Trending now

Binh Phuoc - តំបន់ដីទេសចរណ៍រហោស្ថានគួរឲ្យទាក់ទាញ

13:39 | 29/03/2021

Binh Phuoc គឺជាខេត្តមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ដែលល្បីឈ្មោះដោយមានដងព្រៃឈើដ៏ធំល្វឹងល្វើយ ដែលមានទេសភាពធម្មជាតិរហោស្ថាននិងតំបន់ប្រវត្តិសាស្ត្រដែលមានមនុស្សតិចតួចណាស់ស្គាល់ដល់។ សោភណ្ឌភាពរបស់ខេត្ត Binh Phuoc មានទីវាលល្ហល្ហេវ ហើយកំពុងលេចឡើងជាកន្លែងគួរឱ្យចាប់អារម្មណ៍សម្រាប់ការទស្សនានិងស្វែងរករបស់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។

ព្រៃកៅស៊ូ Bu Dang (រូបថត៖ xomnhiepanh.com)

មកដល់ខេត្ត Binh Phuoc អ្នកទេសចរអាចជ្រើសរើសជិះឡានក្រុងឬដើរលេងកំសាន្តដោយម៉ូតូ។ នៅតាមដងផ្លូវនានា ក្នុងខេត្ត Binh Phuoc អ្នកទេសចរអាចគយគន់ នូវដងព្រៃកៅស៊ូដ៏ធំល្វឹងល្វើយ។ Binh Phuoc មានទន្លេធំៗ ដូចជា ទន្លេ Dong Nai ទន្លេ Be, ទន្លេ Sai Gon ហូរកាត់គួបផ្សំនឹងទូលភ្នំខ្ពង់រាបបានបង្កើតបឹងនិងទឹកជ្រោះសែនមនោរម្យ។ នៅទីនោះក៏មានទេសភាពដ៏អស្ចារ្យជាច្រើនដែលត្រូវបានលាក់នៅក្នុងព្រៃធំ ៗ ដូចជាឧទ្យានជាតិ Bu Gia Map, ឧទ្យានជាតិ Tay Cat Tien, ភ្នំ Ba Ra ... ក្នុងនោះឧទ្យានជាតិ Bu Gia Map ដែលមានផ្ទៃដីជាង ២៦.០០០ ហិកតា គឺជាកន្លែងគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ ពីព្រោះទីនេះមានរុក្ខជាតិចម្រុះនិងសម្បូរបែបហើយជាកន្លែងប្រមូលផ្ដុំពពួកសត្វច្រើនប្រភេទនៃតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីនោះមានព្រៃស្រោង ដែលជាផ្នែកមួយនៃមណ្ឌលទុកបម្រុងជីវៈចម្រុះសួនឧទ្យានជាតិ Cat Tien។ តំបន់ព្រៃស្រោងមានទីតាំងស្ថិតនៅខេត្ត Binh Phuoc និងចំណុះស្រុកចំនួនពីរគឺ Bu Dang និង Dong Phu។ នេះជាកន្លែងអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃត្រូពិចធំជាងគេនៅវៀតណាម។ ហើយកន្លែងនេះមានទេសភាពស្រស់បំព្រង ដោយមានពពួកសត្វច្រើនប្រភេទ ដូចជា គោព្រៃ គោ Bonten និងក្ងានស្លាបពណ៌សជាដើម។

នៅស្រុក Bu Dang មានកន្លែងគួរឲ្យចាប់អារម្មណ៍មួយសម្រាប់ភ្ញៀវទេសចរណ៍មកស្វែងយល់គឺនោះគឺវាលស្មៅ Bau Lach ស្ថិតក្នុងឃុំ Dong Nai។ នៅចំកណ្តាលជួរភ្នំនិងព្រៃឈើដ៏ធំល្វឹងល្វើយ បានលេចឡើងវាលស្មៅនិងបឹង ដែលភ្ជាប់គ្នាបង្កើតឡើងវាលស្មៅប្រហែល ៥០០ ហិកតា ដែលមានវាលស្មៅធំនិងតូចចំនួន ២០ ផ្សេងគ្នា។ មានវាលស្មៅខ្លះមានទំហំត្រឹមតែ ៥ - ១០ ហិកតា ប៉ុណ្ណោះ ប៉ុន្តែក៏មានវាលស្មៅខ្លះមានផ្ទៃដីជិត ១៤០ ហិកតា ផងដែរ។ ពេលដើរកំសាន្តនៅតាមវាលស្មៅ អ្នកទេសចរនឹងបានប្រទះឃើញទឹកជ្រោះ ដូចជាទឹកជ្រោះ Dung, ទឹកជ្រោះ Pan Toong, ទឹកជ្រោះ Bu Xa និងទឹកជ្រោះដំរី ផងដែរ។ នៅដើមរដូវប្រាំង វាលស្មៅនៅ Bu Lach បានប្រែជាពណ៌ទៅជាពណ៌លឿង ហើយផ្កាព្រៃជាច្រើនប្រភេទបានបង្អូតសម្រស់ចម្រុះពណ៌។ នៅចុងរដូវប្រាំង វាលស្មៅទាំងមូលប្រែជាពណ៌លឿងភ្លឺ ប៉ុន្តែត្រឹមតែក្រោយភ្លៀងមួយមេប៉ុណ្ណោះ វាលស្មៅទាំងអស់ហាក់ដូចជាបានគ្របដណ្តបដោយពណ៌បៃតងខៀវស្រងាត់គួរឲ្យគយគន់ណាស់។ លោក Do Minh Trung អនុប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ Binh Phuoc បានឲ្យដឹងថា៖ “Binh Phuoc មានទីតាំងភូមិសាស្រ្តអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ Binh Phuoc មានប្រភពធនធានទេសចរណ៍យ៉ាងសម្បូរបែប ដូចជា ព្រៃស្រោង ភ្នំ បឹងនិងទឹកជ្រោះ ហើយខេត្តមានទីតាំងជាច្រកចេញចូល ទីក្រុងហូជីមិញនិងជាច្រកផ្លូវសម្រាប់បណ្តាខេត្ត Tay Nguyen។ Binh Phuoc តែងតែផ្តោតលើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ដូចជា អេកូទេសចរណ៍និងទេសចរណ៍ត្រឡប់រកប្រភពដើម។ យើងខ្ញុំមានបំណង ទទួលភ្ញៀវទេសចរមកទស្សនាខេត្ត Binh Phuoc ហើយខេត្តក៏កំពុងស្នើយន្តការគោលនយោ បាយពិសេសមួយសម្រាប់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្ត Binh Phuoc ផងដែរ”

វាលស្មៅ Bu Lach (រូបថត៖ vnexpress)

Binh Phuoc មិនត្រឹមតែជាកន្លែងដែលត្រូវបានស្គាល់ដល់ជាតំបន់របស់ដើមស្វាយចន្ទីប៉ុណ្ណោះទេ ហើយបានត្រូវបានស្គាល់ដល់ជាតំបន់ដែលមានវប្បធម៌យូរអង្វែងទៀតផង។ ទីនេះមានទីស្ថានវត្ថុបុរាណវិទ្យាជាច្រើន ដែលត្រូវបានរកឃើញនិងស្រាវជ្រាវ និងមានអាយុកាល ២.០០០ ឆ្នាំមកហើយ ដូចជា៖ រនាតថ្ម កំពេងបុរាណ ឧបករណ៍ថ្មនិងគ្រឿងភាជន៍ដែលជាកម្មសិទ្ធិរបស់អារ្យធម៌បុរេប្រវត្តិ។ ក្រៅពីនេះ ខេត្តក៏មានបេតិកភណ្ឌប្រវត្តិសាស្រ្តបដិវត្តជាច្រើនទាក់ទងនឹងការតស៊ូរំដោះប្រទេសជាតិ។ កន្លែងដែលអ្នកទេសចរមិនអាចរំលងបានឡើយពេលមកទស្សនាខេត្ត Binh Phuoc នោះគឺបេតិកភណ្ឌមូលដ្ឋានបោះទ័ព Ta Thiet ជាទីបញ្ជាការដ្ឋានកងទ័ពរំដោះវៀតណាមខាងត្បូង តាំងពីឆ្នាំ ១៩៧២ ដល់ឆ្នាំ ១៩៧៥ ដែលត្រូវបានគេស្គាល់ថាជា “ព្រៃរដ្ឋាភិបាល” មានទីតាំងនៅភូមិ Ta Thiet ឃុំ Loc Thanh ស្រុក Loc Ninh។

កន្លែងប្រវត្តិសាស្ត្រមួយទៀតដែលត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិ ដែលអ្នកទេសចរគួរទៅទស្សនា គឺទីស្នាក់ការរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូង។ ទីតាំងនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩១១ សម្រាប់ទទួលស្វាគមន៍គណៈប្រតិភូការទូតក្នុងនិងក្រៅប្រទេស ដែលកានោះមានឈ្មោះថា “វិមាន Giao te”។ នៅឆ្នាំ ១៩៧៣ ទីនេះបានព្រព្រឹត្តទៅនូវកិច្ចប្រជុំយោធា ៤ ភាគី រួមមាន៖ គណៈប្រតិភូយោធានៃរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូង, តំណាងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម, តំណាងគណៈប្រតិភូយោធាសហរដ្ឋអាមេរិក និងតំណាងគណៈប្រតិភូយោធានៃសាធារណរដ្ឋវៀតណាម សំដៅពិភាក្សាអំពីការអនុវត្តលក្ខខណ្ឌដែលបានចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមការឃ្លាំមើលរបស់គណៈកម្មការអន្តរជាតិផងដែរ។

សាលប្រជុំនៃបញ្ជាការដ្ឋានកងទ័ពរំដោះវៀតណាមខាងត្បូងនៅមូលដ្ឋានយោធា Ta Thiet

បច្ចុប្បន្ននេះ Binh Phuoc មានផលិតផលទេសចរណ៍ចំនួន ៤ ប្រភេទ ត្រូវបានធ្វើអាជីវកម្មនិងអភិវឌ្ឍដូចជា៖ ទេសចរណ៍អេកូឡូស៊ី ទេសចរណ៍វប្បធម៌ ទេសចរណ៍ខាងព្រលឹងវិញ្ញាណនិងទេសចរណ៍ចុងសប្តាហ៍។ សម្រាប់វិស័យទេសចរណ៍ខាងព្រលឹងវិញ្ញាណ អ្នកទេសចរអាចទស្សនាវត្តខ្មែរដែលបានកសាងឡើងក្នុងឆ្នាំ ១៩៣១ នៅស្រុក Loc Ninh ដែលមានព្រះពុទ្ធសាសនាថេរវាទ តាមរយៈ ពិធីបុណ្យប្រពៃណី ស្ថាបត្យកម្ម រូបចម្លាក់ គំនូរ និងតន្ត្រីជាដើម។ ឬទៅទស្សនាភូមិ Bom Bo នៃ ស្រុក Bu Dang ជាកន្លែងដែលមានជនជាតិភាគតិច S’tieng រស់នៅ ដើម្បីរំលឹកឡើងវិញនូវអំឡុងពេលដ៏គួរឲ្យចងចាំរបស់ជនជាតិ S'tieng ក្នុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយបណ្តែតអារម្មណ៍ជាមួយសម្លេងគងឃ្មោះ ផឹកស្រាពាងរីករាយពិសារសាច់អាំង រាំរបាំជាមួយយុវជននិងយុវនារី ហើយស្តាប់អ្នកចាស់ជរាក្នុងភូមិប្រាប់រឿងរ៉ាវអំពីភូមិ Bom Bo នៅក្បែរដំភ្លើង។ លោក Doan Quy អ្នកទេសចរនៅទីក្រុងហូជីមិញបានចែករំលែកថា៖ “តំបន់ដី Binh Phuoc នៅតែមិនទាន់ត្រូវបានគេស្គាល់ដល់ច្រើននៅឡើយទេ ពីព្រោះវិស័យទេសចរណ៍នៅទីនេះមិនទាន់មានការអភិវឌ្ឍ។ ថ្វីត្បិតដូច្នេះក៏ដោយ ធម្មជាតិនៅទីនេះគឺរហោស្ថាន សាមញ្ញដែលអ្នកទេសចរងាយចាប់អារម្មណ៍។ កន្លែងដែលយើងចង់ស្គាល់ ចង់ស្វែងយល់ដូចជាទស្សនាព្រៃ Cat Tien ទស្សនាភូមិនានារបស់ជនជាតិភាគតិចនៅទីនេះជាដើម”

Binh Phuoc មានក្រុមជនជាតិភាគតិចរស់នៅមួយចំនួនធំ ដូចជាជនជាតិ M’nong, S’tieng, Ma, Chau នោះហើយជាហេតុធ្វើឱ្យមានពិធីបុណ្យដ៏សម្បូរបែបនិងប្លែកៗជាច្រើន ដែលរួមចំណែកលើកស្ទួយសម្រស់វប្បធម៌ប្រពៃណីនៃដីក្រហមពោរពេញដោយជីជាតិ។ មកទស្សនា Binh Phuoc ភ្ញៀវទេសចរក៏អាចពិសារម្ហូបដ៏វិសេសវិសាលរបស់ប្រជាជននៅទីនេះ ដូចជា ត្រួយផ្តៅអាំង ជាមុខម្ហូបដែលមិនអាចខ្វះបាននៅក្នុងពេលបាយប្រចាំថ្ងៃរបស់ជនជាតិ S’tieng៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ