Trending now

WHO ចេញមុខបញ្ជាក់ការពិត ជុំវិញការទទួលបានព័ត៌មានដំបូងបំផុត អំពីការផ្ទុះវីរុសកូរ៉ូណាថ្មី (COVID-19)

14:18 | 04/07/2020

អង្គការសុខភាពពិភពលោក (WHO) បានធ្វើបច្ចុប្បន្នភាពឡើងវិញ​នូវរបាយការណ៍ ជុំវិញតំណាក់កាលដំបូងនៃវិបត្តិ COVID-19 ជាមួយការបញ្ជាក់ថា ខ្លួនទទួលបានការព្រមានពីការផ្ទុះឡើងដំបូង នៃករណីជំងឺរលាកផ្លូវដង្ហើមនៅក្នុងទីក្រុងវូហាន ដោយការិយាល័យរបស់ខ្លួន នៅក្នុងប្រទេសចិន មិនមែនពីអាជ្ញាធរចិននោះទេ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។

WHO ចេញមុខបញ្ជាក់ការពិត ជុំវិញការទទួលបានព័ត៌មានដំបូងបំផុត អំពីការផ្ទុះវីរុសកូរ៉ូណាថ្មី (COVID-19)

អង្គការសុខភាពពិភពលោក ត្រូវបានលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចោទប្រកាន់ថា បានបរាជ័យក្នុងការផ្ដល់ព័ត៌មានចំាបាច់នានា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ឲ្យបានទាន់ពេល ហើយថែមទាំងចាត់ទុកទីភ្នាក់ងារសុខាភិបាល​នៃអង្គការសហប្រជាជាតិមួយនេះ ថាជាអាយ៉ងរបស់ចិនថែមទៀត។ ប៉ុន្តែ WHO បានទាត់ចោលការចោទប្រកាន់ទាំងនេះ។

កាលពីថ្ងៃទី០៩ ខែមេសាកន្លងទៅ អង្គការ WHO បានចេញផ្សាយព័ត៌មានពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មី (COVID-19) ជាការឆ្លើយតបទៅនឹងការរិះគន់ដែលថា អង្គការមួយនេះមានភាពយឺតយ៉ាវ​ឆ្លើយតបទៅនឹងការផ្ទុះឡើង នៃវីរុសដ៏កាចសាហាវមួយនេះ​តាំងតែពីដើមទី។ WHO ធ្លាប់បាននិយាយដែរថា គណៈកម្មការសុខាភិបាលទីក្រុងវូហាន នៃខេត្ត ហឺប៉ី (Hubei) កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺជាអ្នករាយការណ៍ពីករណីជំងឺរលាកផ្លូវដង្ហើម តែមិនបានបញ្ជាក់លម្អិតថា តើនរណាជាអ្នកជូនដំណឹង ឬព្រមានពីជំងឺនេះនោះទេ។

នៅថ្ងៃទី២០ ខែមេសា ប្រមុខអង្គការ WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានប្រាប់អ្នកសារព័ត៌មានថា ករណីវីរុសកូរ៉ូណាថ្មីដំបូង ត្រូវបានរាយការណ៍នៅក្នុងប្រទេសចិន តែនៅតែមិនបានបញ្ជាក់ឱ្យច្បាស់ថា តើរបាយការណ៍បានពីអាជ្ញាធរចិនផ្ទាល់ ឬក៏ប្រភពណាមួយឡើយ។ ប៉ុន្តែនៅក្នុងការធ្វើបច្ចុប្បន្នភាព លើរបាយការណ៍កន្លងមករបស់ខ្លួន ដែលបានចេញផ្សាយនៅក្នុងសប្ដាហ៍នេះ WHO អាចបញ្ជាក់បានថា គឺការិយាល័យរបស់ខ្លួននៅក្នុងប្រទេសចិនទៅវិញទេ ដែលជាអ្នកបានជូនដំណឹង និងព្រមានពីការផ្ទុះឡើង នូវជំងឺរលាកផ្លូវដង្ហើមនៅក្នុងទីក្រុងវូហាន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីបានឃើញសេចក្ដីថ្លែងការណ៍មួយនៅលើ គេហទំព័រគណៈកម្មាការសុខាភិបាលទីក្រុងវូហាន។

ក្រោយមកទៀត WHO បានសាកសួរក៏ដូចជាស្នើសុំពីអាជ្ញាធរចិន នូវព័ត៌មានពាក់ព័ន្ធនឹងជំងឺរលាកផ្លូវដង្ហើម ចន្លោះពីថ្ងៃទី០១ និងទីថ្ងៃទី០២ ខែមករា ដើមឆ្នាំ២០២០ ហើយអាជ្ញាធរចិនបានផ្ដល់ព័ត៌មានឱ្យ WHO វិញ នៅថ្ងៃទី០៣ ខែមករា។ ដោយឡែកជុំវិញការធ្វើបច្ចុប្បន្នភាពលើរបាយការណ៍នេះដែរ នាយកផ្នែកសង្រ្គោះបន្ទាន់ WHO លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីចំងាយនៅថ្ងៃទី០៣ ខែកក្កដានេះថា បណ្ដាប្រទេសជាច្រើនមានរយៈពេល ២៤-៤៨ម៉ោង ដើម្បីផ្ទៀងផ្ទាត់ជាផ្លូវការ អំពីព្រឹត្តិការណ៍ដែលបានកើតឡើង ហើយអាចផ្កល់ព័ត៌មានបន្ថែមមកឱ្យ WHO វិញអំពីប្រភព និងមូលហេតុដែល ដែលវីរុសកូរ៉ូណាថ្មីផ្ទុះឡើង។ លោក Ryan បន្ថែមថា អាជ្ញាធរចិនបានទំនាក់ទំនងមកកាន់ WHO ភា្លមៗនៅពេលដែល WHO ស្នើសុំផ្ទៀងផ្ទាត់របាយការណ៍ឡើងវិញ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសប្រទេសរបស់លោក ដែលជាអ្នកចូលចំណែកវិភាគទានដ៏ធំរបស់ WHO នឹងកាត់ផ្ដាច់ទំនាក់ទំនងជាមួយ​ទីភ្នាក់សុខាភិបាលអង្គការសហប្រជាជាតិមួយនេះ ដោយចោទថា មានភាពលម្អៀងទៅរកចិន និងមិនមានសមត្ថភាពដោះស្រាយ ការឆ្លងរាតត្បាត COVID-19 បើទោះជា WHO បដិសេធជាច្រើនលើកក៏ដោយ៕

(ប្រភពព័ត៌មាន: freshnews)

Tags: WHO COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ