Trending now

សេចក្តីថ្លែងការណ៍រួមវៀតណាម - កម្ពុជាស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន

19:10 | 05/10/2019

យុគសម័យ - កាលពីថ្ងៃទី ៥ ខែតុលា សាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ ០៥ ខែតុលា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចតេជោហ៊ុនសែន បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា (រូបថតៈ VGP)

សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងវៀតណាម មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

១៖ តាមការអញ្ជើញរបស់ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី០៤-០៥ ខែតុលា ឆ្នាំ២០១៩។

២៖ ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាជាមួយ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម និងបានជួបសម្តែងការគួរសមជាមួយលោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងបានជួបសម្តែងការគួរសមជាមួយ លោកស្រី ង្វៀន ធី គីមងិន ប្រធានរដ្ឋសភាជាតិវៀតណាម ព្រមទាំងបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កានៅមណ្ឌបអនុស្សាវរីយ៍វីរបុរសជាតិ និងវិមានតម្កល់សព ហូ ជីមិញ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តី ង្វៀន សួនហ្វ៊ុក បានធ្វើជាសហប្រធានក្នុងសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម និងបានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន រួមមាន៖

(១)៖ កិច្ចព្រមព្រៀងផ្តល់ជំនួយ លើគម្រោងសាងសង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
(២)៖ កិច្ចព្រមព្រៀងផ្តល់ជំនួយ សម្រាប់ការសាងសង់សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវាកម្មព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។
(៣)៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើការងារគយ។
(៤)៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។
(៥)៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម នៅតាមព្រំដែន។
(៦)៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់ ទទួលផ្សារគំរូព្រំដែនកម្ពុជា (នៅខេត្តត្បូងឃ្មុំ)។
(៧)៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការលើវិស័យថាមពលអគ្គិសនី។
(៨)៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។

៣៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តី ង្វៀន សួនហ្វ៊ុក បានធ្វើជាសហប្រធាន ក្នុងសន្និសីទស្តីពីការពិនិត្យឡើងវិញ លើការងារខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម តាំងពីឆ្នាំ២០០៦ និងពិធីចុះហត្ថលេខាលើឯកសារច្បាប់ចំនួន០២ ទាក់ទងនឹងបញ្ហាព្រំដែន រួមមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង (២)៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

៤៖ ភាគីទាំងពីរបានយកចិត្តទុកដាក់ជាពិសេស ចំពោះការចុះហត្ថលេខានៃឯកសារច្បាប់ទាំងពីរ ដែលទទួលស្គាល់ពីវឌ្ឍនភាពនៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់បច្ចុប្បន្ន (ប្រមាណ៨៤%) និងបានបញ្ជាក់ជាថ្មីថា សកម្មភាពនេះបានរំលឹកនូវ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោក រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពផងដែរក្នុងការបញ្ចប់នូវការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន លើកំណាត់ព្រំដែនដែលនៅសេសសល់ នាពេលអនាគតឆាប់ៗនេះ។

៥៖ ភាគីទាំងពីរបានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការពិនិត្យឲ្យបានពេញលេញនូវសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រងព្រំដែនដោយផ្អែកលើយន្តការ និងក្របខណ្ឌច្បាប់ដែលមានស្រាប់ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាពស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

៦៖ ក្នុងបរិយាកាសមិត្តភាព ការយោគយល់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ព្រមទាំងសម្រេចបានជំហររួមគ្នាយ៉ាងសំខាន់ ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម និងការសម្របសម្រួលរវាងប្រទេសទាំងពីរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។

៧៖ ភាគីទាំងពីរបានកត់សម្គាល់ ដោយពេញចិត្តចំពោះសមិទ្ធផលសេដ្ឋកិច្ច និងសង្គម គួរឲ្យកត់សម្គាល់ដែលកម្ពុជា និងវៀតណាម សម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរបានរក្សានូវស្ថិរភាពនយោបាយ និងសន្តិសុខ បានបង្កើនការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន និងបានធ្វើឲ្យប្រសើរនូវជីវភាពរស់នៅ របស់ប្រជាជន ដែលរួមចំណែកដល់ការបន្តពង្រឹងតួនាទី និងជំហររបស់ខ្លួននៅក្នុងតំបន់ និងនៅលើពិភពលោក។ ក្នុងសា្មរតីនេះ ភាគីទាំងពីរបានឯកភាពរក្សាការគាំទ្រ និងជួយគ្នាទៅវិញទៅមក និងបន្តផ្លាស់ប្តូរឧត្តមម្មានុវត្តន៍ សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងសមាហរណកម្មអន្តរជាតិ ក្នុងបរិបទពិភពលោកថ្មី។

៨៖ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តថា ចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីដ៏យូរអង្វែង រវាងវៀតណាម និងកម្ពុជា ដែលបានកសាងឡើងក្រោមការប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ បានក្លាយជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃ។ ភាគីទាំងពីរបានអះអាជាថ្មី នូវការប្តេជ្ញាចិត្ត ដើម្បីរក្សា បណ្តុះ និងពូនជ្រំរួមគ្នានូវទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម និងលើកកម្ពស់ទៅកម្រិតថ្មី ដែលផ្អែកលើការទុកចិត្ត ផ្នែកនយោបាយសមធម៌ ផលប្រយោជន៍ ការគោរព និងការគាំទ្រគ្នាទៅវិញទៅមក ក្រោមបាវចនា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សិ្ថរភាពយូរអង្វែង»។

៩៖ ភាគីទាំងពីរបានឯកភាព ធ្វើឲ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការបង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងកំរិតខ្ពស់ រក្សានូវយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព និងជំនួយដែលមានសារៈសំខាន់ រវាងក្រសួង/ស្ថាប័នពាក់ព័ន្ធ និងខេត្តនៃប្រទេសទាំងពីរ ក៏ដូចជាបន្តរៀបចំព្រឹត្តិការណ៍អបអរសាទរផ្សេងៗរួមគ្នា។

១០៖ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងជាប្រពៃណីដ៏ជិតស្និទ្ធ និងប្រកប ដោយប្រសិទ្ធភាព រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈវៀតណាម។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីរក្សានូវសន្តិភាព និងសន្តិសុខរួម ជាពិសេសនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ព្រមទាំងបន្តរក្សាគោលការណ៍ នៃការមិនអនុញ្ញាតឲ្យកម្លាំង ណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងសន្តិសុខ និងស្ថិរភាពរបស់ប្រទេសមួយទៀត។ ថា្នក់ដឹកនាំទាំងពីរ បានឯកភាពខិតខំបន្ថែមទៀត ក្នុងការស្រាវជ្រាវរុក រកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីនៅកម្ពុជា និងធ្វើការជិតស្និទ្ធ ដើម្បីជំរុញការជួសជុល និងការថែទាំស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅកម្ពុជា។

១១៖ ដោយទទួលស្គាល់នូវកាលានុវត្តភាពដ៏ល្អប្រពៃ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី និងការវិនិយោគនៃប្រទេសជិតខាង ភាគីទាំងពីរបានឯកភាពប្រើប្រាស់ សក្តានុពលទាំងអស់ ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទសទាំងពីរ ទៅជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី កម្ពុជា-វៀតណាម។ ភាគីទាំងពីរបានឯកភាពជំរុញការតភ្ជាប់សេដ្ឋកិច្ច រវាងប្រទេសទាំងពីរតាមរយៈការបញ្ចប់ឲ្យបានឆាប់នូវផែនការ មេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម រហូតដល់ឆ្នាំ២០៣០ និងការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួច ស្តីពីការតភ្ជាប់ការដឹកជញ្ជូន រួមទាំងអនុស្សរណៈយោគយល់គ្នា ស្តីពីយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូន សម្រាប់ឆ្នាំ ២០១៨-២០២៥ ជាមួយចក្ខុវិស័យ ឆ្នាំ២០៣០។

១២៖ ភាគីទាំងពីរបានសម្តែងនូវសេចក្តីសោមនស្ស ចំពោះការកើនឡើងគួរឲ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើង ២៤% ក្នុងឆ្នាំ២០១៨ ជាមួយទំហំទឹកប្រាក់ជាង ៤.៧ ពាន់លានដុល្លារអាមេរិក និងរំពឹងសម្រេចបានជាង៥ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ ភាគីទាំងពីរបានឯកភាពរក្សាកំណើន នៅឆ្នាំបន្តបន្ទាប់ទៀត តាមរយៈការលើកកម្ពស់វិធានការជំរុញពាណិជ្ជកម្ម និងការគាំទ្រសហគ្រាសរបស់ខ្លួន ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ជំរុញវិនិយោគ និងពាណិជ្ជកម្ម ផ្សារណាត់ និងការតាំងពិព័រណ៍ក្នុងប្រទេសនីមួយៗ។

១៣៖ ភាគីកម្ពុជាបានសម្តែងនូវការកោតសរសើរ ចំពោះវៀតណាម ដែលជាវិនិយោគិនបរទេសមួយ ក្នុងចំណោមវិនិយោគិនធំជាងគេទាំង៥ នៅប្រទេសកម្ពុជា ដោយមានគម្រោងវិនិយោគចំនួន ២១៤ ជាមួយទំហំទឹកប្រាក់វិនិយោគសរុប ៣.៣ពាន់លានដុល្លាអាមេរិក។ ភាគីកម្ពុជាបានសន្យាជំរុញការអនុវត្តរាល់វិធានការ លើកកម្ពស់ការវិនិយោគ និងបង្កើតបរិយាកាសអំណោយផល សម្រាប់ធុរកិច្ចបរទេស រួមទាំងធុរកិច្ចមកពីប្រទេសវៀតណាម ដើម្បីរក្សាប្រតិបត្តិការប្រកប ដោយប្រសិទ្ធិភាព និងពង្រីកការវិនិយោគនៅកម្ពុជា។

១៤៖ ភាគីកម្ពុជាសម្តែងនូវការដឹងគុណ និងអរគុណចំពោះជំនួយរបស់ភាគីវៀតណាម ក្នុងការបណ្តុះបណ្តាល ការកសាងសមត្ថភាព និងជំនួយឥតសំណង រយៈពេលច្រើនឆ្នាំកន្លងមកនេះ។ ភាគីទាំងពីរបានឯកភាពអនុវត្តគំរោងជំនួយនានា ឲ្យបានទាន់ពេលវេលា និងបន្តស្វែងរកវិធី និងមធ្យោបាយផ្សេងៗ ដើម្បីធ្វើឲ្យកាន់តែប្រសើរនូវប្រសិទ្ធភាព នៃជំនួយវៀតណាមចំពោះកម្ពុជា។

១៥៖ ភាគីទាំងពីរបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ដែលមានសក្តានុពលសំខាន់ៗ ដូចជាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ទេសចរណ៍ អាកាសចរណ៍ ធនាគារនិងហិរញ្ញវត្ថុ កសិកម្មប្រើបច្ចេកវិទ្យាទំនើប កសិកម្មនិងការកែច្នៃផលិតផលកសិ-រុក្ខាប្រមាញ់ និងនេសាទ និងការថែទាំសុខភាព ជាដើម។ ភាគីទាំងពីរបានជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងសងខាង ឲ្យប្រើប្រាស់យន្តការទ្វេភាគី ដែលមានស្រាប់ជាពិសេស គណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនេះ។

១៦៖ ភាគីវៀតណាម បានសម្តែងនូវអំណរគុណ ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តផ្តល់ការគាំទ្រ និងប្រព្រឹត្តកម្មដោយគ្មានការរើសអើង ចំពោះប្រជាជនដែលមានដើមកំណើតវៀតណាម នៅកម្ពុជា។

១៧៖ ប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសម្របសម្រួល ការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងយន្តការពាក់ព័ន្ធផ្សេងទៀត អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន ភាគីទាំងពីរបានយល់ស្របខិតខំប្រឹងប្រែងរួមគ្នា ជាមួយបណ្តារដ្ឋជាសមាជិកអាស៊ានដទៃទៀត ដើម្បីកសាងសហគមន៍អាស៊ានមួយ ដោយផ្អែកលើគោលការណ៍ច្បាប់ ការរួបរួមគ្នាសាមគ្គីភាព និងការយកប្រជាជនជាស្នូល។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានប្តេជ្ញាសម្របសម្រួលគ្នា ជិតស្និទ្ធទៅវិញទៅមក ក្នុងពេលវៀតណាម ធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ និងកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០។

១៨៖ ភាគីទាំងពីរបានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងចីរភាព ការអភិវឌ្ឍនិងការប្រើប្រាស់ធនធានទឹកទន្លេមេគង្គ ឲ្យស្របទៅតាមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកប ដោយចីរភាពអាងទឹកទន្លេមេគង្គ សេចក្តីប្រកាសខេត្តសៀមរាប ឆ្នាំ២០១៨ នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី០៣ និងសេចក្តីប្រកាសរួមឆ្នាំ២០១៨ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ និងយន្តការអនុតំបន់ ដែលមានស្រាប់ផ្សេងៗទៀត។

១៩៖ ភាគីទាំងពីរបានឯកភាពគ្នា សម្របសម្រួលក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ ដែលពាក់ព័ន្ធដើម្បីជំរុញការអនុវត្តប្រកប ដោយប្រសិទ្ធភាពនៃផែនការសកម្មភាព សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច កម្ពុជា-ឡាវ-វៀតណាម រហូតដល់ឆ្នាំ២០៣០ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ក្នុងខែមីនា ឆ្នាំ២០១៨។

២០៖ ភាគីទំាងពីរបានឯកភាពធ្វើការ ជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីឈានទៅបញ្ចប់ការចរចា កិច្ចសហប្រតិបត្តិការដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឲ្យបានឆាប់ដែលនឹងធ្វើឲ្យសុខុដុមនូវផលប្រយោជន៍ និងគិតគូរពេញលេញអំពីភាពខុសគ្នានៃកម្រិតអភិវឌ្ឍន៍ ក្នុងចំណោមប្រទេសជាសមាជិក។

២១៖ ភាគីទាំងពីរបានលើកជាថ្មី អំពីជំហររបស់អាស៊ាន ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង ដូចមាននៅក្នុងសេចក្តីប្រកាសរួមថ្មីៗនេះ ជាពិសេសសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥២។ ភាគីទាំងពីរបានលើកឡើងថា ភាពតានតឹងនាពេលថ្មីៗនេះ ត្រូវតែដោះស្រាយឲ្យបានឆាប់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។

២២៖ ថ្នាក់ដឹកនំាទាំងពីរ បានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលជាវិជ្ជមាន និងមានសារៈសំខាន់ ដែលសម្រចបានក្នុងដំណើរទស្សនកិច្ចនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម បានផ្តល់ជូនគណៈប្រតិភូ និងបានអញ្ជើញនាយករដ្ឋមន្រ្តី ង្វៀន សួនហ្វ៊ុក និងថ្នាក់ដឹកនាំវៀតណាមផ្សេងទៀត មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្រប។ ថ្នាក់ដឹកនាំវៀតណាមរីករាយ ទទួលយកការអញ្ជើញនេះ ចំណែកកាលបរិច្ឆេទជាក់លាក់ នៃដំណើរទស្សនកិច្ចនាពេលខាងមុខនេះ នឹងធ្វើឡើងតាមរយៈការទូត៕

(សរុបដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់