Trending now

ទីបំផុតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង «សុខចិត្តចុះចេញពីតំណែង» ព្រោះទ្រាំមិនបាននឹងសម្ពាធពីមហាជន

21:43 | 14/10/2019 (ប្រភព៖ Fresh News)

រដ្ឋមន្រ្តីយុត្តិធម៌កូរ៉េខាងត្បូង ដែលទើបត្រូវបានតែងតាំងកាលពីពេលថ្មីៗនេះ បានសម្រេចចិត្តដាក់ពាក្យលាលែងពីតំណែងវិញ ដោយសារការរងសម្ពាធខ្លាំងឡើងៗ នៃរឿងអាស្រូវពុករលួយ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។

លោក ចូ គុក (Cho Kuk)

លោក ចូ គុក (Cho Kuk) ដែលត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន តែងតាំងជារដ្ឋមន្រ្តីយុត្តិធម៌នៃរដ្ឋាភិបាលលោកកាលពីខែកញ្ញាកន្លងទៅ នាថ្ងៃចន្ទនេះបានប្រកាសថា រូបលោកបានសម្រេចដាក់ពាក្យលាលែងពីតួនាទីនេះវិញហើយ ព្រោះរឿងអាស្រូវពុករលួយពាក់ព័ន្ធនឹងសមាជិកគ្រួសារលោក បានក្លាយជាបន្ទុកនយោបាយធ្ងន់ធ្ងរមួយ សម្រាប់រដ្ឋាភិបាលលោកប្រធានាធិបតី មូន ចេអ៊ីន។

លោក Cho បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនអាចដាក់បន្ទុកលើលោកប្រធានាធិបតី និងរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយសារតែរឿងអាស្រូវគ្រួសារខ្ញុំបន្តទៀតនោះឡើយ ហើយនាពេលនេះខ្ញុំជឿថា វាជាពេលសម្រាប់ឲ្យខ្ញុំត្រូវចុះចេញពីតួនាទី ដើម្បីអនុញ្ញាតឲ្យកិច្ចប្រឹងប្រែងកំណែទម្រង់ ការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងត្បូង ប្រព្រឹត្តទៅដោយរលូនហើយឆ្ពោះទៅរកភាពជោគជ័យ»។ យោងតាមលោក កាង ជីជុង (Kang Gi-jung) ទីប្រឹក្សាកំពូលរបស់លោក មូន ការសម្រេចចិត្តលាលែងពីតួនាទីរបស់លោក Cho ត្រូវបានធ្វើឡើងដោយខ្លួនលោកផ្ទាល់។

គួរជម្រាបថា ចាប់តាំងតែពី លោក Cho ត្រូវបានតែងតាំងកាលពីថ្ងៃទី០៩ ខែកញ្ញា ការតវ៉ាតាមដងផ្លូវក៏បានកើតមានឡើង នៅចំពោះមុខការស៊ើបអង្កេតពីសំណាក់ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ទៅលើការវិនិយោគទុករបស់គ្រួសារលោក ព្រមទាំងមធ្យោបាយ នៃការចូលសិក្សានៅសាកលវិទ្យារបស់កូនៗរបស់លោកផងដែរ។

រឿងអាស្រូវជុំវិញគ្រួសារលោក Cho Kuk បូករួមជាមួយការមិនពេញចិត្តរបស់មហាជន ចំពោះស្ថានភាពសេដ្ឋកិច្ចកូរ៉េខាងត្បូង ក៏ដូចជាការជាប់គាំងនៃកិច្ចប្រឹងប្រែង កសាងទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង បានបណ្តាញឲ្យប្រជាប្រិយភាពរបស់លោក មូន ធ្លាក់ចុះគួរឲ្យកត់សម្គាល់។ បើតាមលទ្ធផលស្ទង់មតិចុងក្រោយគេបំផុត លោក មូន ទទួលបានសំឡេងគាំទ្រតែ ៤១.៤ភាគរយប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីឆ្នាំ២០១៧៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម