​ Patriot ទៅ​រថយន្ត​ Compass ម៉ូ​ដែល​ថ្មី និង​មាន​រូបរាង​ថ្មី​ទាំងអស់​»​។

ជាង​នេះ​ទៀត​លោក​បាន​បញ្ជាក់​ថា​ការ​លក់​រថយន្ត​ម៉ាក​ Jeep នៅ​ទូទាំង​ពិភពលោក​កើនឡើង ៦ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៧ គិត​ត្រឹម​ខែ​ឧសភា​»​។

ក្នុង​អំឡុង​ពេល​ដែល​ក្រុមហ៊ុន​នេះ​បង្កើន​ផលិតកម្ម​នៅ​រោងចក្រ​ផលិត​រថយន្ត​មួយ​នៅ​ប្រទេស​ម៉ិកស៊ិក​ការ​ផ្លាស់ប្តូរ​រូបរាង​រថយន្ត​ម៉ូដែល​នេះ​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក Goyer បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ FCA ផ្អាក​ផលិតកម្ម​រថយន្ត​ម៉ាក​ Jeep ជា​បណ្តោះអាសន្ន​នៅ​រោងចក្រ​ផលិត​រថយន្ត​មួយ​ចំនួន​នៅ​ទីក្រុង Belvidere រដ្ឋ Illinois និង​នៅ​ទីក្រុង Toledo រដ្ឋ Ohio ហើយ​ដំណាក់កាល​ផ្លាស់ប្តូរ​នេះ​នឹង​មិន​ទាន់​បញ្ចប់​ទេ​រហូត​ដល់​ចុង​ឆ្នាំ​នេះ​។

ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា​ដោយសារ​ការ​លក់​រថយន្ត​មួយ​ចំនួន​ដូចជា​រថយន្ត​ម៉ូដែល Jeep Grand Cherokee ដ៏​មាន​ប្រជាប្រិយភាព​នៅ​តែ​បន្ត​សម្រេច​បាន​កំណើន​ខ្ពស់​ដោយ​បាន​កើនឡើង​ ១១ ​ភាគរយ​នៅ​ខែ​ឧសភា​នោះ កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផែនការ​បង្កើន​ការ​លក់​របស់​រថយន្ត​ Jeep​។

លោកស្រី Michelle Krebs អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន Autotrader បាន​ឲ្យ​ដឹង​ថា​៖ «​រថយន្ត​របស់​ក្រុមហ៊ុន​ Fiat Chrysler ជាប់​ចំណាត់​ថ្នាក់​ក្រោយ ឬ​ស្ទើរ​តែ​ក្រោយ​គេ​ជា​ប្រចាំ​ក្នុង​តារាង​គុណភាព​ផលិតផល​»​។

លោកស្រី​ថ្លែង​ថា​ក្រុមហ៊ុន​នេះ «​ទំនង​ជា​មិនមាន​លទ្ធភាព​វិល​ត្រឡប់​មក​រក​កំណើន​វិញ​ទេ ខណៈ​ដែល​គូប្រជែង​មួយ​ចំនួន​បាន​ឈាន​ទៅ​មុខ​មុន​ហើយ​នោះ​» ដែល​អាច​ដាក់​សម្ពាធ​លើ​ការ​លក់​រថយន្ត​។

ទន្ទឹម​នឹង​នោះ​ដែរ​ការ​ប្រកួត​ប្រជែង​កំពុង​កើនឡើង​ហើយ​កំពុង​ដាក់​សម្ពាធ​លើ​រថយន្ត​ម៉ាក​នេះ​។ គ្រាន់តែ​នៅ​សប្តាហ៍​នេះ​ក្រុមហ៊ុន​ Honda ចាប់ផ្តើម​ផលិត​រថយន្ត​ម៉ាក​ Acura MDX របស់​ខ្លួន​ដែល​ជា​គូ​ប្រជែង​ផ្ទាល់​របស់​រថយន្ត​ម៉ាក​ Grand Cherokee នៅ​រោងចក្រ​ផលិត​រថយន្ត​ទី​ពីរ​ក្នុង​រដ្ឋ Ohio ដើម្បី​ឆ្លើយតប​តម្រូវការ​។

នៅ​ប្រទេស​ចិន​ដែល​ការ​លក់​រថយន្ត​ម៉ាក Jeep បាន​កើនឡើង​ ១៣១ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៦ ហើយ​គេ​រំពឹង​ពី​កំណើន​លក់​ខ្ពស់​ទៀត​ដោយសារ​រថយន្ត​ម៉ាក​ Jeep នឹង​មាន​រថយន្ត​បី​ម៉ូ​ដែល​ខុស​គ្នា​ចេញ​លក់​ឲ្យ​អតិថិជន​ចិន​។

ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Jeep នឹង​មាន​សមត្ថភាព​ផលិត​រថយន្ត​ ៣៥ ​ម៉ឺន​គ្រឿង​នៅ​ប្រទេស​ចិន​ហើយ​អាច​ផលិត​បន្ថែម​ទៀត​តាម​កំណើន​តម្រូវការ​៕ BP

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់